រដ្ឋអំណាចភូមាបន្តរំលោភសិទ្ធិមនុស្ស

ការរំលោភសិទ្ធិមនុស្សនៅតែមានបន្ត ទោះបីជារដ្ឋអំណាចភូមាបង្ហាញថាខ្លួនកំពុងខិតខំធ្វើកំណែទម្រង់នយោបាយនៅក្នុងប្រទេសក៏ដោយ។ នេះជាការអះអាងរបស់លោកQuintana អ្នករាយការណ៍ពិសេសរបស់អ.ស.ប ទទួលបន្ទុកខាងសិទ្ធិមនុស្សនៅភូមា។
នៅក្នុងរបាយការណ៍ដែលលោកបានដាក់ជូនមហាសន្និបាតអង្គការសហប្រជាជាតិ លោកQuintana បានសរសេរថា នៅមានច្រើនណាស់បញ្ហាដែលទាក់ទិននឹងសិទ្ធិមនុស្សនៅប្រទេសភូមា ទោះបីជារដ្ឋអំណាចបានដោះលែងអ្នកទោសនយោបាយជាច្រើននាក់ កន្លងទៅថ្មីៗនេះក៏ដោយ។
សម្រាប់អ្នករាយការណ៍ពិសេសរូបនេះរបស់អ.ស.ប ទទួលបន្ទុកខាងសិទ្ធិមនុស្សនៅភូមា រដ្ឋាភិបាលនៃប្រទេសនេះនៅបន្តកំណត់សកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនព្រមអនុញ្ញាតឲ្យមានសេរីភាពខាងបញ្ចេញមតិ ខាងជួបជុំគ្នា និងខាងបង្កើតសមាគម។ ដោយឡែក លោកQuintana បានលើកឡើងពីការបន្តធ្វើទុក្ខបុកម្នេញទៅលើជនជាតិភាគតិច ដែលជ្រកនៅតាមបណ្តោយព្រំដែនជាមួយប្រទេសចិន និងជាមួយប្រទេសថៃ។
អ្នករាយការណ៍ពិសេសរូបនេះ បានអំពាវនាវឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ចេញពីពន្ធនាគារ ពីព្រោះ សម្រាប់លោក«នេះគឺជាលក្ខខណ្ឌនៃការផ្សះផ្សាជាតិ»។សូមជម្រាបថា កាលពីសប្តាហ៍មុន រដ្ឋអំណាចភូមាថ្មីដែលដឹកនាំដោយលោកThein Sein បានដោះលែងអ្នកទោសនយោបាយចំនួន២០៦នាក់។ ក៏ប៉ុន្តែ អ្នកទោសនយោបាយដែលនៅបន្តជាប់គុកមានចំនួនប្រមាណ២០០០នាក់ទៀត ក្នុងនោះរួមមានអ្នកប្រឆាំងសំខាន់ៗ អ្នកសារព័ត៌មាន មេធាវីនិងព្រះសង្ឃ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








