អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រធានាធិបតី​ថ្មី​នៃ​ឥណ្ឌូណេស៊ី​ដើម​ឡើយ ជា​អ្នក​រក​ស៊ី​លក់​គ្រឿង​សង្ហារិម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​អង្គារ​​នេះ លោក​យ៉ូកូ វីដូដូ(Joko Widodo) ត្រូវ​បាន​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ប្រកាស​ថា ជា​អ្នក​ជាប់​ឆ្នោត​ប្រធានាធិបតី​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៩​កក្កដា​កន្លង​ទៅ​នេះ។ លោក​Joko Widodo គឺ​ជា​និមិត្តរូប​នៃ​ការ​ផ្លាស់​ប្តូរ​ស៊ី​ជម្រៅ​នៅ​ក្នុង​មជ្ឈដ្ឋាន​នយោបាយ​ឥណ្ឌូណេស៊ី ដ្បិត​គាត់​ជា​មនុស្ស​​សមញ្ញ​​​ធម្មតា​ដែល​បាន​ក្លាយ​ខ្លួន​យ៉ាង​លឿន​រហ័ស​ទៅ​ជា​អ្នក​ដឹក​នាំ​កំពូល។ សូម​អញ្ជើញ​ស្តាប់​ការ​បក​ស្រាយ​របស់ ហ្សង់-ហ្វ្រង់ស័រ តាន់៖

យ៉ូកូ វីដូដូ(Joko Widodo) ហៅ យ៉ូកូវី(Jokowi)។
យ៉ូកូ វីដូដូ(Joko Widodo) ហៅ យ៉ូកូវី(Jokowi)។ RFI
ផ្សាយពាណិជ្ជកម្ម

យ៉ូកូ វីដូដូ(Joko Widodo) ហៅ យ៉ូកូវី(Jokowi) គឺ​ជា​ឈ្មោះ​របស់​ប្រធានាធិបតី​ថ្មី​នៃ​ឥណ្ឌូណេស៊ី​។​

បុរស​អាយុ​៥៣​ឆ្នាំ​រូប​នេះ​មិន​សូវ​មាន​អ្នក​ណា​ស្គាល់​ទេ​នៅ​លើ​ឆាក​អន្តរជាតិ មក​ទល់​
ពេល​នេះ។ រី​ឯ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​វិញ ទើប​តែ​បាន​ស្គាល់​មុខ​និង​បាន​ស្គាល់​ឈ្មោះ​អ្នក​នយោបាយ​ម្នាក់​នេះ​មិន​ទាន់​ទាំង​បាន​បី​ឆ្នាំ​ល្អ​ផង។

ម្ល៉ោះ​ហើយ​បាន​ជា​គេ​អាច​និយាយ​បាន​ថា ការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​របស់​លោកJokowi គឺ​ជា​ព្រឹត្តិការណ៍​មួយ​វិសេសវិសាល​សម្រាប់​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ធំ​ជាង​គេ​នៅ​ក្នុង​លោក និង​ជា​លទ្ធិប្រជាធិបតេយ្យ​ថ្មីថ្មោង​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍។

ចូរ​កុំ​ភ្លេច​ថា ឥណ្ឌូណេស៊ី​បាន​ផ្តើម​បោះ​ជំហាន​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ក្នុង​ឆ្នាំ​១៩៩៨​តែ​ប៉ុណ្ណោះ ពោល​គឺ​នៅ​ក្រោយ​ពេល​ដែល​របប​ផ្តាច់ការ​ចាស់​ដុះ​ស្លែ​របស់​
ស៊ូហារតូ(Suhato) បាន​ដួល​រលំ កិន​កម្ទេច​ដោយ​មហា​បាតុកម្ម​របស់​ប្រជាជន។

ក្នុង​អំឡុង​ពេល​តែ​១៦​ឆ្នាំ​ប៉ុណ្ណោះ លទ្ធិប្រជាធិបតេយ្យ​ឥណ្ឌូណេស៊ី​បាន​ផ្តល់​ឱកាស​ឱ្យ​
បុរស​ម្នាក់​ដែលមានអាជីពដើមជាអ្នកលក់តុទូ ដែល​មិនមែន​ចេញ​ពី​ត្រកូល​គ្រួសារ​ប្រកប​ដោយ​ឥទ្ធិពល ដែល​គ្មាន​ទ្រព្យ​សម្បត្តិ និង​ដែល​គ្មាន​បណ្តាញ​នយោបាយ​ឬ​យោធា​សោះ ក្លាយ​ជា​ប្រធានាធិបតី​បាន។

លោក​Jokowi បាន​ចូល​ប្រលូក​ក្នុង​ឆាក​នយោបាយ​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០០៥ ដោយ​បាន​ជាប់​ឆ្នោត​ជា​អភិបាល​ក្រុង​សូឡូ(Solo) មុន​នឹង​ក្លាយ​ជា​អភិបាល​រដ្ឋធានី​ហ្សាការតា​(Jakarta) នៅ​ឆ្នាំ​២០១២។ នៅ​Solo ក៏​ដូច​នៅ​Jakarta ប្រជាជន​តែង​តែ​នាំ​គ្នា​និយាយ​ថា លោក​Jokowi​ ជា​«មនុស្ស​ម្នាក់​ធម្មតា តែ​មាន​ទេពកោសល​នយោបាយ​មិន​ធម្មតា»។

មែន​ទែន​ទៅ ទេពកោសល​នយោបាយ​របស់​ប្រធានាធិបតី​ថ្មី​នៃ​ឥណ្ឌូណេស៊ី គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ឥត​ឈប់​ឈរ។ ក្នុង​នាម​ជា​អភិបាល​រដ្ឋធានី​Jakarta ក្នុង​អំឡុង​តែ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ លោក​Jokowi បាន​ចាត់​វិធានការ​មួយ​ចំនួន​ក្នុង​គោលដៅ​សម្រួល​ជីវភាព​របស់​អ្នក​ក្រីក្រ។ រួម​មាន​ជា​អាទិ៍ ការ​បង្កើន​អាហារូបករណ៍​ដល់​និស្សិត​រៀន​ពូកែ​តែ​ទ័ល​ទ្រព្យ ការ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ និង​ជា​ពិសេស​ការ​ដំឡើង​ប្រាក់​បៀវត្ស​អប្បបរមា។

ដោយ​ឡែក ប្រជាពលរដ្ឋ​នៅ​ក្នុង​រដ្ឋធានី​សរសើរ​របៀប​ដឹក​នាំ​របស់​លោក​Jokowi ដែល​
សកម្ម ស្វិត​ស្វាញ និង​គ្មាន​protocole។ ជាក់​ស្តែង លោក​តែងតែ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​
ដោយ​ផ្ទាល់​ភ្នែក ទីផ្សារ ឬ​ក៏​ស្ថាប័ន​រដ្ឋ​ផ្តល់​សេវា​សាធារណៈ ដោយ​មិន​បាន​រៀប​ចំ​ឬ​
ផ្តល់​ដំណឹង​ជា​មុន។

ប៉ុន្តែ គួរ​គូស​ញ្ជាក់​ថា ការ​ឡើង​មក​ដល់​លើ​ឆាក​នយោបាយ​ឥណ្ឌូណេស៊ី​របស់​បុរស​មាឌ​ស្គម​និង​មុខ​ជ្រុង​សឹង​ស្រដៀង​គ្នា​នឹង​លោក​Obama រូប​នេះ បាន​ប្រព្រឹត្ត​ទៅ ជួន​ចំ​ពេល​មួយ​ដែល​ប្រជាពលរដ្ឋ​ធុញ​ទ្រាន់​ខ្លាំង​នឹង​ថ្នាក់​ដឹក​នាំ​ប្រទេស។ ពិត​មែន​ហើយ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឥណ្ឌូណេស៊ី​បាន​និង​កំពុង​បន្ត​ស្គាល់​កំណើន​សេដ្ឋកិច្ច​ក្លៀវ​ក្លា។ ប៉ុន្តែ កំណើន​សេដ្ឋកិច្ច​មិន​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​មួយ​ចំនួន​ធំ​ទេ ដ្បិត​រដ្ឋ​ឥណ្ឌូណេស៊ី​ខ្វះ​ធនធាន​មនុស្ស និង​ពឹង​ពាក់​ការិយាធិបតេយ្យ​មួយ​ពុក​រលួយ​គ្មាន​ប្រសិទ្ធិភាព ដែល​មិន​ចេះ​ប្រមូល​ពន្ធដារ ហើយ​ក៏​មិន​ចេះ​ចែក​ចាយ​ដែរ ជំនួយ​សាធារណៈ​ទៅ​ឱ្យ​ប្រជារាស្ត្រ​ក្រីក្រ។

យ៉ាង​ណា​ក៏​ដោយ ឥណ្ឌូណេស៊ី​ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​មួយ​នៅ​អាស៊ី​អាគ្នេយ៍កំពុង​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​គំរូ​មួយ​ប្រកែក​មិន​បាន​សម្រាប់​បណ្តា​ប្រទេស​សមាជិក​ទាំង​ដប់​របស់​អាស៊ាន។

ក្នុង​អំឡុង​ពេល​តែ​១៦​ឆ្នាំ​ប៉ុណ្ណោះ លទ្ធិ​ប្រជាធិបតេយ្យ​បាន​ក្លាយ​ជា​ការ​ពិត​នៅ
​ឥណ្ឌូណេស៊ី ស្តែង​ចេញ​តាម​រយៈ​រូប​ភាព​ចំនួន​បី។ ទី​មួយ គឺ​ការ​ផ្លាស់ប្តូរ​ប្រធានាធិបតី​បន្ត​បន្ទាប់​គ្នា ក្នុង​ស្ថានភាព​មួយ​ស្ងប់​និង​ស្រប​ច្បាប់ជាទូទៅ។ ទី​ពីរ កងទ័ព​បាន​ក្លាយ​ជា​ស្ថាប័ន​អព្យាក្រឹត​ដែល​ស្តាប់​បង្គាប់​អំណាច​ស៊ីវិល។ និង​ទី​បី គឺ​ការ​ផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​ដ៏​សមញ្ញ​ម្នាក់​ដូច​លោកJokowi ដែល​ជា​អ្នក​ស្នេហា​យុត្តិធម៌​សង្គម​និង​ជា​អ្នក​ការពារ​ស្រទាប់​ពលរដ្ឋ​ក្រីក្រ​ក្លាយ​ខ្លួន​យ៉ាង​លឿន​រហ័ស​ទៅ​ជា​អ្នក​ដឹក​នាំ​កំពូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ