អានតួអត្ថបទ
អាស៊ី

នៅឆ្នាំ២០៥០​អាស៊ីនឹងមាន​សម្បត្តិទ្រព្យ​សម្បូណ៌​រុងរឿង​ដូចអឺរ៉ុប​

អាស៊ី​អាច​នឹងមាន​សម្បត្តិទ្រព្យ​សម្បូណ៌​រុងរឿង​ដូច​អឺរ៉ុប​នៅរវាង​ឆ្នាំ២០៥០​ខាងមុខ​ ​ ក៏ប៉ុន្តែ​លុះត្រាណា​តែ​អាស៊ី​ចេះ​ប្រយុទ្ធ​យកបាន​ជោគជ័យ​ទៅលើ​បញ្ហា​វិសមភាព​ ​ បញ្ហា​ពុករលួយ​ ​ បញ្ហា​អាកាសធាតុ។​ នេះ​ជាការ​ថ្លែង​ប្រាប់​ដោយ​ការ​សិក្សា​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅថ្ងៃ​អង្គារ​ទី២​សីហា​ឆ្នាំ២០១១នេះ។

ធនាគារ​អភិវឌ្ឍន៍អាស៊ី
ធនាគារ​អភិវឌ្ឍន៍អាស៊ី © Reuters
ផ្សាយពាណិជ្ជកម្ម

បើប្រសិនជា​ការវិវឌ្ឍន៍​បច្ចុប្បន្ន​នៅតែ​បន្ត​មាន​បែបនេះ​ ​ ទ្វីបអាស៊ី​នឹង​ប្រមូល​ផលិតផល​សេដ្ឋកិច្ច​ពិភពលោក​បាន​ប្រមាណ​ពាក់កណ្តាល​នៅរវាង​ឆ្នាំ២០៥០​ខាងមុខនេះ។​ ដូច្នេះ​បាន​សេចក្តីថា​ ​ ​នឹងមាន​ប្រជាជន​ប្រមាណ​បីពាន់​លាននាក់​ទៀត​ក្នុងលោក​នឹង​ឈាន​ចូល​ទៅ​ក្នុង​​វឌ្ឍនភាព​សម្បូណ៌​សប្បាយ​រុងរឿង​ ​ ហើយដែល​ម្នាក់ៗ​មាន​ប្រាក់ចំណូល​ស្មើនឹង​ប្រជាជន​នៅ​អឺរ៉ុប​បច្ចុប្បន្ន។​ នេះ​បើយោងតាម​របាយការណ៍​ឈ្មោះ​ “អាស៊ី​២០៥០៖​ សមិទ្ធិ​សតវត្សរ៍​អាស៊ី”​។

 
ដំណើរ​ឈាន​ទៅ​កាន់​វឌ្ឍនភាព​របស់​អាស៊ី​នេះ​អូសទាញ​ដោយ​៧ប្រទេស​ដែលមាន​ប្រជាជន​ជាង​បីពាន់​លាននាក់​ ​ ក្នុងនោះមាន៖​ ប្រទេស​ចិន​ ឥណ្ឌា​ ឥណ្ឌូនេស៊ី​ ជប៉ុន​ កូរ៉េខាងត្បូង​ ថៃ​ ​ និង​ប្រទេស​ម៉ាឡេស៊ី។

បើយោងតាម​សេណារីយោដ៏​សុទិដ្ឋិនិយម​ ​ ផលិតផល​ដុល​សរុប​នៃ​ប្រទេស​អាស៊ី​ទាំងនោះ​ច្របាច់​បញ្ចូល​គ្នា​ ​ គិតទាំង​ប្រទេស​ដូចជា​ប្រទេស​ឡាវ​និង​ប៉ាគីស្ថាន​ផង​ ​ ដែល​មាន​ប្រមាណ​១៧ ០០០ពាន់លាន​ដុល្លារ​នៅឆ្នាំ២០១០​នឹង​ស្ទុះ​កើនឡើង​ដល់​១៧៤ ០០០​ពាន់លាន​ដុលា្លរ​នៅឆ្នាំ២០៥០​ឬ​ត្រូវជា​៤០ ៨០០ដុល្លារ​ផលិតផល​ដុល​សម្រាប់​ប្រជាជន​ម្នាក់ៗ។

ក៏ប៉ុន្តែ​ដើម្បី​ឲ្យ​ទ្វីបអាស៊ី​សម្រេច​បាន​នូវ​ជោគជ័យនេះ​ ​ ពួកគេ​ត្រូវ​យក​តម្រាប់​តាម​ប្រទេស​ជប៉ុន​ ​ កូរ៉េខាងត្បូង​ឬ​សិង្ហបុរី​ ​ ដែលចេះ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌។

ហើយ​ដើម្បី​ឲ្យ​ការអភិវឌ្ឍន៍​អាស៊ី​មាន​ចីរកាល​ ​ តំបន់អា​ស៊ី​ត្រូវ​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាពក្រីក្រ​ ​ ធានា​ឲ្យមាន​សមធម៌​ ​ អភិវឌ្ឍ​វិស័យ​អប់រំ​ ​ អភិវឌ្ឍ​បច្ចេកវិទ្យា​ ​ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ​ ហើយត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​អភិបាលកិច្ច​ពុំ​ត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ