លោកស្រីJullia Gillard នាយករដ្ឋមន្ត្រីស្ត្រីទីមួយនៅអូស្រ្តាលី
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអូស្រ្តាលីដែលមាននាយក រដ្ឋមន្ត្រីជាភេទ ស្ត្រី។ ដោយគ្មានការនឹកស្មានទុកជាមុន លោកស្រីJulia Gillard នៃបក្សពលករប្រមូលបានការគាំទ្រពីគណបក្ស ឲ្យធ្វើជាប្រមុខដឹកនាំរដ្ឋាភិបាលអូស្ត្រាលី ជំនួសលោកនាយករដ្ឋមន្ត្រីចាស់ដែលបាត់បង់ប្រជាប្រិយភាពខ្លាំង និងដែលទើបបានសុំលាលែងចេញពីតំណែង។
មានអាយុ ៤៨ ឆ្នាំ លោកស្រីJulia Gillard អតីតមេធាវី និងជាមនុស្សសំខាន់ទីពីររបស់បក្សពលករ បានទទួលតំណែងដ៏កំពូលនៅក្នុងរដ្ឋាភិបាល និងជានាយករដ្ឋមន្ត្រី ស្ត្រីដំបូងបង្អស់ នៅអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ទី ២៤ មិថុនា ម្សិលមិញ។
ប្រសូតចេញពីគ្រួសារកម្មករសាមញ្ញមួយ នៅប្រទេសអង់គ្លេស និងដោយបញ្ហាសុខភាព របស់កុមារីJulia Gillardតែម្តង ក្រុមគ្រួសារទាំងមូល បានសម្រេចនិរទេសខ្លួនមកតាំងទីនៅក្នុងទឹកដីអូស្រ្តាលីដែលមានអាកាសធាតុក្តៅជាងអង់គ្លេស នៅឆ្នាំ ១៩៦៦។ បន្ទាប់ពីបានចូលសិក្សានៅថ្នាក់ឧត្តមសិក្សា បានជាងមួយឆ្នាំ លោកស្រី បានភ្ជាប់ខ្លួនចូលជាសមាជិកសកម្មនៃបក្សពលករអូស្ត្រាលី និងបានក្លាយជាមេធាវី ឯកទេសការងារ នៅឆ្នាំ ១៩៨៧។
ជាសមាជិកសភា តាំងពីឆ្នាំ១៩៩៨ លោកស្រីJulia Gillard ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ ក្រសួងការងារនិងទំនាក់ទំនងសង្គម នៅឆ្នាំខែវិច្ឆិកា ឆ្នាំ២០០៧។ ឆ្នាំដែលគណបក្សពលករបានឈ្នះឆ្នោត និងមានលោក Kevin Rudd ជានាយករដ្ឋមន្ត្រី។ ប៉ុន្តែដោយបញ្ហាអប្រជាប្រិយភាព ព្រោះជំរើសនយោបាយ លោក Kevin Rudd បានលាលែងចេញពីតំណែងប្រធានគណបក្សពលករ ដែលជាឱកាសមួយសម្រាប់លោកស្រីJulia Gillard បានក្លាយជានាយករដ្ឋមន្ត្រី។
ភ្លាមមួយរំពេច ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានអបអរស្វាគមន៍ចំពោះ ការឡើងតំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រី Julia Gillard និងបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវតិ្តសាស្ត្រមួយ។ លោក អូបាម៉ា ក៏បានថ្លែងអំណរគុណចំពោះលោក Kevin Rudd ដែលជាអ្នកចាញ់ ប្រកបកិត្តិយស សុខចិត្តលាលែងចេញពីតំណែងនៅពេលនយោបាយរបស់លោកអស់ប្រជាប្រិយភាព៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








