អានតួអត្ថបទ
ជប៉ុន

ជប៉ុន​យល់ព្រមឲ្យ​មាន​បេសកកម្ម​របស់AIEA​នៅហ្វ៊ូគូស្ហ៊ីម៉ា​

អាជ្ញាធរ​ជប៉ុន​កំពុង​ខិតខំ​ធ្វើការ​ទប់ទល់​នឹង​ផលវិបាក​ដែល​កើត​ចេញ​ ពី​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា។​ ដំបូល​គ្រប​ការពារ​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ទី៥​និង​ទី៦​បាន​ត្រូវ​គេ ​ចោះ​ទម្លុះ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កើតមាន​ការផ្ទុះ​ដែល​បង្ក​ឡើង​ដោយ​ ឧស្ម័ន​Hydrogène។​ នៅ​ចន្លោះ​ពេល​នេះ​ ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ជាច្រើន​នៅតែ​បន្ត​ជះ​សារធាតុ​វិទ្យុ​សកម្ម​ ទៅក្នុង​លំហ​អាកាស។​ ក្រោយពី​មាន​ការទាមទារ​ពី​សំណាក់​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​ នុយក្លេអ៊ែរ​AIEA ​ ​ ប្រទេស​ជប៉ុន​ក៏​បាន​យល់ព្រម​ឲ្យមាន​បេសកកម្ម​របស់​AIEA​នៅ​ ហ្វ៊ូគូស្ហ៊ីម៉ា។

ដំបូល​គ្រប​​ការពារ​​ម៉ាស៊ីន​​ប្រតិកម្ម​​នុយក្លេអ៊ែរ​​ទី៥​​និង​​ទី៦នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​​បាន​ត្រូវ​គេ​​ចោះ​​ទម្លុះ​​ដើម្បី​​បញ្ចៀស​កុំ​ឲ្យ​​កើតមា​ន​ការផ្ទុះ​​​​ដោយ​​ឧស្ម័ន​​Hydrogène​
ដំបូល​គ្រប​​ការពារ​​ម៉ាស៊ីន​​ប្រតិកម្ម​​នុយក្លេអ៊ែរ​​ទី៥​​និង​​ទី៦នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​​បាន​ត្រូវ​គេ​​ចោះ​​ទម្លុះ​​ដើម្បី​​បញ្ចៀស​កុំ​ឲ្យ​​កើតមា​ន​ការផ្ទុះ​​​​ដោយ​​ឧស្ម័ន​​Hydrogène​ © REUTERS/DigitalGlobe
ផ្សាយពាណិជ្ជកម្ម

01:41

សេចក្តីរាយការណ៍របស់​ សៀក សារិន

ក្រុមហ៊ុន​គ្រប់គ្រង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​ឈ្មោះ​Tepco ឬ​Tokyo Electric Power Company កំពុង​ខិតខំ​រៀបចំ​ឲ្យ​មាន​ចរន្ត​អគ្គិសនី​ឡើងវិញ​ ​ ដើម្បី​ធ្វើ​ឲ្យ​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​បាត់បង់​កំដៅ​ខ្លាំង​របស់​ខ្លួន​ ​ ហើយនិង​កំពុង​ខិតខំ​ធ្វើការ​ទប់ទល់​នឹង​ការ​សាយ​ភាយ​​​នៃ​សារធាតុ​វិទ្យុសកម្ម។

 
វិធានការ​និង​បេសកកម្ម​របស់​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​នុយក្លេអ៊ែរ​AIEA ​មាន​លក្ខណៈ​ខុស​ពី​រដ្ឋាភិបាល​ជប៉ុន។​ ជាលើក​ទីមួយ​ហើយ​ដែល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​នឹងចេញ​ពី​ប្រភព​ឯករាជ្យ​ ​ ពុំមែន​ចេញពី​ប្រភព​រដ្ឋាភិបាល។​ ទាំងនេះ​ក៏​ដោយសារ​តែ​មាន​ការ​អញ្ជើញ​ទៅ​ទីក្រុង​តូក្យូ​និង​មាន​ការ​ទាមទារ​ដោយ​អគ្គនាយក​នៃ​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​នុយក្លេអ៊ែរ​AIEA​លោក​Yukiya Amano។

ជាច្រើន​ថ្ងៃ​មក​ហើយ​ដែល​ប្រទេស​ភាគច្រើន​ដែល​ជា​សមាជិក​នៃ​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​​នុយក្លេអ៊ែរ​AIEA ​បាន​ទាមទារ​ឲ្យ​មាន​វិធានការ​ថ្មី​នេះ។​ ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី​ហើយ​និង​ប្រទេស​ជិតខាង​របស់​ជប៉ុន​មួយ​ចំនួន​ទៀត​បារម្ភ​ខ្លាចក្រែង​មាន​សារធាតុ​វិទ្យុ​សកម្ម​សាយភាយ​ដល់​ដែនដី​របស់​ខ្លួន​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាជន។​ ប្រទេស​​ទាំងនោះ​លែង​ទទួល​ចង់បាន​ព័ត៌មាន​ដែល​ចេញ​ពី​ប្រភព​រដ្ឋាភិបាល​ជប៉ុន​ទៀតហើយ។

ដោយ​អនុលោម​តាម​សន្ធិសញ្ញា​ ​ ប្រទេស​ជប៉ុន​ត្រូវតែ​យល់ព្រម​តាម​ការ​ទាមទារ​របស់​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​នុយក្លេអ៊ែរ​AIEA ។​ ហើយបើ​រដ្ឋាភិបាល​ជប៉ុន​ពុំ​យល់ព្រម​តាម​ការ​ទាមទារ​របស់​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​នុយក្លេអ៊ែរ​AIEA ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិតប្រាកដ​ជូន​សាធារណជន​នោះ​ ​ ប្រជាជន​ជប៉ុន​ច្បាស់​ជា​ពុំ​យល់ព្រម​ហើយ​កើតមាន​កំហឹង​ក្រេវក្រោធ​ជាពុំខាន៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ