អានតួអត្ថបទ
ភូមា

ប្រទេស​​​ភូមា​​​បដិសេធ​​ថាពុំបានរក​​បង្កើត​​អាវុធ​​នុយក្លេអ៊ែរ​​តាមរយៈ​​ជំនួយ​​កូរ៉េ​​ខាងជើង​​ឡើយ​​

លោក​ប្រធានាធិបតី​ ថេន សេន​ បាន​បដិសេធ​ជាថ្មី​ម្តងទៀត​ថា​ ​ ប្រទេស​ភូមា​ពុំបាន​រិះរក​បង្កើត​អាវុធ​នុយក្លេអ៊ែរ​តាមរយៈ​ជំនួយ​កូរ៉េខាងជើង​ ​ ដូច​ការ​សង្ស័យ​របស់​ប្រទេស​លោកខាងលិច​មួយ​ចំនួន​នោះឡើយ។​ នេះ​ជាការ​ឆ្លើយ​បដិសេធ​របស់​លោក​ ថេន សេន​ នៅ​ថ្ងៃអង្គារនេះ​ ​ នាឱកាស​ទស្សនកិច្ច​ជាផ្លូវការ​នៅ​សិង្ហបុរី។

លោក​ប្រធានាធិបតី​ភូមា​​ ថេន សេន​ (ឆ្វេង)​ និង​ លោក​ប្រធានាធិបតី​​សិង្ហបុរី​  តូនី​ តាន់ (ស្តាំ) នៅថ្ងៃទី​៣០​មករា​​ឆ្នាំ២០១២ ​
លោក​ប្រធានាធិបតី​ភូមា​​ ថេន សេន​ (ឆ្វេង)​ និង​ លោក​ប្រធានាធិបតី​​សិង្ហបុរី​ តូនី​ តាន់ (ស្តាំ) នៅថ្ងៃទី​៣០​មករា​​ឆ្នាំ២០១២ ​ Reuters
ផ្សាយពាណិជ្ជកម្ម

“យើងពុំបាន​ទិញ​សព្វាវុធ​នុយក្លេអ៊ែរ​ពី​ប្រទេស​កូរ៉េ​ខាងជើងឡើយ”​។​ នេះ​ជាការ​ថ្លែងអះអាង​ដោយ​លោក​ប្រធានាធិបតី​ភូមា​ ថេន សេន​នៅ​ក្នុង​សារព័ត៌មាន​សិង្ហបុរី​ឈ្មោះ​ “​The Straits Times”​។​ លោក​ ថេន សេន បាន​ថ្លែង​បន្ថែមទៀតថា​ ​ “ការចោទ​ប្រកាន់​របស់​លោក​ខាងលិច​គឺជា​ការចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ”​។

 
គួរបញ្ជាក់ថា​ ​ សហគមន៍​អន្តរជាតិ​បារម្ភ​ពី​ទំនាក់​ទំនង​រវាង​ទីក្រុង​ព្យុងយ៉ាង​និង​ទីក្រុង​ Naypyidaw ​ ​ ជាពិសេស​ពាក់ព័ន្ធនឹង​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​ ​ ទោះបីជា​អ្នកដឹកនាំ​ភូមា​ខិតខំ​ថ្លែង​អះអាង​យ៉ាងណា​ក៏ដោយ។

នាឱកាស​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​ភូមា​នៅដើម​ខែធ្នូ​កន្លង​ទៅនេះ​ ​ លោកស្រី​គ្លីនតុន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​ទាមទារ​ឲ្យ​របប​គ្រប់គ្រង​ភូមា​បច្ចុប្បន្ន​កាត់ផ្តាច់​ "ទំនាក់​ទំនង​មិន​ស្របច្បាប់"​ ជាមួយ​ប្រទេស​កូរ៉េ​​ខាងជើង។

លោកស្រី​គ្លីនតុន​បាន​ថ្លែង​បញ្ជាក់​​ទៀតថា​ ​ លោកស្រី​ទទួលបាន​ការធានា​អះអាង​ដ៏​ជាក់ច្បាស់​ពី​លោក​ប្រធានាធិបតី​ភូមា​ ថេន សេន​ ស្ដីពី​ការគោរព​ពាក្យសន្យា​របស់​ប្រទេស​ភូមា​ពាក់ព័ន្ធ​នឹង​បញ្ហា​មិនសាយភាយ​អាវុធ​នុយក្លេអ៊ែរ​ហើយនិង​ការគោរព​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ដែលបាន​ហាមឃាត់​ពុំឲ្យ​ប្រទេស​កូរ៉េ​ខាងជើង​នាំ​អាវុធ​ចេញ​ទៅលក់​ក្រៅ​ប្រទេស។

សូមបញ្ជាក់ថា​ ​ នៅក្នុង​របាយការណ៍​មួយ​របស់​អ.ស.ប.​នៅឆ្នាំ២០១០​បាន​ចោទ​ប្រទេស​កូរ៉េ​ខាងជើងថា​ ​ ជាអ្នក​បាន​ផ្តល់​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ ​ ស៊ីរី​ ​ និង​ប្រទេស​ភូមា។

ហើយនាឱកាស​ទស្សនកិច្ច​ជាផ្លូវការ​បួនថ្ងៃ​នៅ​សិង្ហបុរី​ លោក​ប្រធានាធិបតី​ភូមា​ ថេន សេន​ បាន​សន្យាថា​ ​ “នឹងបង្កើត​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ​មួយ​នៅ​ប្រទេស​ភូមា"។​ អ្នកដឹកនាំ​ភូមា​ចង់ឲ្យ​ប្រជាជន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​អភិក្រម​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ​ ​ ហើយនិង​ចង់ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ