ពួកតាលីបង់ប្រកាសហៅឲ្យ "សម្លាប់" ទាហានបរទេស
នៅថ្ងៃព្រហស្បតិ៍ទី២៣កុម្ភៈឆ្នាំ២០១២នេះ ពួកតាលីបង់បានប្រកាសហៅឲ្យ “សម្លាប់” ទាហានបរទេសដែលមាននៅលើដែនដីអាហ្វហ្គានីស្ថាន។ ទាំងនេះក្រោយពីមានការដុតបំផ្លាញចោលនូវគម្ពីរកូរ៉ងអ៊ីស្លាមកាលពីថ្ងៃអង្គារកន្លងទៅនៅមូលដ្ឋានយោធាអាមេរិកាំងនៅ Bagram ទោះបីជាមានការសូមទោសដោយមន្ទីរប៉ង់តាហ្គោនតាំងពីថ្ងៃអង្គាររួចហើយក្តី។
“ដើម្បីការពារសន្តគម្ពីរកូរ៉ងអ៊ីស្លាម អ្នកត្រូវតែធ្វើការវាយប្រហារយ៉ាងក្លាហានទៅលើមូលដ្ឋានយោធាបរទេសឈ្លានពាន ទៅលើក្បួនរថយន្តកុងវ័រយោធា ចាប់និងសម្លាប់ វាយដុំច្រំធាក់ឲ្យមេរៀនទៅទាហានបរទេសឈ្លានពានទាំងនោះកុំឲ្យហ៊ានប្រមាថដល់ សន្តគម្ពីរកូរ៉ងអ៊ីស្លាមរបស់យើងទៀត”។ នេះជាការប្រកាសជំរុញដោយពួកតាលីបង់ដែលមាននៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបញ្ជូនទៅឲ្យទីភ្នាក់ងារព័ត៌មានបារាំង AFP ។
“ដោយហេតុថា កិច្ចការពារជីវិតនិងគ្រឿងសម្ភារៈបរិក្ខានៃប្រជាជនអ៊ីស្លាមគឺជាកាតព្វកិច្ចរបស់អ្នកកាន់សាសនាអ៊ីស្លាមគ្រប់រូប ដូច្នេះបាតុករត្រូវវាយប្រហារសំដៅតែទៅលើទាហានបរទេសឈ្លានពាននិងមូលដ្ឋានរបស់ពួកវា កុំធ្វើឲ្យប៉ះពាល់ដល់សម្បត្តិទ្រព្យរបស់ប្រជាជនអ៊ីស្លាមឡើយ”។ នេះជាការបញ្ជាក់បន្ថែមរបស់ពួកតាលីបង់។
គួរកត់សម្គាល់ថា មានជនជាតិអាហ្វហ្គានីស្ថានយ៉ាងតិច៩នាក់បានស្លាប់ និងរបួសប្រមាណ៣០ប្លាយនាក់កាលពីថ្ងៃពុធម្សិលមិញនាឱកាសបាតុកម្មជាច្រើនដែលបានរៀបចំធ្វើនៅក្នុងប្រទេសអហ្វហ្គានីស្ថាន ដើម្បីសម្ដែងការប្រឆាំងទល់នឹង ការដុតបំផ្លាញចោលនូវគម្ពីរកូរ៉ងអ៊ីស្លាមកាលពីថ្ងៃអង្គារកន្លងទៅនៅមូលដ្ឋានយោធាអាមេរិកាំងនៅ Bagram ដែលឋិតនៅចម្ងាយប្រមាណ៦០គ.ម.ខាងជើងនៃទីក្រុងកាប៊ូល។
ពាក់ព័ន្ធនឹងបញ្ហាដុតបំផ្លាញចោលនូវគម្ពីរកូរ៉ងអ៊ីស្លាមនេះ លោកឧត្តមសេនីយ Carsten Jacobson អ្នកនាំពាក្យនៃកងកម្លាំងយោធាអូតង់ប្រចាំប្រទេសអាហ្វហ្គានីស្ថានបានថ្លែងពន្យល់ថា “ការដុតបំផ្លាញចោលនូវគម្ពីរកូរ៉ងអ៊ីស្លាមកាលពីថ្ងៃអង្គារកន្លងទៅគឺជាកំហុសបណ្តាលមកពីភាពល្ងិតល្ងង់ ហើយវានឹងនាំឲ្យកើតមានជាផលវិបាកមួយដ៏ធ្ងន់ធ្ងរ”។
ចំណែកឯពួកតាលីបង់វិញ គេបានបញ្ជាក់ប្រាប់ពីជំហររបស់គេថា “យើងថ្កោលទោសយ៉ាងធ្ងន់ធ្ងរទៅលើទង្វើដុតបំផ្លាញចោលនូវគម្ពីរកូរ៉ងអ៊ីស្លាម ក៏ប៉ុន្តែ ទាំងនេះនឹងពុំប៉ះពាល់ដល់អភិក្រមនៅ Qatar ឡើយ”។
សូមបញ្ជាក់ថា ពួកតាលីបង់មានការិយាល័យប្រចាំការរបស់គេមួយនៅទីក្រុងដូហា ក្នុងគោលបំណងធ្វើការចរចាដើម្បីសន្តិភាពជាមួយសហរដ្ឋអាមេរិកដែលមានទាហានប្រមាណ១០០ ០០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ