
វិធានការនៅខែកក្កដាឆ្នាំ២០១១កន្លងទៅដើម្បីប្រយុទ្ធទប់ទល់នឹង វិបត្តិហិរញ្ញវត្ថុនៅក្នុងតំបន់អឺរ៉ូពុំបាននាំមកនូវភាពស្ងប់ស្ងាត់ ឡើយ។ ផ្ទុយទៅវិញ អត្រាការប្រាក់សម្រាប់ប្រទេសអ៊ីតាលីនិងប្រទេសអេស្ប៉ាញបានស្ទុះ កើនឡើងដល់កម្រិតឯតទគ្គកម្មមួយថ្មី។ តើទាំងនេះបណ្តាលមកពីមូលហេតុអ្វី?
កិច្ចព្រមព្រៀងសភាអាមេរិកនៅថ្ងៃអង្គារទី២សីហាឆ្នាំ២០១១ ដែលបានអនុញ្ញាតឲ្យលើកកម្រិតអតិបរមានៃប្រាក់បំណុលអាមេរិក បានជួយបញ្ចៀសការប្រកាស “ធនក្ស័យ” នៃមហាអំណាចសេដ្ឋកិច្ចទីមួយពិភពលោកបានមួយរយៈពេល។ ក៏ប៉ុន្តែ ពុំបានធ្វើឲ្យវិនិយោគិនអន្តរជាតិដែលបារម្ភយ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិកនិងនៅអឺរ៉ុប មានទំនុកចិត្តកក់ក្តៅឡើយ។
ជាក់ស្តែង ទីផ្សារមូលប័ត្រនៅទូទាំងពិភពលោក តាំងពីទ្វីបអាមេរិកឆ្លងកាត់ទ្វីបអឺរ៉ុបរហូតដល់ទ្វីបអាស៊ី សុទ្ធតែបានឃើញតម្លៃភាគហ៊ុននៃទីផ្សាររបស់ខ្លួនធ្លាក់ចុះដាំដូងដ៏គួរឲ្យបារម្ភពេកក្រៃ។ ជិតដប់ថ្ងៃបន្តបន្ទាប់គ្នាមកហើយដែល៖
-ទីផ្សារភាគហ៊ុននៅទីក្រុងប៉ារីសបានបាត់បង់អស់ប្រមាណ១៣,៦%(តួលេខCAC 40 ធ្លាក់មកនៅ៣ ៣២០ពិន្ទុ)។ ហើយនៅព្រឹកថ្ងៃសុក្រទី៥សីហានេះទៀត %(តួលេខCAC 40 បានស្រុតចុះអស់-១,២៥%ធ្លាក់មកនៅ៣ ២៧៨ពិន្ទុ)។
-ទីផ្សារភាគហ៊ុននៅទីក្រុងឡុងដ្រឺ៍ បានបាត់បង់អស់ប្រមាណ៩,១៣%។
-ទីផ្សារភាគហ៊ុនអាល្លឺម៉ង់ បានបាត់បង់អស់ប្រមាណ១២,៤%។
តើទាំងនេះបណ្តាលមកពីមូលហេតុអ្វី?
ពីរសប្តាហ៍ក្រោយពីអ្នកដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចសំខាន់ៗបានចាត់វិធានការប្រយុទ្ធទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុនៅថ្ងៃទី២១កក្កដាឆ្នាំ២០១១ដែលពួកគេជឿថា នឹងធ្វើឲ្យវិនិយោគិនអន្តរជាតិបាត់ភ័យស្លន់ស្លោ។ ស្រាប់តែនៅពេលនេះ គេឃើញអត្រាការប្រាក់កម្ចីសម្រាប់រយៈកាល១០ឆ្នាំបានស្ទុះកើនឡើងដល់៦,៣៦%សម្រាប់ប្រទេសអេស្ប៉ាញ និង៦,១៨%សម្រាប់ប្រទេសអ៊ីតាលី ដែលជាឯតទគ្គកម្មមួយថ្មីសម្រាប់ប្រទេសទាំងពីរដែលជាសមាជិកនៃតំបន់ចាយប្រាក់អឺរ៉ូ។
សំណួរមួយបានលេចឡើងចោទសួរថា តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យវិនិយោគិនអន្តរជាតិកើតមានក្តីបារម្ភស្លន់ស្លោដល់ម្លឹង?
តើហេតុអ្វីបានជាគេធ្វើការវាយប្រហារទៅលើប្រទេសអ៊ីតាលីនិងប្រទេសអេស្ប៉ាញនៅពេលនេះ?
ក្រោយពីមានកិច្ចព្រមព្រៀងសភាអាមេរិកនៅដើមខែសីហាឆ្នាំ២០១១នេះ អនុញ្ញាតឲ្យលើកកម្រិតអតិបរមានៃប្រាក់បំណុលអាមេរិក ដើម្បីជួយបញ្ចៀសសហរដ្ឋអាមេរិកគេចផុតពីសភាព “ធនក្ស័យ” គេដឹងថាវិបត្តិហិរញ្ញវត្ថុអាមេរិកាំងបានរួចខ្លួនមួយរយៈពេលនៅពេលនេះ។ ក៏ប៉ុន្តែ វិបត្តិហិរញ្ញវត្ថុរបស់ប្រទេសអ៊ីតាលីនិងរបស់ប្រទេសអេស្ប៉ាញនៅពុំទាន់បានដោះស្រាយ។ ប្រទេសអឺរ៉ុបទាំងពីរនេះនៅជាប់ជំពាក់បំណុលគេវ័ណ្ឌក។ ប្រទេសអ៊ីតាលីមានប្រាក់បំណុលសាធារណៈស្មើនឹង១២០%នៃផលិតផលដុលក្នុងប្រទេស។ ប្រាក់បំណុលសាធារណៈនៃប្រទេសអេស្ប៉ាញវិញ មានស្មើនឹង៦៣,៦%នៃផលិតផលដុលសរុប។ ឃើញថា ប្រាក់បំណុលសាធារណៈនៃប្រទេសអ៊ីតាលីមានកម្រិតខ្ពស់ជាង ប្រាក់បំណុលសាធារណៈរបស់ប្រទេសព័រទុយហ្កាល់(៩៣%) និងប្រាក់បំណុលសាធារណៈរបស់ប្រទេសអៀរឡង់(៩៦%)។
ដូច្នេះ ប្រទេសអ៊ីតាលីនិងប្រទេសអេស្ប៉ាញពិតជាប្រទេសមានសភាពទន់ខ្សោយជាងគេក្នុងចំណោមប្រទេសនៃតំបន់ចាយប្រាក់អឺរ៉ូ ដោយពុំគិតប្រទេសព័រទុយហ្កាល់និងប្រទេសអៀរឡង់។ ទីផ្សារហិរញ្ញវត្ថុអន្តរជាតិបារម្ភខ្លាចក្រែងប្រទេសទាំងពីរខាងលើនេះគ្មានលទ្ធភាពនឹងដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន។ ដោយហេតុថា៖
-សម្រាប់ប្រទេសអ៊ីតាលី អត្រានៃកំណើនសេដ្ឋកិច្ចក៏មានតិចទាប បរិមាណនៃប្រាក់បំណុលសាធារណៈក៏មានច្រើន ហើយបន្ថែមពីលើនេះ ប្រទេសអ៊ីតាលីនៅជាប់រញេរញ៉ៃនឹងវិបត្តិនយោបាយពុំចេះចប់ដែលពិតជាកត្តាដ៏អវិជ្ជមានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។
-សម្រាប់ប្រទេសអេស្ប៉ាញវិញ ក៏ពុំខុសគ្នាប៉ុន្មានឡើយ អត្រានៃកំណើនសេដ្ឋកិច្ចក៏មានតិចទាប បរិមាណនៃប្រាក់បំណុលសាធារណៈក៏មានច្រើន ហើយបន្ថែមពីលើនេះ ប្រទេសអេស្ប៉ាញនៅជាប់ផុងយ៉ាងជ្រៅនៅក្នុងវិបត្តិអចលនទ្រព្យ។ ដូច្នេះ ធ្វើម្តេចនឹងមានលទ្ធភាពនឹងដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន?
គួរបញ្ជាក់ថា វិនិយោគិនអន្តរជាតិពិតជាដឹងថា តំបន់អឺរ៉ូមានសមត្ថភាពគ្រប់គ្រាន់នឹងជួយដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ប្រទេសក្រិក អៀរឡង់ ឬប្រទេសព័រទុយហ្កាល់ដែលផលិតផលដុលសរុបនៃប្រទេសទាំងបីនេះមានស្មើត្រឹមតែ៦%ប៉ុណ្ណោះនៃផលិតផលសរុបរបស់តំបន់អឺរ៉ូទាំងមូល។ ក៏ប៉ុន្តែ តំបន់អឺរ៉ូធ្វើម្តេចនឹងមានលទ្ធភាពទៅជួយដោះទុក្ខហិរញ្ញវត្ថុរបស់ប្រទេសអឺរ៉ុបគ្រាក់ៗដូចជាប្រទេសអ៊ីតាលីឬប្រទេសអេស្ប៉ាញដែលផលិតផលដុលសរុបនៃប្រទេសទាំងពីរមានស្មើនឹង៣០%នៃផលិតផលដុលសរុបរបស់តំបន់អឺរ៉ូ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati




