សុក្រ 12 សីហា 2011
ប្រេងឆៅ​ចុះថ្លៃ​ជាឱកាស​ល្អ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​
“OPEP” ​អង្គការ​​នាំប្រេង​ឆៅ​​ចេញ​ទៅ​លក់​ក្រៅ​​ប្រទេស​​
“OPEP” ​អង្គការ​​នាំប្រេង​ឆៅ​​ចេញ​ទៅ​លក់​ក្រៅ​​ប្រទេស​​
©​ Reuters
ដោយ សៀក សារិន

ការធ្លាក់​ស្រុតចុះ​នៃ​តម្លៃ​ប្រេងឆៅ​បាន​នាំឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ មាន​ក្តី​សង្ឃឹម​បន្តិច​ឡើងវិញ។​ សេដ្ឋកិច្ច​ពិភពលោក​ដែលបាន​ឆ្លងកាត់​ពពក​ដ៏​ខ្មៅ​ងងឹត​នៃ​វិបត្តិ​ ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​ពុំ​ចេះឈប់ឈរ​នារយៈពេល​ប៉ុន្មានឆ្នាំ​ ចុងក្រោយនេះ។

តម្លៃ​ប្រេងឆៅ​១២៦ដុល្លារ​៧៦សេន​ក្នុង១បារីល​កាលនៅ​ថ្ងៃទី​៨មេសា​ឆ្នាំ២០១១​ ​ ឥឡូវនេះ​បាន​ធ្លាក់​មកនៅ​ប្រមាណ​១០២ដុល្លារ​នារយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ។

 
តម្លៃ​ប្រេងឆៅ​អាចមាន​ឥទ្ធិពល​ខ្លាំង​ក្នុងការ​ជួយ​រក្សា​ឲ្យមាន​ “ស្ថិរភាព”​ ​ ជាពិសេស​ក្នុង​ខណៈពេល​ដែល​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជួប​នឹង​ស្ថានភាព​រំជើប​រំជួល​ពុំចេះចប់។
 
គួរកត់​សម្គាល់ថា​ ​ នៅខណៈពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​មាន​កំណើន​ស្ទុះលឿន​ទៅមុខ​ ​ តម្លៃ​ប្រេងឆៅ​ក៏​កើន​ឡើងថ្លៃ​ទៅតាម​សន្ទុះ​នៃ​ការ​នាំ​ប្រេង​ឆៅ​ចូល​ដោយ​ប្រទេស​ឧស្សាហកម្ម​ដែរ។​ ហើយ​តម្លៃ​ប្រេងឆៅខ្ពស់​វាក៏ជា​កត្តា​អវិជ្ជមាន​មួយ​មក​ធ្វើការ​កាត់បន្ថយ​ “អំណាចទិញ”​ផងដែរ។​ បើ​គ្មាន​កំណើន​អំណាចទិញ​ ​ វាក៏​គ្មាន​ដែរ​កំណើន​សេដ្ឋកិច្ច។
 
ដូច្នេះ​ ​ ការធ្លាក់​ស្រុតចុះ​នៃ​តម្លៃ​ប្រេងឆៅ​គឺពិតជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​សេដ្ឋកិច្ច​នៃ​ប្រទេស​ឧស្សាហកម្ម​ក៏​ដូចជា​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​ ហើយនិង​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល។
 
ប្រឈមមុខ​ទល់នឹង​ការគំរាម​ទៅលើ​សេដ្ឋកិច្ច​ពិភពលោក​ដោយ​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ ​ ការធ្លាក់​ស្រុតចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​គឺ​ពិត​ជា​កត្តា​ដ៏​វិជ្ជមាន​មកជួយ​ដល់​រដ្ឋអំណាច​ដែល​កំពុង​ជួបនឹង​កង្វះ​វិធានការ​គ្រប់គ្រាន់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ទប់ទល់​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។
 
សម្រាប់​មហាអំណាច​សេដ្ឋកិច្ច​ទី១​ពិភពលោក​ដូចជា​សហរដ្ឋ​អាមេរិក​ដែល​ត្រូវការ​នាំចូល​ប្រេង​ឆៅ​យ៉ាង​ច្រើន​លើសលុប​សម្រាប់​ឧស្សាហកម្ម​របស់ខ្លួន​ក៏​ដូចជា​សម្រាប់​ប្រជាជន​អាមេរិក​ ​ ការធ្លាក់​ស្រុតចុះ​នៃ​តម្លៃ​ប្រេងឆៅ​អាច​ធ្វើឲ្យ​សេដ្ឋកិច្ច​អាមេរិក​សន្សំ​សំចៃ​បាន​ប្រមាណ​៧៥ពាន់លាន​ដុល្លារ​។​ នេះ​បើយោងតាម​ការវិភាគ​របស់​ធនាគារ​ Deutsch Bank។
 
នៅប្រទេស​ឯទៀតៗ​ក្នុងលោក​ ​ អ្នកដឹកនាំ​កំពុង​លួច​ញញឹម​ពេញចិត្ត​ដោយឃើញ​តម្លៃ​ប្រេងឆៅ​ចុះថ្លៃ​។​ ដោយហេតុថា​ ​ ការស្ទុះ​កើនឡើង​នៃ​តម្លៃ​វត្ថុ​ធាតុដើម​ ​ ជាពិសេស​តម្លៃ​ប្រេងឆៅ​បាន​បង្ក​នាំឲ្យមាន​បញ្ហា​ទំនិញ​ឡើងថ្លៃ​ ​ ដូចជា​នៅប្រទេស​ចិន​បច្ចុប្បន្ននេះ​ដែល​កំពុង​ជួបនឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ​យ៉ាង​ខ្លាំង។​ អត្រា​អតិផរណា​នៅ​ប្រទេសចិន​ឥឡូវនេះ​មាន​ដល់ទៅ​៦,៥%។​ ចំណែកឯ​ប្រទេស​ប្រេស៊ីល​ក៏​ដូចជា​ប្រទេស​ឥណ្ឌា​ ​ ពួកគេ​ក៏​គេច​ពុំ​រួច​ពី​បញ្ហា​ទំនិញ​ឡើងថ្លៃ​ដូចគ្នា​អ៊ីចឹងដែរ។ ហេតុដូច្នេះហើយ​បានជា​ធនាគារ​កណ្តាល​នៃ​ប្រទេស​ទាំងនោះ​បាននាំគ្នា​ដំឡើង​អត្រា​ការប្រាក់​នាំមុខ​ ​ ដើម្បី​ធ្វើការ​ប្រយុទ្ធ​ទប់ទល់​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ។​ ក៏​ប៉ុន្តែ​អត្រា​ការប្រាក់​ខ្ពស់​គឺ​ពិតជា​កត្តា​ដ៏​អវិជ្ជមាន​សម្រាប់​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច។
 
ដូច្នេះ​ ​ បើ​ប្រសិនជា​តម្រូវការ​ប្រេងឆៅ​ធ្លាក់​ស្រុតចុះ​ដូចការ​ប្រមាណទុក​ ​ នោះ​តម្លៃ​ប្រេងឆៅ​ច្បាស់ជា​បន្ត​ធ្លាក់​ស្រុតចុះ​បន្ថែមទៀត។​ “OPEP”​អង្គការ​នាំប្រេង​ឆៅ​ចេញ​ទៅលក់​ក្រៅ​ប្រទេស​ពុំពេញចិត្ត​សោះឡើយ​ ​ នៅពេល​ឃើញ​តម្លៃ​ប្រេងឆៅ​ធ្លាក់ស្រុតចុះ​បែបនេះ។​ ​ “OPEP”​ដែល​ក្តោបក្តាប់​បាន​ប្រមាណ​៤០%​នៃ​ផលិតផល​ប្រេងឆៅ​សរុប​ក្នុងលោក​ ​ ច្បាស់ជា​រិះរក​ធ្វើការ​កាត់បន្ថយ​បរិមាណ​នៃ​ផលិតផល​របស់​ខ្លួន​ដើម្បី​រក្សា​កុំ​ឲ្យ​តម្លៃ​ប្រេងឆៅ​ធ្លាក់​ស្រុត​ចុះ​ទៀត។
 
ក៏​ប៉ុន្តែ​ ​ មុននឹង​ឈានដល់​ដំណាក់ការ​នេះ​ ​ តម្លៃ​ប្រេង​អាចនឹង​បន្ត​ធ្លាក់​ស្រុត​ចុះ​ទៀត។​ ទោះបីជា​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ជា​ប្រទេស​ផលិត​ប្រេងឆៅ​ធំជាងគេ​ក្នុងលោក​ ​ ដែល​កំពុង​តែ​ត្រូវ​ធ្វើការ​ចំណាយ​សាធារណៈ​យ៉ាងច្រើន​មហិមា​ ​ ដើម្បី​ទប់ទល់​នឹង​ការ​ពុំ​សប្បាយចិត្ត​របស់​ពួកអ្នក​ប្រឆាំង។​ ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​អាច​ធ្វើ​ឲ្យ​ថវិកា​ជាតិ​របស់​ខ្លួន​មាន​ “តុល្យភាព”​ ដោយ​តម្រូវ​ឲ្យ​តម្លៃ​ប្រេងឆៅ​ឋិតនៅ​ចន្លោះ​៨០-៨៥​ដុល្លារ​ក្នុង១បារីល។​ នេះ​ជាការ​ប៉ាន់ប្រមាណ​របស់​ Deutsch Bank។
 
សូមបញ្ជាក់ថា​ ​ ដោយមាន​កង្វះ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ឧស្សាហកម្ម​ ​ តម្លៃ​ប្រេងឆៅ​ក្នុង​រង្វង់​៨០ដុល្លារ​មួយបារីល​នៅតែ​ជា​តម្លៃ​មួយ​ដ៏​ខ្ពស់​ ​ ដើម្បី​ជា​បច្ច័យ​ជួយ​បន្ធូរ​សម្រាល​សម្ពាធ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក៕

ពាក្យគន្លឹះ : សេដ្ឋកិច្ច
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
Close