អានតួអត្ថបទ
ថៃ

ទីក្រុង​បាងកក​ត្រូវ​គំរាម​ដោយ​ទឹក​ជំនន់​

គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នៅ​ប្រទេស​ថៃ ក្នុង​​អំឡុង​ពីរ​ខែ​ចុង​ក្រោយ​នេះ បាន​ ប៉ះពាល់​​យ៉ាង​​ខ្លាំង​​ដល់​បណ្តា​ខេត្ត​មួយភាគធំនៅក្នុងប្រទស និង ​ប្រជាជន​ជា​ច្រើន​លាន​នាក់​ទៀត។គ្រោះ​ទឹក​ជំនន់​​ដ៏​កាច​សាហាវនេះ​​ដែល​​​ ប្រទេស​ថៃ​មិនធ្លាប់ជួបប្រទះ ​ចាប់​តាំងពី​ជា​ច្រើន​ទសវត្ស​មក​ហើយ បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន ២៥២​នាក់។ នៅ​ថ្ងៃ​សុក្រ​ទី​៧​តុលា​ម្សិលមិញ នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី​យីង ឡាក់ បាន​ប្រកាស ប្រាប់​ទុក​ជាមុន អំពី ​វិបត្តិ​ទឹក​ជំនន់​ដ៏ធ្ងន់ធ្ងរ​នា​បច្ចុប្បន្ន​​ដែលក៏​អាចនឹង​ប៉ះពាល់​ដល់​ ទីក្រុង​បាងកក​ដែរ។

ប្រជាជន​ប្រមែ​ប្រមូល​របស់​​របរ​ខ្លួន​នៅ​លើ​ផ្លូវ​ថ្នល់​លិច​ទឹក​នៅ​ខេត្ត ​Ayutthaya​ ចម្ងាយ​ប្រមាណ​១០៥​គម​ប៉ែក​ខាង​ជើង​ទីក្រុង​បាងកក​ថ្ងៃ​ទី​៨​តុលា​ឆ្នាំ​២០១១។​
ប្រជាជន​ប្រមែ​ប្រមូល​របស់​​របរ​ខ្លួន​នៅ​លើ​ផ្លូវ​ថ្នល់​លិច​ទឹក​នៅ​ខេត្ត ​Ayutthaya​ ចម្ងាយ​ប្រមាណ​១០៥​គម​ប៉ែក​ខាង​ជើង​ទីក្រុង​បាងកក​ថ្ងៃ​ទី​៨​តុលា​ឆ្នាំ​២០១១។​ REUTERS/Sukree Sukplang
ផ្សាយពាណិជ្ជកម្ម

 

អន្តរាគមន៍​របស់​លោកស្រី​នាយក​រដ្ឋមន្រ្តី​ថៃ​​តាម​ទូរទស្សន៍​​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​​ ត្រូវ​បានធ្វើ​បន្ទាប់​ពី​​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​​​​មតិ​សាធារណៈ​​​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ទៅ​លើរូប​​លោកស្រី​​នៅ​​ក្នុង​​ការ​គ្រប់​គ្រង​​ស្ថានការណ៍ទឹកជំនន់​នៅក្នុងប្រទេស។

លោកស្រី យីងឡាក់បាន​បញ្ជាក់ថា”​ ទោះ​បី​​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​អាជ្ញាធរ​ដើម្បី ​ការពារ​ទីក្រុង​​បាងកក​យ៉ាង​ណា​​ក្តី ក៏​ទីក្រុង​នេះ​ មិនអាចចៀសផុត​​​ពី​ការគំរាម​លិច​ទឹក​ដែរ​នាពេលខាងមុខ ពីព្រោះ​មក​ទល់​ពេល​នេះ ខេត្ត​ថៃចំនួន​៣/៤​ នៃ​ប្រទេស ត្រូវបាន​​លិច​ក្នុងទឹកជំនន់។ នាយករដ្ឋមន្ត្រីថៃ ថែមទាំងជូនដំណឹង​អំពីការ​បង្កើត​មណ្ឌលគ្រប់គ្រង​​វិបត្តិ​មួយ​​នៅ​អាកាសយានដ្ឋាន Don Mueang ។ ​ក្នុង​ ករណី​មាន​ទឹកជំនន់ ប្រជាជន​ នឹង​​ត្រូវ​គេ​ដឹក​ជម្លៀស​ឆ្ពោះ​ទៅកាន់មណ្ឌលនានា​។

ទីលំនៅ ផ្លូវ​ថ្នល់​និង​រោងចក្រ​ នៅ​​ប៉ែក​ខាង​ជើង បាងកក​ ត្រូវលិចទឹក ដែលនេះ​មិន​ធ្លាប់​មាន​ពី​មុនទេ។ ចំណែក អាជ្ញាធរ​ថៃ ប៉ុនប៉ង​សាងសង់​ជញ្ជាំង​ដើម្បី​ទប់​​ទឹក​ជំនន់​​នៅ​តាម​បណ្តោយ​ព្រែក​ជីក​និង​ស្ទឹង​នៅ​តាម​ជាយ​ទីក្រុង​បាងកក​ប៉ែក​ខាង​ជើង និង​នៅ​តំបន់ ឧស្សាហកម្មចំនួន​​ពីរ​នៅ​ក្រុង​អាយុធ្យា។  នៅ​ពាក់​កណ្តាល​ខែ​តុលានេះ គឺ​ជា​​ខណៈ​​ដ៏​សំខាន់​បំផុត  ពីព្រោះ ចំនួន​​ទឹក​ដ៏​ធំដែល​មក​ពី​ប៉ែក​ខាង​ជើង​នឹង​ហូរ​មកដល់ទីក្រុង​បាងកក ដោយ​គួបផ្សំ​ជាមួយនឹង​ដំណើរ​ទឹក​ជោរខ្លាំង  ហើយនេះ នឹង​​ពន្យឺត​ដំណើរ​ទឹក​ហូរ​ទៅ​កាន់​សមុទ្រ។

 “ឥឡូវនេះ ប្រឡាយ​​ទាំង​ប៉ុន្មាន​នៅ​បាងកក មាន​ទឹក​ពេញព្រៀបស្រេច ហើយ​បើសិនជា​​ទឹក​ភ្លៀង​លែងធ្លាក់ទៀត​ក៏ដោយក្តី ក៏​ទីក្រុង​បាងកក​អាច​នឹង​ត្រូវ​​លិច​ទឹក​ដែរ”។ ជាការគូសបញ្ជាក់​របស់លោក Sukhumbhand Paribatra ចៅហ្វាយក្រុង​បាងកក ​ដែល​បន្ត​ទៀតថា “អាជ្ញាធរ​ទីក្រុងបាងកកនឹង​រៀបចំ​ទីកន្លែង​សាលារៀន​ឲ្យ​​ក្លាយ​ទៅ​​​ជា​​មណ្ឌលមួយ​សំរាប់ទទួល​ប្រជាជន​ដែលភៀសចេញពីតំបន់លិចទឹកនិងស្តុកទុក ចំណី​អាហារនិង​ទឹកស្អាតដែរ។

ចំណែករដ្ឋមន្ត្រី ក្រសួងការពារជាតិថៃ លោក  Yuthasak Sasiprapa បាននិយាយថា​​នឹង​កេណ្ឌ​កម្លាំង​ទាហាន​ចំនួន ជាង ៨ ៤០០ នាក់ ដើម្បីជួយ​សង្គ្រោះ​ប្រជាជន​នៅក្នុង​ខេត្ត​ចំនួន​​៤​នៅ​ប៉ែក​ខាង​ជើង​ទីក្រុង​បាងកក​ដែល​ត្រូវ​ទទួល​រងគ្រោះ​ទឹកជំនន់​ខ្លាំង​ជាង​គេ គឺ​​ Ayutthaya ,Lop Buri, Chainat, និង Nakhon Sawan។ ក្រៅពីកម្លាំងយោធាក៏មាន យាន​យន្ត​ចំនួន ៦៧៦ គ្រឿង​​និង​កប៉ាល់​ដែល​មាន​បាត​សំប៉ែត​ចំនួន​២០០​គ្រឿងនិង ឧទ្ធម្ភាគចក្រ​ចំនួន ៥គ្រឿង។

គ្រោះទឹកជំនន់នេះ បានធ្វើ​​ឲ្យ​ប្រទេស​ថៃ ខាត​បង់​ទឹក​ប្រាក់ចំនួន ១០ ម៉ឹន៤០០០​លាន​បាត ឬ​ស្មើនឹង ២ ៥០០​លាន​អឺរ៉ូ ចាប់តាំងពីចុងខែសីហាមក។ នេះបើយោងតាម​ការ​ប៉ាន់​ប្រមាណ​របស់​សាកល​វិទ្យាល័យ ពាណិជ្ជកម្ម​ឯកជន​ថៃមួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ