ចិន-ប្រជាសាស្ត្រ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 17 មករា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 19 មករា 2012

ប្រជាជន​ចិនរស់នៅ​ក្នុងទីក្រុង​មានច្រើន​ជាង​នៅតាម​ជនបទ​

ទីក្រុង​សៀងហៃ​ដ៏ធំ​របស់​​ប្រទេស​ចិន​​ដែល​មាន​​ប្រជាជន​​ប្រមាណ​​១៨លាន​នាក់​​រស់នៅ ​
ទីក្រុង​សៀងហៃ​ដ៏ធំ​របស់​​ប្រទេស​ចិន​​ដែល​មាន​​ប្រជាជន​​ប្រមាណ​​១៨លាន​នាក់​​រស់នៅ ​
Mat Booth/ Creative Commons (by-nc)

ដោយ សៀក សារិន

ជាលើក​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេសចិន​ដែល​មាន​ប្រជាជន​ចិន​រស់នៅ​ក្នុង​ទីក្រុង​ច្រើន​ជាង​នៅ​តាម​ជនបទ។​ នេះជា​ការប្រកាស​ឲ្យដឹង​ដោយ​រដ្ឋាភិបាលចិន​នៅ​ថ្ងៃអង្គារ​ទី១៧​មករា​ឆ្នាំ២០១២។​ បើយោងតាម​តួលេខ​របស់​ការិយាល័យ​ជាតិ​ខាងស្ថិតិ​ ​ នៅចុង​ឆ្នាំ២០១១នេះ​ ​ មាន​ប្រជាជន​ចិន​ប្រមាណ​៦៩០លាន​នាក់​រស់​នៅក្នុង​ទីក្រុង​ហើយមាន​ប្រមាណ​៦៥៦លាន​នាក់​រស់​នៅ​តាម​ស្រុកស្រែចម្ការ។​ តើទាំងនេះ​បណ្តាល​មកពី​មូលហេតុ​អ្វី?

បទវិភាគរបស់​ សៀក សារិន
 

17/01/2012 by សៀក សារិន

នារយៈ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយនេះ​ ​ គេ​កត់​សម្គាល់​ឃើញ​មាន​ប្រជាជន​ចិន​កាន់តែ​ច្រើនឡើងៗ​រត់​មក​រស់នៅ​ក្នុង​ទីក្រុង។​ មូលហេតុ​ដែល​ជំរុញ​ឲ្យ​ប្រជាជន​ចិន​ធ្វើ​បែបនេះ​មានច្រើន៖

ទី១-​ បណ្តាល​មកពី​មាន​បញ្ហា​បញ្ឈប់​សមូហភាវកម្ម​ក្នុង​វិស័យ​កសិកម្ម។
ទី២-​ ឧស្សាហូបនីយកម្ម​ដែល​មាន​កាន់តែ​ខ្លាំងឡើងៗ​ក្នុង​ប្រទេសចិន​បាន​ទាក់ទាញ​ប្រជាកសិករ​ឲ្យ​រត់​មក​រស់នៅ​ក្នុង​ទីក្រុង​ដើម្បី​លក់​កម្លាំង​បម្រើ​ការងារ​ក្នុង​រោងចក្រ​ដែល​រក​ប្រាក់​បាន​ច្រើនជាង​ធ្វើការ​នៅ​តាម​ជនបទ។
 
ក្នុង​១ឆ្នាំៗ​មាន​ប្រជាជន​ចិន​ប្រមាណ​២១លាន​នាក់​ដែល​រត់​មក​រស់នៅ​ក្នុង​ទីក្រុង។​ ហេតុ​ដូច្នេះហើយ​បាន​ជា​បច្ចុប្បន្ននេះ​ មាន​ប្រជាជន​ចិន​ប្រមាណ​៦៩០លាន​នាក់​រស់​នៅក្នុង​ទីក្រុង​ដែល​តំណាង​ដល់ទៅ​៥១,២៧%​នៃ​ប្រជាជនចិន​សរុប​ដែល​មាន​១ ៣៤៧លាន​នាក់​ហើយមាន​ប្រមាណ​៦៥៦លាន​នាក់​រស់​នៅ​តាម​ស្រុកស្រែ​ចម្ការ។​ គួរកត់​សម្គាល់ថា​ ​ កាលពី​៣០ឆ្នាំមុន​ប្រជាជនចិន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​មានតែ​២០%​ប៉ុណ្ណោះ។
 
ហើយ​ប្រជាជនចិន​រស់នៅក្នុង​ទីក្រុង​នឹង​បន្ត​កើនឡើង​រហូត​ដល់ទៅ​៨០០លាន​នាក់​នៅ​រវា​ឆ្នាំ២០២០​ខាងមុខនេះ។​ នេះបើ​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​ចិន​ដែលបាន​ផ្សាយ​ឲ្យដឹង​នៅ​ខែតុលា​ឆ្នាំ២០១១​កន្លងទៅ។​ នេះ​បាន​សេចក្តីថា​ ​ នៅចុង​ទសវត្សរ៍​នេះ​ ​ នឹងមាន​ប្រជាជន​ចិន​ប្រមាណ​ជាង​១០០លាននាក់​នឹង​រត់​មករស់​នៅ​ក្នុង​ទីក្រុង​បន្ថែមទៀត។
 
បើ​នៅតែ​បែបនេះ​ ​ នៅ​រយៈពេល​២០ឆ្នាំ​ខាងមុខ​នឹងមាន​ប្រជាជន​ចិន​ដែល​រស់នៅ​ក្នុង​ទីក្រុង​តំណាង​ដល់ទៅ​៧៥%​នៃ​ប្រជាជន​ចិន​សរុប​។​ ហើយទាំងនេះ​ច្បាស់​ជា​បង្ក​បង្កើត​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​បរិស្ថាន​និង​ការអភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច​របស់​ប្រទេសចិន។
 
ការស្ទុះ​កើនឡើង​ខ្លាំង​នៃ​នគរូបនីយកម្ម​នឹង​តម្រូវ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ដ៏​សែន​ខ្លាំងក្លា​ ​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ ​ វិស័យ​ដឹកជញ្ជូន​ ​ វិស័យ​ថាមពល​ ​ និង​ការ​សម្អាត​ទឹក​សម្រាប់​ប្រើប្រាស់​.....។ល។.....
 
ការស្ទុះ​កើន​ឡើង​យ៉ាង​ឆាប់ហ័ស​នៃ​វិស័យ​នគរូបនីយកម្ម​ចិននេះ​ក៏​នឹង​បង្ក​ឲ្យ​កើតមាន​ផងទៀត​ “ភាពតានតឹង”​ រវាង​ "អ្នកក្រុង​ថ្មីថ្មោង”​ និង​ "អ្នកក្រុង​ជើងចាស់”​ ។​ ដោយហេតុថា​ ​ ​ "អ្នកក្រុង​ថ្មីថ្មោង”​ ​គ្មាន​សិទ្ធិ​ទទួលបាន​នូវ​សេវា​សង្គម​ក្នុង​វិស័យ​សុខាភិបាល​ឬ​អប់រំ​ដូច​​ "អ្នកក្រុង​ជើងចាស់”​ ឡើយ។​ ហេតុដូច្នេះហើយ​ ​ បាន​ជា​កូន​ចៅ​របស់​​ "អ្នកក្រុង​ថ្មីថ្មោង”​ បាន​ចាប់​ធ្វើការ​ទាមទារ​ឲ្យមាន​សិទ្ធិ​ដូច​កូនចៅ​"អ្នកក្រុង​ជើងចាស់”​ ក្នុងការ​ទទួលបាន​នូវ​សិទ្ធិ​សង្គម​ក្នុង​វិស័យ​សុខាភិបាល​និង​វិស័យ​អប់រំ។​ ហើយ​ស្ថានភាព​តានតឹងនេះ​ មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​នៅខណៈ​ដែលមាន​ប្រជាកសិករ​ចិន​កាន់​តែ​ច្រើន​រត់​មក​រស់នៅ​ក្នុង​ទីក្រុង។​ សូម​បញ្ជាក់ថា​ ចាប់ពី​ពេលនេះ​ទៅទល់​ឆ្នាំ២០២៥​ ប្រទេស​ចិន​អាចនឹង​មាន​ទីក្រុង​ដែល​មាន​ប្រជាជន​យ៉ាងតិច​១លាន​នាក់​រស់នៅ​ដល់ទៅ​២២១​ទីក្រុង​ ​ ហើយមាន​២៣ទីក្រុង​ដែល​មាន​ប្រជាជន​យ៉ាងតិច​៥លាន​នាក់​រស់នៅ​ ​ ទល់នឹង​ទ្វីប​អឺរ៉ុប​ទាំងមូល​ដែលមាន​ទីក្រុង​ដែល​មាន​ប្រជាជន​១លាននាក់​រស់នៅ​តិចជាង​៤០។
 
នៅក្នុង​ជំនួប​ហ្វ័ររូម​អភិវឌ្ឍន៏​សហគ្រាស​ចិន​នៅពេល​ថ្មីៗ​កន្លង​ទៅនេះ ​​ សហគ្រិន​ចិន​យល់​ឃើញថា​ ​ អភិក្រម​នៃ​នគរូបនីយកម្ម​អាច​ជា​កត្តា​វិជ្ជមាន​ជួយ​ជំរុញ​ដល់​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​របស់​ប្រទេសចិន។​ ដោយហេតុ​ថា​ ​ បើមាន​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង​កាន់តែ​ច្រើន​ ​ ទទួលបាន​ការអប់រំ​ខ្ពស់​ ​ នោះ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល​ចិន​ក៏​អាច​វិវឌ្ឍ​ទៅរក​បច្ចេកវិទ្យា​កាន់តែ​ខ្ពស់​ផងដែរ​ ​ ហើយ​ប្រាក់ចំណូល​ដែល​រកបាន​ដោយ​អ្នក​ទីក្រុង​ដែលមាន​កាន់តែ​ច្រើនឡើងៗ​ក៏​ពិតជា​បច្ច័យ​ដ៏​វិជ្ជមាន​ជួយ​ជំរុញ​វិស័យ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​របស់​ប្រទេសចិន៕

tags: ចិន - ប្រជាសាស្រ្ត
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close