ស៊ីរី-អាមេរិក - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 11 មិថុនា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 11 មិថុនា 2011

ស៊ីរី៖ សហរដ្ឋអាមេរិក​ទាមទារឲ្យ​ទីក្រុងដាម៉ាស​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​

លោក​ Jay Carney  ​អ្នកនាំពាក្យ​នៃ​សេតវិមាន
លោក​ Jay Carney ​អ្នកនាំពាក្យ​នៃ​សេតវិមាន
© RFI

ដោយ សៀក សារិន

រដ្ឋបាល​អាមេរិកាំង​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំងក្លា​នៅចំពោះមុខ​ទង្វើ​ ហិង្សា​ដ៏​ឃោរឃៅ​នៃ​របបផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​ដែល​បាន​ប្រព្រឹត្ត​ ទៅលើ​បាតុករ​ស៊ីរី។​ បាតុករ​ស៊ីរី​ដែល​បាន​នាំគ្នា​ចុះថ្នល់​ស្រែក​ទាមទារ​ឲ្យ​មេដឹកនាំ​ ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​ចាកចេញ​ពី​មុខតំណែង។

សេចក្តីរាយការណ៍របស់​ សៀក សារិន
 

11/06/2011 by សៀក សារិន

 

នៅគ្រា​ដំបូង​នៃ​ការងើប​បះបោរ​របស់​ប្រជាជន​ស៊ីរី​ ​ សហរដ្ឋ​អាមេរិក​នៅ​សម្តែង​ឲ្យ​ឃើញ​នូវ​ការ​អត់ឱន​ខ្លះ​ឲ្យ​របប​គ្រប់គ្រង​ស៊ីរី។​ ក៏​ប៉ុន្តែ​ ឥឡូវនេះ​រដ្ឋបាល​របស់​លោក​បារ៉ាក់​អូបាម៉ា​បាន​ទាមទារឲ្យ​ទីក្រុងដាម៉ាស​បញ្ឈប់​អំពើហិង្សា​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​បាតុករ​ស៊ីរី​ជាបន្ទាន់។
 
លោក​ Jay Carney  ​អ្នកនាំពាក្យ​នៃ​សេតវិមាន ​បាន​ថ្លែងថា​ ​ “​រដ្ឋាភិបាល​បាស្ហារ​អាល-អាស្សាដ​​កំពុង​តែ​ដឹកនាំ​ប្រទេស​ស៊ីរី​ឆ្ពោះ​ទៅកាន់​មាគ៌ា​មួយ​ដែល​ពោរពេញ​ទៅដោយ​​​គ្រោះថ្នាក់​ ​ សហរដ្ឋ​អាមេរិក​ថ្កោលទោស​យ៉ាង​ធ្ងន់​ទៅលើ​ទង្វើ​វាយបង្ក្រាប​ដ៏​សាហាវ​ឃោរឃៅ​​របស់​កងកម្លាំង​សន្តិសុខ​ស៊ីរី​ទៅលើ​បាតុករ”​។
 
លោក​ Jay Carney​ បាន​គូស​បញ្ជាក់​ទៀតថា​ ​ “​កងកម្លាំង​សន្តិសុខ​ស៊ីរី​នៅតែ​បន្ត​ធ្វើការ​បាញ់​ប្រហារ​ឬ​ចាប់ឃុំ​ខ្លួន​បាតុករ​និង​អ្នកទោស​នយោបាយ។​ ហើយគឺ​ទង្វើ​ដ៏​ហិង្សា​ឃោរឃៅ​ទាំងនេះ​ហើយ​ដែល​បាន​នាំឲ្យ​សហរដ្ឋ​អាមេរិក​ងាកទៅ​គាំទ្រ​គម្រោង​សេចក្តី​សម្រេចចិត្ត​របស់​ប្រទេស​បារាំង​ អង់គ្លេស​និង​អាល្លឺម៉ង់​ដើម្បី​ទាមទារ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ ស ប ​ដាក់​ទណ្ឌកម្ម​ទៅលើ​របប​ផ្តាច់ការ​ បាស្ហារ​អាល-អាស្សាដ​។
 
ទីក្រុង​វ៉ាស៊ីនតោន​តាមរយៈ​អ្នកនាំពាក្យ​នៃ​សេតវិមាន​បាន​ថ្លែង​ឲ្យ​ដឹងទៀតថា​ ​ សហរដ្ឋ​អាមេរិក​គាំទ្រ​ប្រជាជន​ស៊ីរី​ដែល​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​សេចក្តី​ក្លាហាន​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​ “​សេចក្តី​ថ្លៃថ្នូរ​”​ និង​ “​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​”​។
 
គួរកត់​សម្គាល់ថា​ ​ ប្រទេស​បារាំង​ អង់គ្លេស​ ព័រទុយហ្កាល​ និង​អាល្លឺម៉ង់​គ្រោង​​ទាមទារ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ ស ប ​ដាក់​ទណ្ឌកម្ម​ទៅលើ​របប​ផ្តាច់ការ​ បាស្ហារ​អាល-អាស្សាដ​ហើយនិង​ដាក់ទោស​ទៅលើ​កងកម្លាំង​សន្តិសុខ​ស៊ីរី​ដែលបាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ៕

 

tags: ស៊ីរី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
Close