អានតួអត្ថបទ
ភូមា-ចិន

តំណាង​នៃ​ប្រទេស​ចិន​ជួប​លោក​ស្រី​ប្រមុខ​បក្ស​ប្រឆាំង​ភូមា

លោក​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រ​ចាំ​នៅ​ភូមា​បាន​ជួប​ជាមួយ​លោកស្រី​ប្រមុខបក្ស​ប្រឆាំង​ភូមា​អ៊ុង សាន់​ស៊ូ​ជី។ ត៌​មាន​នេះ​​ត្រូវ​បាន​ក្រ​សួង​ការ​បរទេស​ចិន​​ទម្លាយ​ឲ្យ​ដឹង​​នៅ​​ថ្ងៃ​ព្រហស្បតិ៍​​ទី​​១៥​ធ្នូ​​នេះ​​។ ​តែ​គេ​មិន​ដឹង​ទេ​ថា​ ជំ​នួប​ប្រា​ស្រ័យ​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​នៅ​ពេល​ណា។

លោក​ស្រី អ៊ុង សាន់ស៊ូជី
លោក​ស្រី អ៊ុង សាន់ស៊ូជី
ផ្សាយពាណិជ្ជកម្ម

គឺជាលើកទីមួយបង្អស់ហើយ ដែលអ្នកតំណាងនៃប្រទេសចិន គឺលោក​ឯកអគ្គរដ្ឋទូតចិនប្រចាំ​នៅប្រទេសភូមាជួបជាមួយលោកស្រីប្រមុខបក្សប្រឆាំងភូមា អ៊ុង សាន់ស៊ូជី។ ជំនួបនេះ ត្រូវ​បាន​អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបង្ហើបឲ្យដឹង នៅព្រឹក​ថ្ងៃព្រហស្បតិ៍​ទី១៥ធ្នូនេះ។​អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា ឯកអគ្គរដ្ឋទូតចិន​បានជួប​លោកស្រី​អ៊ុង​ សាន់ស៊ូជី ស្របទៅតាមការស្នើសុំជាច្រើនលើកច្រើនសារបស់លោកស្រី និងថា​ជំ​នួប​ប្រាស្រ័យ​នេះ មិនមែនបានន័យថា ចិនជ្រៀតជ្រែកក្នុងបញ្ហាផ្ទៃក្នុងរបស់ភូមាទេ។

យ៉ាងណាក៏ដោយ ជំនួបនេះរវាងអ្នកតំណាង​នៃប្រទេសចិននិង​លោកស្រីជ័យលាភី​រង្វាន់​ណូបែល​​សន្តិភាពជាព្រឹត្តិការណ៍មួយសំខាន់ ពីព្រោះរហូតមកទល់ពេលនេះ ថ្នាក់ដឹកនាំចិន​​មិន​​ដែលព្រមជួបប្រមុខបក្សប្រឆាំងភូមាទេ។ តាមមើលទៅ ជំនួបនេះមិនមែន​ជារឿងចៃដន្យ​ទេ​ ត្បិតវាបានប្រព្រឹត្តទៅ ក្រោយពីមាន​ទស្សនកិច្ចជាប្រវត្តិសាស្រ្ត​នៅប្រទេសភូមា​របស់​លោក​ស្រី​រដ្ឋមន្ត្រីការបរទេស​អាមេរិកាំងហ៊ីឡារី គ្លីនតុន កន្លងទៅថ្មីៗនេះ។ ដូចគ្នាអ៊ីចឹងដែរ នៅ​សប្តាហ៍ក្រោយនេះ អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសចិន នឹង​ទៅ​បំពេញទស្សនកិច្ចនៅភូមាហើយក៏អាចនឹងជួបប្រាស្រ័យជាមួយលោកស្រី​អ៊ុង​សាន់​ស៊ូជី​ដែរ​​​។

សូមជម្រាបថា មកទល់ពេលនេះ ភូមារកស៊ីសឹងផ្តាច់មុខតែជាមួយប្រទេសចិន​ប៉ុណ្ណោះហើយ​ទំនាក់ទំនងដ៏ល្អបែបនេះជាមួយប្រទេសចិន បានជួយកាត់បន្ថយមិនតិចទេផលវិបាកនៃ​ទណ្ឌកម្ម​ពីសំណាក់លោកខាងលិច។ ទើបតែថ្មីៗនេះ សហរដ្ឋអាមេរិកបានសម្រេចចិត្ត​បន្ទន់​ឥរិយាបថបន្តិចមកវិញ នៅចំពោះមុខរបបផ្តាច់ការភូមាដែលបានផ្តើម​ធ្វើកំ​ណែទម្រង់នយោ​បាយ​​​ជាក់ស្តែង​ តាមរយៈការផ្តល់សេរីភាពទៅឲ្យលោកស្រីអ៊ុង សាន់ ស៊ូជី និងទៅឲ្យអ្នក​ទោស​នយោបាយជាច្រើនសិបនាក់ផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ