អានតួអត្ថបទ
អ.ស.ប

អ.ស.ប​ចេញ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​អ្នកប្រមាញ់ និង​ជួញដូរ​ភ្លុកសត្វ

ការសម្លាប់សត្វ​ដើម្បី​យកភ្លុក នៅ​អាហ្វ្រិក​មិនមែន​គ្រាន់តែ​​ជាសកម្មភាព​បំផ្លាញ​​បរិស្ថាន​ប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​ក្លាយ​ជា​បទឧក្រិដ្ឋ។ កាលពី​សប្តាហ៍ ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត ចេញ​សម្រេច ជា​លើកទីមួយ​ថ្កោលទោស ដាក់​ទណ្ឌកម្ម ទៅលើ​អ្នកដែល​ប្រមាញ់​សត្វ ដើម្បីយក​ភ្លុក។ អង្គការ​ការពារ​សត្វ​ដែល​ជិតផុត​ពូជ​បាន​អបអរ ស្វាគម​គំនិតផ្តួចផ្តើម​របស់​អង្គការ​សហប្រជាជាតិ។

ប៉ូលិស​ចាប់បាន​ភ្លុក​សត្វដំរី​ពីក្រុម​ជួញដូរ​វៀតណាម និង​តូហ្គោ នៅកំពង់ផែ​Lome ក្នុង​ប្រទេស​តូហ្គោ
ប៉ូលិស​ចាប់បាន​ភ្លុក​សត្វដំរី​ពីក្រុម​ជួញដូរ​វៀតណាម និង​តូហ្គោ នៅកំពង់ផែ​Lome ក្នុង​ប្រទេស​តូហ្គោ © REUTERS/Noel Kokou Tadegnon
ផ្សាយពាណិជ្ជកម្ម

 

អ្នកដែល​ត្រូវ​ជាប់​សំណាញ់​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ គឺ​អ្នកប្រមាញ់ និង​ជួញដូរ​ភ្លុក​សត្វ ​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ តាម​ការវាយតម្លៃ​របស់​ក្រុមប្រឹក្សា​សន្តិសុខ ក្រុម​ប្រមាញ់ និង​ក្រុមជួញដូរ សត្វព្រៃ​ទាំងនោះ​ជា​អ្នកផ្តល់​លុយ​ដល់​ក្រុមប្រដាប់​អាវុធ ដែល​កំពុង​បង្ក​សង្រ្គាម សម្លាប់​មនុស្ស និង​បាន​ឆ្លៀត​កេង​យក​ចំណេញ ពី​ជម្លោះប្រដាប់​អាវុធ នៅ​អាហ្វ្រិក កណ្តាល។

អង្គការ​សហប្រជាជាតិ ដែល​មាន​តួនាទី​រក្សា​សន្តិភាព និង​សន្តិសុខ​នៅក្នុង​ពិភពលោក បាន​បោះឆ្នោត​ដាក់​ទណ្ឌកម្ម​ជាពិសេស លើ​ក្រុមឧទ្ទាម​ដែល​កំពុង​មាន​សកម្មភាព​ខ្លាំង នៅ​សាធារណរដ្ឋ​កុងហ្គោ។ ក្រុមប្រឹក្សា​សន្តិសុខ​សង្ស័យផងដែរថា ក្រុមប្រដាប់អាវុធ​អ៊ូហ្គង់ដា​ដែល​ជា​ក្រុមសាហាវ​ឃោឃៅ កំពុង​លួច​ជួញដូរ​ភ្លុក​សត្វ ដើម្បី​យកលុយមក​​ទិញ​អាវុធ។

ប្រធាន​កម្មវិធី​ការពារ​សត្វព្រៃ​ដែល​ជិតផុត​ពូជ​បាន​និយាយ​ថា នេះ​ជា​លើកទីមួយ ដែល​អ្នកប្រមាញ់ និង​អ្នកជួញដូរ​សត្វព្រៃ ធ្លាក់​ក្នុង​សំណាញ់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។ ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​មានចែង​ពី​ការរឹបអូស ផ្អឹប​ទ្រព្យ​សម្បត្តិ និង​ហាមមិន​អ្នកដែល​ស្ថិតនៅក្នុង​បញ្ជី​ខ្មៅ​ធ្វើដំណើរ​ចេញចូល​ទៅ​បរទេស។

តាមអង្គការ​ការពារ​សត្វព្រៃ WWF ចាប់តាំងពី​ឆ្នាំ ២០០៩ ទំហំ​ប្រមាញ់​សត្វព្រៃ​កាន់តែ​រីកធំ សឹង​ក្លាយ​ជា​ឧស្សាហកម្ម សម្លាប់ និង​ជួញដូរ បន្ទាប់ពី​គេ​ចាប់រឹបអូស​បាន​ភ្លុក​ច្រើន​ជាង ៥០០​គីឡូក្រាម។ នៅឆ្នាំ ២០១៣ ឆ្លៀតឱកាស​ដែល​អាហ្រ្វិកកណ្តាល​ជួបភាពវឹកវរ ក្រុមប្រមាញ់​បាន​ប្រើកាំភ្លើង​បាញ់​សម្លាប់​សត្វដំរី​២៦​ក្បាល នៅ​ក្នុងឧទ្យាន​សត្វ ដែល​ត្រូវ​បាន​ចាត់ចូល នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ អ្នកជំនាញ​បាន​វាយតម្លៃថា សកម្មភាព​សម្លាប់​សត្វ​យកភ្លុក បាន​ធ្វើ​ឲ្យ​ចំនួន​សត្វដំរី​បាន​ថយ​ចុះ​ពាក់កណ្តាល មក​នៅ​ត្រឹម​៥​សែនក្បាល បើ​ប្រៀបធៀប​នឹង​ឆ្នាំ​១៩៨០ ក្នុង​ពេល​ដែល​សត្វមាន​ភ្លុក​ផ្សេងទៀត ដូចជា​ដំរីទឹក រមាស អាច​ឈាន​ទៅរក​ការផុតពូជ។

ការជួញដូរ​ភ្លុក ជា​អាជីវកម្ម​ផ្តល់ប្រាក់​ចំណេញ​ច្រើន នាំមុខ​ការជួញដូរថ្នាំញៀន ឬ​ការផលិត​លុយ​ក្លែងក្លាយ។ អាជីវកម្ម​នេះ​ផ្តល់​ប្រាក់​ប្រមាណ​១៤​ពាន់​លាន​ដុល្លារ ដល់​ក្រុម​ប្រមាញ់ និង​ជួញដូរ។ តាម​អ្នកការទូត​ម្នាក់​របស់​ក្រុមប្រឹក្សា​សន្តិសុខ ចំណាត់​ប្រឆាំង​នឹង​សម្លាប់​សត្វព្រៃ​ត្រូវ​ធ្វើ​ទាំង​ទៅលើ​ក្រុមប្រមាញ់ និង​អ្នកដែលប្រើប្រាស់។ ប្រទេស​នៅ​អាស៊ី ដូចជា​ចិន និង​ថៃ ត្រូវ​បាន​គេ​ចាត់ទុក​ជា​ទីផ្សារ​ដ៏ធំ​ដែល​ស្រូបទិញ​ភ្លុក​ពី អាហ្រ្វិក។ ចំណែក​វៀតណាម ម៉ាឡេស៊ី កេនយ៉ា ឬ​តង់ហ្សានី ជា​កន្លែង​ឆ្លងកាត់ សម្រាប់​ក្រុម​ជួញដូរ​ភ្លុកសត្វព្រៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ