អានតួអត្ថបទ
អូស្រ្តាលី

ក្រុង Brisbane របស់​អូស្រ្តាលី​ជួប​គ្រោះ​ទឹកជំនន់​ដ៏ធំ​មិនធ្លាប់​មាន​តាំងពី​ជាង​១​សតវត្សរ៍

នៅ​អូស្រ្តាលី ទឹក​កំពុង​តែ​ជោរជន់​លិ​ច​ទីក្រុង​ប៊្រីសបិន (Brisbane) ដែល​ជា​ក្រុង​ដ៏ធំ​ទី៣ របស់​អូស្រ្តាលី ស្ថិត​នៅ​ក្នុង​រដ្ឋ Queensland។ ផ្ទះ​ចំនួន ៣ម៉ឺន​ខ្នង​ត្រូវ​ទឹក​ជន់​លិច។ មនុស្ស​ចំនួន ១២​នាក់​ បាន​បាត់បង់​ជីវិត និង​ ៦៧​នាក់​ផ្សេង​ទៀត កំពុង​បាត់ខ្លួន។ អាជ្ញាធរ​បាន​ព្យាករ​ថា កម្រិត​កំពស់​ទឹក​នឹង​បន្ត​កើន​ឡើង​កាន់តែ​ខ្ពស់​ថែម​ទៀត នៅ​យប់​ថ្ងៃ​ពុធ​នេះ។

ក្រុង​ប៊្រីសបិន (Brisbane) ដែល​ត្រូវ​ទឹកជន់​លិច នៅថ្ងៃ​ទី១២ មករា ២០១១
ក្រុង​ប៊្រីសបិន (Brisbane) ដែល​ត្រូវ​ទឹកជន់​លិច នៅថ្ងៃ​ទី១២ មករា ២០១១ ©REUTERS/Mick Tsikas
ផ្សាយពាណិជ្ជកម្ម

01:28

សេចក្តីរាយការណ៍​របស់ សេង ឌីណា

នៅ​ថ្ងៃ​ពុធនេះ ទីប្រជុំជន​ក្រុង​ប៊្រីសបិន ដែល​ជា​​ក្រុង​សេដ្ឋកិច្ច​ដ៏សំខាន់​របស់​អូស្រ្តាលី បាន​ក្លាយ​ទៅ​ជាស្ងាត់​ជ្រងំ ប្រៀបបាន​នឹង​​ “ទីក្រុង​ខ្មោច”។ អ្នកក្រុង​​ប៊្រីសបិន​រាប់​​ម៉ឺន​នាក់​បាន​នាំ​គ្នា​​​ភៀសខ្លួន​ចេញ​ពី​ផ្ទះ ទៅ​រកកន្លែង​ទួល ដើម្បី​គេច​ពី​ទឹកជំនន់។ ផ្ទះ​រាប់ម៉ឺន​ខ្នង​ និង​ផ្លូវ​ជាង​២ពាន់​ខ្សែ ត្រូវ​ទឹកជន់​លិច។ ចរន្ត​អគ្គិសនី​ត្រូវ​បាន​កាត់ផ្តាច់។ សេវាកម្ម​ដឹកជញ្ជូន​តាមរថយន្តក្រុង​ និង​ការ​ប្រមូលសំរាម​ត្រូវ​បាន​​ផ្អាក​ទាំងស្រុង។

អភិបាលរដ្ឋ​Queensland បាន​​ថ្លែង​ថា ​ប៊្រីសបិន​កំពុង​ប្រឈមមុខ​នឹង​ទឹកជំនន់​ដ៏ធំ​មិនធ្លាប់មាន​អស់រយៈពេល​ជាង​មួយ​សតវត្សរ៍​កន្លងមកហើយ ពោល​គឺ​ ចាប់តាំង​ពី​​ឆ្នាំ​១៨៩៣​មក។

នៅថ្ងៃ​ពុធនេះ នៅប៊្រីសបិន​ ភ្លៀង​បាន​រាំង ហើយ​មេឃ​ចាប់ផ្តើម​ស្រឡះ។ ក៏ប៉ុន្តែ អាជ្ញាធរ​បាន​​ព្យាករ​ថា ទឹកទន្លេ​នឹង​​បន្តឡើង ហើយ​នឹង​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត នៅ​យប់ថ្ងៃពុធ និង​ព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ។

លោកស្រី​ជូលៀ ហ្គីឡាដ (Julia Gillard) នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី បាន​ទៅ​ដល់​ប៊្រីសបិន ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់។ លោកស្រី​បាន​​អំពាវនាវ​ឲ្យ​ប្រជាជន​មាន​ការប្រុងប្រយ័ត្ន​ ចៀសវាង​ការធ្វើ​ដំណើរ​ចេញ​ពីផ្ទះ ប្រសិន​បើ​មិនមាន​ការ​ចាំបាច់ និង​ឲ្យ​សន្សំសំចៃ​ទឹកស្អាត ទុក​ក្នុងករណី​ការផ្គត់ផ្គង់​ទឹកស្អាត នៅ​ប៊្រីសបិន​ ត្រូវ​កាត់ផ្តាច់។

គួរ​រំឭកឡើងវិញ​ថា រដ្ឋ Queensland ដែល​ស្ថិត​នៅ​ប៉ែក​ឦសាន​អូស្រ្តាលី បាន​ទទួល​រងនូវ​គ្រោះទឹកជំនន់​ដ៏ធំ​អស់រយៈពេល​ជា​ច្រើន​សប្តាហ៍​កន្លង​មកហើយ។ ផ្ទុយ​ទៅវិញ នៅ​ប៉ែកខាង​លិច​អូស្រ្តាលី​ឯណោះវិញ បែរ​ជា​ជួប​នឹង​អាកាស​ធាតុ​ស្ងួតហួតហែង​ទៅវិញ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ