អានតួអត្ថបទ
ឥណ្ឌា-វៀតណាម

ឥណ្ឌា ​និង​​វៀតណាម ចុះ​​កិច្ច​​ព្រម​​ព្រៀង​​យុទ្ធសាស្ត្រ ស្ដី​​ពី​​ភាព​​ជា​​ដៃ​គូ​​ការពារ​​ជាតិ​

ឥណ្ឌា​និង​វៀតណាម ចុះ​កិច្ច​ព្រម​ព្រៀង​យុទ្ធសាស្ត្រ ស្ដី​ពី​ភាព​ជា​ដៃគូ​ការពារ​ជាតិ។ ជា​កិច្ច​ព្រម​ព្រៀង​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋាភិបាល​ ឥណ្ឌា និង​សមភាគី​របស់​លោក នៅ​ថ្ងៃ​អង្គារ​ទី​២៨​តុលា​ម្សិលមិញ​។ កិច្ច​ព្រម​ព្រៀង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​លោក​ នាយក​រដ្ឋ​មន្ដ្រី​វៀតណាម នៅ​ប្រទេស​ឥណ្ឌា​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨​ខែ​តុលា។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។ REUTERS
ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រម​ព្រៀង​ចំនួន​៧ ស្ដី​ពី​យុទ្ធសាស្ត្រ ការ​ការពារ​ជាតិ និង​ភាព​ជា​ដៃ​គូ​ផ្នែក​វប្បធម៌ ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​អង្គារ​ទី​២៨​តុលា​ ដោយ​លោក​នាយក​រដ្ឋ​មន្ដ្រី​ឥណ្ឌា នរិន្ត្រ មូឌី និង​លោក​នាយក​រដ្ឋ​មន្ដ្រី​វៀតណាម ង្វៀន តាន់​យ៉ុង​។ ក្នុង​នោះ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ឥណ្ឌា​នឹង​ផ្គត់ផ្គង់​នាវា​ដល់​វៀតណាមនៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។ នេះ​ជា​ការ​បញ្ជូន​នាវា​យោធា​ដំបូង​បំផុត ពី​ឥណ្ឌា​ទៅ​វៀតណាម នៅ​ក្នុង​ពេល​ដែល​ជម្លោះ​ដែន​ទឹក​ជាមួយ​ចិន មិន​ទាន់​មាន​ភាព​ធូរ​ស្រាល​នៅ​ឡើយ​។ 

លោក​នាយក​រដ្ឋ​មន្ដ្រី​ឥណ្ឌា លោក​នរិន្ត្រ មូឌី ប្រាប់​អ្នក​សារព័ត៌មាន​ថា កិច្ច​សហការ​នៅ​ក្នុង​ការ​ការពារជាតិជាមួយ​វៀតណាម ស្ថិត​នៅ​ក្នុង​បញ្ហា​ដ៏​សំខាន់​បំផុត​របស់​ឥណ្ឌា​។ និង​ថា វា​នឹង​ត្រូវ​បាន​ពង្រីក​ឲ្យ​កាន់​តែ​ធំ​ជាង​នេះ​ទៀត នៅ​ពេល​អនាគត​។

ក្រៅ​ពី​បញ្ហា​យោធា និង​ការពារ​ជាតិ ឥណ្ឌា និង​វៀតណាម ក៏​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​ឥណ្ឌា រុក​រក​ប្រេងនៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ក្រោម​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រេង​របស់​វៀតណាម​ផង​ដែរ​។ កន្លង​មក ចិន​តែង​តែ​រិះ​គន់​ចំពោះ​កិច្ច​សហការ​​រវាង​ឥណ្ឌា​និង​វៀតណាម នៅ​ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន​ហ្គាស​ ដោយ​លើក​ឡើង​ថា ការ​រុក​រក​ប្រេង​នៅ​ឈូង​សមុទ្រ​វៀតណាម គឺ​ខុស​ច្បាប់​។ យ៉ាង​ណា​ក៏​ដោយ ឆ្លើយ​តប​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​លើក​នេះ ចិន​បែរ​ជា​និយាយ​ថា វា​មិន​ចោទ​ជា​បញ្ហា​អ្វី​នោះ​ទេ ប្រសិន​បើ​ការ​រុក​រក​នោះ ធ្វើ​ឡើង​នៅ​ក្រៅ​តំបន់​ដែល​កំពុង​មាន​ជម្លោះ​។

គួរ​ជម្រាប​ជូន​ថា ឥណ្ឌា​និង​វៀតណាម សុទ្ធ​តែ​មាន​ជម្លោះ​ដែន​អធិបតេយ្យ​ជាមួយ​ចិន​។ ឥណ្ឌា​មាន​ជម្លោះ​ព្រំ​ដែន​គោក​ជាមួយ​ចិន នៅ​តំបន់​ភ្នំ​ហិម៉ាល័យ។ ចំណែក​វៀតណាម មាន​ជម្លោះ​ដែន​ទឹក​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ ទីក្រុង​ញ៉ូដេលី និង​ទីក្រុង​ហាណូយ បាន​បង្កើន​ការ​ការពារ​ខ្លួន បើ​ទោះ​បី​ជា​ពួក​គេ ព្យាយាម​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយចិន ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​២​របស់​ពិភព​លោក​​ក៏​ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ