ភូមា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 23 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 23 កុម្ភៈ 2012

លោកស្រី​ប្រមុខ​បក្សប្រឆាំង​ភូមា​ទៅជាន់ដី​របស់​ជនជាតិ​ភាគតិច​ Kachin​

ពួកជនជាតិ​ភាគតិច​Kachin​កំពុង​ភៀសខ្លួន​ដោយសារ​ការវាយ​ប្រហារ​របស់​កងទ័ព​ភូមា​
ពួកជនជាតិ​ភាគតិច​Kachin​កំពុង​ភៀសខ្លួន​ដោយសារ​ការវាយ​ប្រហារ​របស់​កងទ័ព​ភូមា​
© RFI

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

លោកស្រី​ប្រមុខ​បក្ស​ប្រឆាំង​ភូមា​Aung San Suu Kyi ​កំពុង​បន្ត​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភា​មួយ​ភាគ ​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មេសា​ខាង​មុខ​នេះ។ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​កុម្ភៈ​នេះ លោកស្រី​ជ័យលាភី​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​រូប​នេះ ​ឋិត​នៅ​តំបន់​ចុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ដែល​ជា​ដែន​ដី​របស់​ពួក​ជនជាតិ​Kachin។ ​លោកស្រី​Aung San Suu Kyi​បាន​ឆ្លៀត​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​និង​ពួក​Kachin​ឈប់​បាញ់​គ្នា ​និង​បង្រួប​បង្រួម​គ្នា​ ដើម្បី​ឯកភាព​ជាតិ។​ របប​ថ្មី​ភូមា​ដែល​ដឹក​នាំ​ដោយ​លោក​ប្រធានាធិបតី​Thein Sein បាន​និង​កំពុង​បន្ត​ចរចា​ស្វែង​រក​សន្តិភាព​ជា​មួយ​ពួក​ជនជាតិ​ភាគ​តិច ​ដើម្បី​បញ្ចប់​សង្គ្រាម​ទ័ពព្រៃ​ដែល​មាន​មក​តាំង​ពី​ឆ្នាំ​១៩៤៨​ម្ល៉េះ។

សេចក្តីរាយការណ៍របស់​ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
 

23/02/2012 by តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

នៅ​ភូមា មាន​ជនជាតិ​ភាគ​តិច​ចំនួន​ជាង​៤០​សហគមន៍​ដែល​តំណាង​៣០%​នៃ​ប្រជាជន​ភូមា​ទាំង​ស្រុង។​ ក្នុង​ចំណោម​ជនជាតិ​ភាគ​តិច​ទាំង​នោះ ​រួម​មាន​ជាអាទិ៍​ពួក​Karen ​ពួក​Chan និង​ពួក​Kachin។​ តាំង​ពី​ឆ្នាំ​១៩៤៨​មក​ម្ល៉េះ ពោល​គឺ​តាំង​ពី​ភូមា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​រួច​មក ​ពួក​ជនជាតិ​ភាគ​តិច​សំខាន់ៗ ​ដូច​យ៉ាង​ពួក​Karen និង​ពួក​Kachin បាន​ចាប់​អាវុធ​ប្រយុទ្ធ​តស៊ូ​ ដើម្បី​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​ភូមា។

 
មក​ទល់​ពេល​ថ្មីៗ​នេះ​ រដ្ឋអំណាច​ភូមា​បាន​ប្រើ​មធ្យោបាយ​ធម៌​ក្តៅ​វាយ​បង្ក្រាប​យ៉ាង​សាហាវ​ព្រៃផ្សៃ​ជា​ទី​បំផុត​ទៅ​លើ​ពួក​ជនជាតិ​ភាគ​តិច​បះបោរ។ ជាក់​ស្តែង​រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ កងទ័ព​ភូមា​នៅ​បន្ត​វាយ​ប្រហារ​ទៅ​លើ​កង​កម្លាំង​ដើម្បី​ឯករាជ្យ​Kachin នៅ​ក្នុង​តំបន់​ចុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស នៅ​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​ចិន។
 
ចាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១១​មក របប​ថ្មី​ភូមា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី​Thein Sein ​បាន​និង​កំពុង​បន្ត​ចរចា​ជាមួយ​ជនជាតិ​ភាគ​តិច ដើម្បី​បញ្ចប់​សង្គ្រាម​ទ័ព​ព្រៃ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​មិន​អាច​អភិវឌ្ឍ​ទៅ​មុខ​លឿន​រហ័ស​បាន។ លទ្ធផល​នៃ​កិច្ច​ចរចា គឺ​ការ​សម្រេច​បាន​នូវ​កិច្ច​ឈប់​បាញ់​គ្នា​មួយ​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១១​រវាង​រដ្ឋាភិបាល​និង​ទ័ពព្រៃ​នៃ​ជនជាតិ​ភាគ​តិច​Chan។
 
យ៉ាង​ណា​ក៏​ដោយ ដោះស្រាយ​បញ្ហា​ជនជាតិ​ភាគ​តិច មិនមែន​ជា​រឿង​ងាយ​ស្រួល​ទេ ពីព្រោះ​រដ្ឋាភិបាល​ភូមា​មិន​អាច​បណ្តោយ​ឲ្យ​ដែនដី​ទាំង​អម្បាលម៉ាន​របស់​ពួក​ជនជាតិ​ភាគ​តិច​របូត​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ខ្លួន​ឡើយ។ ​ទន្ទឹម​នេះ​ រដ្ឋអំណាច​ភូមា​ក៏​ដឹង​ច្បាស់​ដែរ​ថា​សន្តិភាព​នឹង​មិន​អាច​កើត​ឡើង​បាន​ទេ ​បើសិន​ជា​នៅ​តែ​គ្មាន​ទេ​នោះ​ការ​ឆ្លើយ​តប​វិជ្ជមាន​សម​ស្រប​ទៅ ​នឹង​ការ​ទាមទារ​ឯករាជ្យ​ឬ​ស្វ័យភាព​របស់​ជនជាតិ​ភាគ​តិច​ទាំង​នេះ៕

tags: នយោបាយ - ភូមា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close