អានតួអត្ថបទ
ភូមា

អ្នកកាសែត​ភូមា​ត្រូវ​កាត់ទោស ដោយសារ​ចុះផ្សាយ​អត្ថបទ​ស្តី​ពី​ការលួច​ផលិត​អាវុធ​គីមី

នៅភូមា អ្នកកាសែត​៥​នាក់ ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំជម្រះ បន្ទាប់ពី​ពួកគេ​បាន​ចុះផ្សាយ​អត្ថបទ​ទាក់ទង​នឹង​ទីតាំង​ដែល​គេ​សង្ស័យ​មាន​ការ​លួច​ផលិត​អាវុធ​គីមី​របស់​រដ្ឋាភិបាល។ តាម​កាសែត​ផ្លូវការ​របស់​រដ្ឋ​ភូមា ដែល​ចុះផ្សាយ នៅថ្ងៃ​អាទិត្យនេះ អ្នកកាសែត​ទាំង​នោះ​ត្រូវ​ជាប់ចោទ​ពីបទ​បក​រឿងការណ៍​​សម្ងាត់​របស់​រដ្ឋ។

កាសែត​Unity ដែល​ចុះផ្សាយ​ថា អាជ្ញាធរ​ភូមា​កំពុង​សាងសង់​ទីតាំង​ផលិត​អាវុធ​គីមី
កាសែត​Unity ដែល​ចុះផ្សាយ​ថា អាជ្ញាធរ​ភូមា​កំពុង​សាងសង់​ទីតាំង​ផលិត​អាវុធ​គីមី ©irrawadi
ផ្សាយពាណិជ្ជកម្ម

សវនាការ​ស្តី​ពីការបើកកកាយ​រឿងសម្ងាត់​របស់​រដ្ឋភូមា បាន​បើក​ធ្វើ​នៅទីក្រុង​Pakokka ទីក្រុង​នៅ​ចំកណ្តាល​ប្រទេស​ភូមា ជាទី​ដែល​មាន​តាំងទី​មូលដ្ឋានទ័ព​ភូមា។ មូលដ្ឋាន​ទ័ព​ភូមា​ដែល​កាសែត​Unity បាន​សរសេរ​ចុះផ្សាយ​នៅក្នុង​អត្ថបទ​របស់ខ្លួន។ កាលពី​ដើម​ខែ​កុម្ភៈ​នេះ គណៈកម្មាធិការ​ការពារ​អ្នកកាសែត​CPJ​បាន​ទាមទារ ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នកកាសែត​ទាំង៥​រូប និង​ថា អ្នកកាសែត​មិនគួរ​ទទួល​ការគំរាមកំហែង ឬ​ចាប់ខ្លួន ដោយសារ​តែ​បាន​ចុះផ្សាយ​ដំណឹង​សំខាន់​ទាក់ទង​នឹង​បញ្ហាជាតិ ឬ​អន្តរជាតិ។

 
គណៈកម្មាធិការ​ការពារ​អ្នកកាសែត​CPJ បាន​រាយការណ៍​ថា កាសែត​ប្រចាំ​សប្តាហ៍​Unity Journal របស់​អ្នកកាសែត​ទាំង​៥​នាក់ បាន​ចុះផ្សាយ​ពី​ដំណឹង​មួយ​ដែល​ថា តាំង​ពី​ឆ្នាំ ២០០៩ អាជ្ញាធរ​ភូមា​កំពុង​កសាង បង្កើត​បណ្តាញ​រូងក្រោម​ដី ក្នុង​ទំហំដី ១២០០​ហិចតា។ កាសែត​Unity ដែល​បាន​ដកស្រង់​សំដី​ពី​កម្មករ​ធ្វើការ​នៅក្នុង​ការដ្ឋាន​សម្ងាត់​នោះ បាន​សរសេរ​ថា មូលដ្ឋាន​ទ័ព​សម្ងាត់​នឹង​ប្រើ​ក្នុង​គោលដៅ​ផលិត​អាវុធ​គីមី។

កាលពី​សប្តាហ៍មុន រដ្ឋាភិបាល​ភូមា​បាន​បដិសេធ​នឹង​ដំណឹង​ចុះផ្សាយ ដោយ​ថា ទីតាំង​ដែល​កាសែត​បាន​ចុះសរសេរ​នោះ នឹង​មិន​ត្រូវ​ប្រើ ដើម្បី​ផលិត​អាវុធ​គីមីទេ។ សូមបញ្ជាក់ថា របប​ភូមា​ដែល​បាន​ប្រែក្លាយ​ខ្លួន​ជា​រដ្ឋាភិបាល​ស៊ីវិល កាលពី​ឆ្នាំ ២០១១ តែងតែ​រុញច្រាន​ចោល​ការចោទប្រកាន់​ដែល​ថា ខ្លួន​កំពុង​លួច​ផលិត​អាវុធ​គីមី ដើម្បី​យក​ទៅ​ប្រើ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច។

អគ្គនាយក​របស់​អង្គការ​ដើម្បី​ហាមឃាត់​អាវុធ​គីមី វិញ បាន​ប្រកាស កាលពី​ខែ​ធ្នូ​កន្លងទៅ​ថា ភូមា​បាន​ប្រកាស​ត្រៀមខ្លួន ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការហាមឃាត់​អាវុធ​គីមី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ