
ក្រោយពីបានរងទទួលយ៉ាងពេញទំហឹងពីគ្រោះមហន្តរាយរលកយក្សស៊ូណាមី និងគ្រោះថ្នាក់នុយក្លេអ៊ែរនៅហ្វូគូស្ហ៊ីម៉ានៃប្រទេសជប៉ុន ហើយនិង bactérie « E.coli » នៅអឺរ៉ុប ការដោះដូរពាណិជ្ជកម្មពិភពលោកបានស្គាល់ការធ្លាក់ស្រុតចុះអស់៨%នៅឆមាសទី១ឆ្នាំ២០១១នេះ។ តើប្រទេសណាខ្លះបានទទួលរងគ្រោះធ្ងន់ជាងគេ?
មូលហេតុចម្បងដែលបាននាំឲ្យការដោះដូរពាណិជ្ជកម្មអន្តរជាតិបានស្គាល់ការធ្លាក់ស្រុតចុះអស់៨%នៅឆមាសទី១ឆ្នាំ២០១១គឺបណ្តាលមកពីមានគ្រោះមហន្តរាយរញ្ជួយដីនិងរលក្សយក្សស៊ូណាមី ហើយនិងបញ្ហា bactérie « E.coli » នៅអឺរ៉ុប។ គ្រោះថ្នាក់នុយក្លអ៊ែរនៅហ្វូគូស្ហ៊ីម៉ានៅពាក់កណ្តាលខែមីនាកន្លងទៅនេះបានបណ្តាលឲ្យម៉ាស៊ីនសេដ្ឋកិច្ចជប៉ុនជាប់គាំងស្ទះអស់ ហើយផលិតផលឧស្សាហកម្មជប៉ុនទៀតសោតក៏បានបាត់បង់អស់ប្រមាណ៦%។ ទាំងនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ការដោះដូរពាណិជ្ជកម្មពិភពលោក ដោយបានបណ្តាលឲ្យធ្លាក់ស្រុតចុះអស់២%នៅត្រីមាសទី២ឆ្នាំ២០១១នេះ។
អ្នកដែលទទួលរងគ្រោះធ្ងន់ជាងគេដោយគ្រោះមហន្តរាយទាំងនោះគឺ សេដ្ឋកិច្ចអាមេរិកាំង។ សេដ្ឋកិច្ចអាមេរិកាំងបានឃើញសកម្មភាពឧស្សាហកម្មផលិតរថយន្តរបស់ខ្លួនធ្លាក់ស្រុតចុះ ដោយហេតុតែមានបញ្ហាកង្វះខ្ចៅខ្ចងនិងឧបករណ៍ដែលផលិតនិងនាំចូលពីប្រទេសជប៉ុន។
ដំណែកឯប្រទេសអង់គ្លេស ប្រទេសអូស្ត្រាលី កាណាដា និងប្រទេសបារាំងក៏ពុំខុសគ្នាឡើយ ពួកគេបានឃើញមានការធ្លាក់ស្រុតចុះនៃការនាំចូលប្រមាណពី២%ទៅ៣%។
កត្តាមួយទៀតដែលបានធ្វើឲ្យសកម្មភាពនៃការដោះដូរពាណិជ្ជកម្មពិភពលោកធ្លាក់ស្រុតចុះគឺ bactérie « E.coli » នៅអឺរ៉ុប។ ការរីករាលដាលនៃ bactérie « E.coli » នៅអឺរ៉ុបនេះ បាននាំឲ្យសកម្មភាពនៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសអឺរ៉ុបធ្លាក់ចុះអស់ប្រមាណ៤%នៅត្រីមាសទីពីរឆ្នាំ២០១១។ ទាំងនេះ ក៏ដោយហេតុតែមានការហាមឃាត់ពីសំណាក់ប្រទេសដូចជាប្រទេសរុស្ស៊ីដែលបានហាមឃាត់ពុំឲ្យមានការនាំចូលនូវបន្លែផ្លែឈើពីប្រទេសអឺរ៉ុបមួយចំនួនដោយខ្លាចមានបញ្ហា bactérie « E.coli »។ ការហាមឃាត់រយៈពេលមួយខែរបស់ប្រទេសរុស្ស៊ីនេះ បានបណ្តាលឲ្យប្រទេសអេស្ប៉ាញ ប្រទេសហុលឡង់ និងប្រទេសអាល្លឺម៉ង់ខាតបង់ប្រាក់ពុំតិចឡើយ។ ហើយនៅទីបំផុត វាក៏បានជះឥទ្ធិពលអវិជ្ជមានទៅលើសកម្មភាពនៃការដោះដូរពាណិជ្ជកម្មពិភពលោក។
គួរកត់សម្គាល់ថា គ្រោះមហន្តរាយរលកយក្សស៊ូណាមី ការរញ្ជួយដី និងគ្រោះថ្នាក់នុយក្លេអ៊ែរនៅប្រទេសជប៉ុនបានធ្វើឲ្យសកម្មភាពដោះដូរពាណិជ្ជកម្មអន្តរជាតិធ្លាក់ស្រុតចុះនៅឆមាសទី១ឆ្នាំ២០១១។ ហើយបញ្ហា bactérie « E.coli » នៅអឺរ៉ុបបាននាំឲ្យមានការខាតបង់ប្រាក់អស់ប្រមាណ២០ពាន់លានអឺរ៉ូ និងអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកបាត់បង់អស់ប្រមាណ១%នៅត្រីមាសទី២ឆ្នាំ២០១១។
ក្រោយពីគ្រោះមហន្តរាយស៊ូណាមី ម៉ាស៊ីនសេដ្ឋកិច្ចនៃប្រទេសជប៉ុនក៏កំពុងចាប់ងើបមុខឡើងវិញបន្តិចម្តងៗដែរ។ រីឯឥទ្ធិពលអវិជ្ជមាននៃបញ្ហា bactérie « E.coli » នៅអឺរ៉ុបក៏បានចាប់សាបរលាបបន្តិចម្តងៗទៅវិញផងដែរ។ ចំណែកឯក្តីសង្ឃឹមថា អាចមានសន្ទុះកំណើនសេដ្ឋកិច្ចពិភពលោកឡើងវិញនៅត្រីមាសទីបីឆ្នាំ២០១១ គេក៏ត្រូវតែមានការប្រុងប្រយ័ត្ន ដោយហេតុតែបញ្ហាវិបត្តិប្រាក់បំណុលសាធារណៈដ៏សែនធ្ងន់ធ្ងរបានកើតមាននៅសហរដ្ឋអាមេរិកនិងនៅតំបន់ចាយប្រាក់អឺរ៉ូនៅពេលថ្មីៗនេះ។ គេនៅពុំទាន់ដឹងនៅឡើយថា តើវិបត្តិហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិកនិងនៅអឺរ៉ុបនៅពេលថ្មីៗនេះអាចជះចេញជាផលវិបាកយ៉ាងណាខ្លះដល់សកម្មភាពពាណិជ្ជកម្មនិងសកម្មភាពសេដ្ឋកិច្ចពិភពលោកនៅឡើយ។
ងាកទៅមើលទ្វីបអាស៊ីវិញ ម៉ាស៊ីនសេដ្ឋកិច្ចនៃប្រទេសចិនហាក់ដូចជាមានសមត្ថភាពគ្រប់គ្រាន់នឹងធ្វើការប្រយុទ្ធទប់ទល់ការធ្លាក់ស្រុតចុះនៃសកម្មភាពដោះដូរពាណិជ្ជកម្មពិភពលោក។ ដោយសារតែប្រទេសចិនមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ហើយនិងមានឆន្ទៈយ៉ាងមោះមុតក្នុងការបន្តនាំទំនិញចេញទៅលក់ក្រៅប្រទេស ផលិតផលដុលសរុបរបស់ប្រទេសចិនអាចនឹងមានបរិមាណលើសផលិតផលដុលសរុបរបស់សហរដ្ឋអាមេរិកនៅរវាងឆ្នាំ២០២០ខាងមុខនេះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati




