អានតួអត្ថបទ
ភូមា

អាជ្ញាធរ​ភូមា​ទទួល​ចុះឈ្មោះ​គណបក្ស​លោកស្រី​អ៊ុង សានស៊ូជី ជា​គណបក្ស​ស្របច្បាប់

នៅថ្ងៃ​អង្គារ​ ១៣ ធ្នូ ២០១១​នេះ អាជ្ញាធរ​ភូមា​បាន​សម្រេច​ទទួលស្គាល់​គណបក្ស​របស់​លោកស្រី អ៊ុង សានស៊ូជី ជា​គណបក្ស​ស្របច្បាប់​ហើយ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ New Light of Myanmar ។ នេះ​គឺ​ជា​ជំហាន​មួយទៀត សម្រាប់​បើកផ្លូវ​ឲ្យ​លោកស្រី​អ៊ុង សានស៊ូជី ចូលប្រឡូក​ក្នុង​ឆាក​នយោបាយ​ភូមា​ដោយ​ពេញលេញ​ឡើងវិញ។

លោកស្រី​អ៊ុង សានស៊ូជី ក្នុង​ពិធី​អបអរ​ខួប​២០​ឆ្នាំ​ដែល​លោកស្រី​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព ថ្ងៃ​១០ ធ្នូ ២០១១
លោកស្រី​អ៊ុង សានស៊ូជី ក្នុង​ពិធី​អបអរ​ខួប​២០​ឆ្នាំ​ដែល​លោកស្រី​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព ថ្ងៃ​១០ ធ្នូ ២០១១ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោកស្រី​អ៊ុង សានស៊ូជី ត្រូវបាន​របបសឹកភូមា​រំលាយ​ចោល កាល​ពី​ឆ្នាំ​២០១០​កន្លងទៅ ក្រោយ​ពី​គណបក្ស​នេះ​ធ្វើ​ពហិការ​មិនចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ។ ក៏ប៉ុន្តែ ​ថ្មីៗ​នេះ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​សម្រេច​​វិលត្រឡប់​ចូល​ក្នុង​ឆាក​នយោបាយ​វិញ ក្រោយ​ពី​រដ្ឋាភិបាល​​ស៊ីវិល​ភូមា​បាន​ធ្វើការ​កែប្រែ​ច្បាប់​បោះឆ្នោត បើកផ្លូវ​ឲ្យ​លោកស្រី​អ៊ុង សានស៊ូជី អាច​ឈរឈ្មោះ​បោះឆ្នោត​​ឡើងវិញ។

នៅថ្ងៃ​អង្គារ ១៣ ធ្នូ នេះ បណ្តាញ​សារព័ត៌មាន​ផ្លូវការ​ភូមា (New Light of Myanmar) បាន​ផ្សាយ​ឲ្យដឹង​ថា គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ភូមា​បាន​សម្រេច​ជា​ផ្លូវការ​ទទួល​ចុះឈ្មោះ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ជា​គណបក្ស​នយោបាយ​ស្របច្បាប់។ នេះ​មានន័យថា លោកស្រី​អ៊ុង សានស៊ូជី ប្រមុខដឹកនាំ​បក្ស​ប្រឆាំង នឹង​អាច​​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខ​។

គួរ​រំឭក​ថា លោកស្រី​អ៊ុង សានស៊ូជី ធ្លាប់​បាន​ប្រកាស​ថា លោកស្រី​នឹង​ឈរឈ្មោះ ក្នុងការ​បោះឆ្នោត​តំណាង​រាស្រ្ត ដែល​​គេ​រំពឹង​ថា នឹង​ត្រូវ​គេ​រៀបចំ​ធ្វើ​នៅ​ដើមឆ្នាំ​ក្រោយ។ ក៏ប៉ុន្តែ រហូតមក​ទល់ពេលនេះ អាជ្ញាធរ​ភូមា​នៅមិនទាន់​កំណត់​ច្បាស់លាស់​ ​​អំពី​កាលបរិច្ឆេទ​​បោះឆ្នោត​នេះ​នៅឡើយទេ។

កំណែទម្រង់​នយោបាយ​របស់​រដ្ឋាភិបាល​ស៊ីវិល​ភូមា​​បាន​ធ្វើ​ឲ្យ​ក្រុមប្រឆាំង និង​សហគមន៍​អន្តរជាតិ​ចាប់ផ្តើម​មាន​សង្ឃឹមឡើងវិញ​ថា ថ្ងៃណាមួយ ភូមា​នឹង​អាច​ត្រឡប់​ទៅ​រក​ផ្លូវ​ប្រជាធិបតេយ្យ​វិញ ក្រោយ​ពី​ស្ថិត​ក្រោម​ការ​​គ្រប់គ្រង​ដោយ​របបសឹក​អស់រយៈពេល​ជិត​កន្លះ​សតវត្សរ៍។

ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​នយោបាយ និង​ការ​ផ្សះផ្សារ​ជាតិនេះ រដ្ឋាភិបាល​ភូមា​ក៏​បាន​ព្យាយាម​ចរចា​បញ្ចប់​សង្រ្គាម​ស៊ីវិល​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​ភូមា​ផងដែរ។ ក្រោយ​ពី​បាន​ចុះកិច្ចព្រមព្រៀង​ឈប់បាញ់​ជាមួយ​ក្រុមឧទ្ទាម​ដ៏ធំមួយ កាល​ពី​ដើមខែ​ធ្នូ​ ​ លោក​ប្រធានាធិបតី ធេន សេន ​បាន​ចេញ​បទ​បញ្ជា​មួយ កាលពីថ្ងៃ​ចន្ទ ម្សិលមិញ ឲ្យ​កងទ័ព​ភូមា​ទាំងអស់​បញ្ឈប់​រាល់​ប្រតិបត្តិការ​វាយលុក​លើ​​ក្រុមឧទ្ទាម​មួយ​ផ្សេងទៀត គឺ​ក្រុម​ឧទ្ទាម​កាឈីន (Kachin) ដែល​មាន​ទីតាំង​ នៅ​ប៉ែកខាង​ជើង​ប្រទេស​ភូមា ជាប់​នឹង​ព្រំដែន​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ