អានតួអត្ថបទ
ភូមា

អ្នកសង្កេតការ​អាស៊ាន​អាចមក​ឃ្លាំមើល​ការបោះឆ្នោត​នៅភូមា​

ភូមា​ដែល​នឹង​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​សភា​មួយ​ភាគ​នៅ​ខែ​មេសា​ខាង​មុខ​នេះ​គ្រោង​ថា ​នឹង​ទទួល​យក​ក្រុម​អ្នក​សង្កេតការ​មក​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍។ ​នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ថ្លែងការ​មួយ​នៃ​អគ្គលេខាធិការដ្ឋាន​របស់​អាស៊ាន។ ​ព័ត៌មាន​នេះ​បាន​ធ្លាក់​មក​ដល់​ជួន​ចំ​ពេល​ដែល​លោក​អគ្គលេខាធិការ​របស់​អាស៊ាន​Surin Pitsuwan កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ភូមា។

លោកស្រីAung San Suu Kyi​ កំពុង​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​
លោកស្រីAung San Suu Kyi​ កំពុង​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ © RFI
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​ភូមា​Thein Sein បាន​ជួប​ជាមួយ​លោក​អគ្គលេខាធិការ​របស់​អាស៊ាន Surin Pitsuwan នៅ​ថ្ងៃ​អង្គារ​ទី​២១​កុម្ភៈ​នេះ។ ​គឺ​នៅ​ក្រោយ​ជំនួបប្រាស្រ័យ​នេះ​ហើយ​ដែល​អគ្គលេខាធិការដ្ឋាន​របស់​អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែងការ​មួយ​បញ្ជាក់​ថា​ ភូមា​គ្រោង​នឹង​ទទួល​យក​ក្រុម​អ្នក​សង្កេតការ​អាស៊ាន ដើម្បី​តាម​ឃ្លាំ​មើល​ការ​បោះឆ្នោត​សភា​មួយ​ភាគ​នៅ​ខែ​មេសា​ខាង​មុខ​នេះ។

 
បើ​ជា​ការ​ពិត​មែន​ ព័ត៌មាន​នេះ​ស្តែង​ឲ្យ​ឃើញ​ថា​ របប​ថ្មី​ភូមា​របស់​លោក​Thein Sein បោះ​មួយ​ជំហាន​ទៀត​យ៉ាង​ធំ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ ​តាម​រយៈ​ការ​ខ្នះខ្នែង​ធ្វើ​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។​ សូម​ជម្រាប​ថា​ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ដែល​គាំទ្រ​នយោបាយ​កែ​ទម្រង់​នៅ​ភូមា ​បាន​សន្យា​ថា​នឹង​លើក​ចេញ​បណ្តើរៗ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ បើ​សិន​ជា​ការ​បោះឆ្នោត​នៅ​ខែ​មេសា​ខាង​មុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌។

កាល​ពី​ថ្ងៃ​ចន្ទ​ទី​២០​កុម្ភៈ​ម្សិល​មិញ​នេះ អាជ្ញាធរ​ភូមា​ដែល​ដើម​ដំបូង​បាន​ហាម​មិន​ឲ្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី​Aung San Suu Kyi ​ធ្វើ​មីទីង​នយោបាយ​នៅ​ក្នុង​ពហុកីឡាដ្ឋាន ​បាន​លើក​បម្រាម​នេះ​ចេញ​វិញ​នៅ​ទី​បំផុត។ ​សូម​ជម្រាប​ថា​លោក​ស្រី​Aung San Suu Kyi ​កំពុង​បន្ត​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ ​លោក​ស្រី​ជ័យ​លាភី​រង្វាន់​ណូបែល​​ផ្នែក​សន្តិភាព​បាន​ឈរ​ឈ្មោះ​ជា​បេក្ខនារី​តំណាងរាស្រ្ត​នៅ​ក្នុង​មណ្ឌល​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​Rangoon៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ