រុស្ស៊ី-ភេរវកម្ម - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 20 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 20 សីហា 2012

វិធីថ្មី សម្លាប់​ប៉ូលីស​ណា​ដែល​ស្ថិត​នៅ​ខាង​រដ្ឋអំណាច​រុស្ស៊ី

វិធីថ្មី សម្លាប់​ប៉ូលីស​ណា​ដែល​ស្ថិត​នៅ​ខាង​រដ្ឋអំណាច​រុស្ស៊ី
វិធីថ្មី សម្លាប់​ប៉ូលីស​ណា​ដែល​ស្ថិត​នៅ​ខាង​រដ្ឋអំណាច​រុស្ស៊ី

ដោយ កែវ ឆាយា

នេះ​ជា​សេចក្តី​ថ្លែងការណ៍​ធ្វើ​ដោយ​លោក​ប្រធានាធិបតី​សាធារណរដ្ឋ Ingouchie ចំណុះ​សហព័ន្ធ​រុស្ស៊ី ជាទី​ដែល​ថ្ងៃទី ១៩ សីហា​ម្សិលមិញ ភេរវជន​អត្តឃាត​បាន​បំផ្ទុះ​គ្រាប់បែក​ផ្តាច់​ជីវិត​ប៉ូលីស​អស់​៧នាក់។ ឧទ្ទិស​ដល់​សោកនាដកម្ម​នេះ ខេត្ត Ingouchie ប្រកាស​កាន់​ទុក្ខ ៣ថ្ងៃ គឺ​រហូត​ដល់​ថ្ងៃទី២២ សីហា។

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីទីក្រុងម៉ូស្គូ
 

20/08/2012 by កែវ ឆាយា

គួរ​រំលឹក​ថា សាធារណរដ្ឋ Ingouchie ក្នុង​ឋានៈ​ជា​ខេត្ត​មួយ​ចំណុះ​សហព័ន្ធ​រុស្ស៊ី ស្ថិត​នៅ​តំបន់​ភ្នំ​កូកាស ចម្ងាយ​ប្រមាណ ១.៧៥០គ.ម. ខាង​ត្បូង​ពី​រដ្ឋធានី​ម៉ូស្គូ។ ក្នុង​ចំណោម​បណ្តាជន​ខេត្ត​នោះ ប្រមាណ​កន្លះលាននាក់ ដែល​កាន់​សាសនា​អ៊ីស្លាម មាន​មិន​តិច​ទេ ពួក​ឧទ្ទាម​ដែល​ពី ១ពេល ទៅ ១ពេល រមែង​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​សងសឹក​អាជ្ញាធរ​នៅ​ទីនោះ ដែល​អនុវត្ត​តាម​បន្ទាត់​នយោបាយ​ណែនាំ​ដោយ​ម៉ូស្គូ​ខាង​រក្សា​ទុក​បូរណភាព​ដែនដី​សហព័ន្ធ​រុស្ស៊ី ពោល​គឺ​បង្ក្រាប​ឲ្យ​លឹប​ទៅ ចលនា​ផ្តាច់​ទឹកដី​នោះ ដូច​ដែល​ធ្លាប់​កើត​មាន​ជាមួយ​នឹង​ខេត្ត​ឆេឆេនី ជិត​២ទសវត្សរ៍​មុន។
 
ធាតុ​ពិត​នៃ​វីធីថ្មី​ខាង​ប្រព្រឹត្ត​អំពើ​ភេរវកម្ម គឺ​នៅ​ត្រង់ មុន​ដំបូង កាល​ពី​ម្សិលម៉្ងៃ ប៉ូលីស​ម្នាក់​ត្រូវ​បាន​ជន​ដៃ​ដល់​ដែល​មិន​រុស្ស៊ី​និយម លួច​វាយប្រហារ​លុះ​ទាល់​តែ​ក្រោយ​មក ដាច់​ខ្យល់​ស្លាប់​ទៅ នៅ​មន្ទីរពេទ្យ ដើម្បី​អន្ទង​ប៉ូលីស​ឯ​ទៀត ឲ្យ​ទៅ​ផ្តុំ​គ្នា​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​សព​នោះ។ ហើយ​ម្សិលមិញ ពេល​ដែល​មាន​ប៉ូលីស​ឯ​ទៀត រាប់​សិប​នាក់ ទៅ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​សព​ប៉ូលីស​អភ័ព្ទ​នោះ​ដែល​ជា​គ្នីគ្នា​ខ្លួន ស្រាប់​តែ​មាន​ភេរវជន​អត្តឃាត ដោយ​លាក់​គ្រាប់​បែក​វា​នៅ​ក្រោម​សម្លៀកបំពាក់ បាន​ជ្រៀត​ចូល​ទៅ​បន្លំ​ខ្លួន នៅ​ក្នុង​ចំណោម​ក្រុម​ប៉ូលីស​នោះ ហើយ​ក៏ បាន​បំផ្ទុះ​គ្រាប់បែក​វា​គ្ឌាំង​តែ​ម្តង ផ្តាច់​ជីវិត​ប៉ូលីស​នៅ​ក្បែរៗ​វា ស្លាប់​នៅ​នឹង​កន្លែង​ភ្លាម អស់ ៧នាក់ និង​របួស​១៥នាក់​ទៅ​ផង។
 
ទាក់ទង​នឹង​សោកនាដកម្ម​នេះ កាសែត Kommersant លេខ​ថ្ងៃ​នេះ ចុះ​ផ្សាយ​សំដី​សាក្សី​ម្នាក់​ដែល​នៅ​រស់ ដូច​ត​ទៅ៖ “ ក្នុង​ពិធី​បញ្ចុះ​សព​នោះ យើង​ឥត​បាន​ចាប់​អារម្មណ៍​អ្វី​ណា ទៅ​លើ​មនុស្ស​ដែល​យើង​មិន​ស្គាល់​ឡើយ ពីព្រោះ​ស្រប​នឹង​ប្រពៃណី​យើង ក្នុង​ពិធី​បែប​នេះ នរណា​ក៏​អាច​ចូលរួម​ដែរ ទោះ​បី​គេ​មិនមែន​ជា​មិត្ត ឬ​ជា​សាច់ញាតិ​អ្នកស្លាប់​ក៏​ដោយ”។ ក្រសួង​មហាផ្ទៃ Ingouchie ដែល​ប្រកាស​ថា កម្លាំង​ផ្ទុះ​នៃ​គ្រាប់បែក​នោះ គឺ​ស្មើ​នឹង​ធាតុផ្ទុះ TNT ដល់​ទៅ​១០គីឡូក្រាម កត់​សម្គាល់​ថា គ្មាន​នរណា​អាច​នឹក​ស្មាន​សោះ​ឡើយ​ថា ​ក្នុង​ពិធី​ដ៏​ក្រៀមក្រំ​បែប​នេះ អាច​មាន​មនុស្ស​ឆ្លៀត​ចូល​មក​បង្កប់​ខ្លួន ដើម្បី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏​កំសាក​យ៉ាង​ហ្នឹង។ ភេរវកម្ម​ផ្ទួន​គ្នា​បែប​នេះ មិន​ធ្លាប់​មាន​ទេ​នៅ Ingouchie កាល​ពី​មុនៗ។ ភេររវជន​អត្តឃាត​នេះ ស្រប​នឹង​លទ្ធផល​កោសលវិច័យ គឺ​ជា​មេ​ឧទ្ទាម​ម្នាក់​ឈ្មោះ Hamzat Aldiev អាយុ ៣៤ឆ្នាំ ដែល​អំណាច​សហព័ន្ធ​ស្វែង​រក​ចាប់​ខ្លួន អស់​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។
 
ទន្ទឹម​នឹង​ប្រាក់​ឧបត្ថម្ភ ៣.២០០ដុល្លារ​សម្រាប់​គ្រួសារ​ប៉ូលីស​ម្នាក់ៗ ដែល​ស្លាប់​ទៅ និង ១.៦០០ដុល្លារ សម្រាប់​ប៉ូលីស​របួស​ម្នាក់ៗ ដែល​រំលែក​ចេញ​ពី​ថវិកា​ខេត្ត Ingouchieផ្ទាល់ ក្រសួង​មហាផ្ទៃ​សហព័ន្ធ​រុស្ស៊ី ក៏​នឹង​ផ្តល់​ទៅ​ដែរ នូវ​ប្រាក់​ជំនួយ​បែប​នេះ៕

tags: រុស្ស៊ី
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close