
ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តចាប់អារម្មណ៍ទៅលើភូមិសាស្ត្រនយោបាយនៃភូមិភាគអាស៊ីអាគ្នេយ៍ តទៅទៀត ដោយសូមលើកឡើងអំពីភាពផុយស្រួយនៃលទ្ធិប្រជាធិបតេយ្យនៅអាស៊ី អាគ្នេយ៍។ ផុយស្រួយ ពីព្រោះម្យ៉ាង សុទ្ធសឹងជាលទ្ធិប្រជាធិបតេយ្យថ្មីថ្មោងដែលតែងជួបនឹងវិបត្តិនយោបាយ សង្គម សេដ្ឋកិច្ច និងសន្តិសុខ ពីព្រោះម្យ៉ាងទៀត ថ្នាក់ដឹកនាំខ្លះនៅតែមិនព្រមទទួលគោលការណ៍ប្រជាធិបតេយ្យបែប បស្ចិមលោក។
ជាការពិតណាស់ដែលថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនបានបោះជំហាន ទៅរកលទ្ធិប្រជាធិបតេយ្យ ជាពិសេសនៅក្នុងអំឡុងទសវត្សរ៍ទី៩០។ ក៏ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យថ្មីថ្មោងទាំងនេះ ផុយស្រួយមែនទែន តែងជួបនឹងវិបត្តិបីប្រភេទ ៖ វិបត្តិនយោបាយ វិបត្តិសង្គម និងសេដ្ឋកិច្ច និងវិបត្តិសន្តិសុខ។
វិបត្តិនយោបាយតែងតែកើតឡើង នៅពេលដែលពលរដ្ឋចាប់ផ្តើមប្រឆាំងនឹងអ្នកដឹកនាំដែលខ្លួនបានបោះឆ្នោតតែងតាំងជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល។ ជាទូទៅ ពលរដ្ឋបែកចិត្ត ឈប់គាំទ្រអ្នកដែលខ្លួនបានបោះឆ្នោតឲ្យ ដោយហេតុតែពួកអ្នកដឹកនាំទាំងនេះ ពុករលួយ ឬគ្រប់គ្រងប្រទេសរបៀបផ្តាច់ការពេក។ វិបត្តិនយោបាយបែបនេះ បានកើតឡើង នៅហ្វីលីពីន ក្នុងខែមករាឆ្នាំ២០០១។ កាលនោះ លោកប្រធានាធិបតីហ្សូហ្សេហ្វ អេស្រ្តាដា (Joseph Estrada) ដែលជាប់ចោទថា បានគៃបន្លំយកប្រាក់រដ្ឋ ត្រូវបង្ខំចិត្តលាចេញពីតំណែង និងប្រគល់អំណាចទៅឲ្យលោកស្រីអនុប្រធានាធិបតីក្លូរីយ៉ា អារ៉ូយ៉ូ(Gloria Arroyo) ។ ករណីស្រដៀងគ្នា ក៏បានកើតឡើងដែរនៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែកក្កដាឆ្នាំ២០០១។ កាលនោះ លោកប្រធានាធិបតីវ៉ាហ៊ីដ(Wahid) ដែលជាប់ទាក់ទិនក្នុងរឿងពុករលួយ ក៏ត្រូវបាត់បង់អំណាចដែលបានទៅក្នុងដៃរបស់លោកស្រីអនុប្រធានាធិបតី ម៉េហ្កាវ៉ាទីស៊ុយកាណូពុយទ្រី (Megawati Sukarnoputri) វិញម្តង។
គ្រោះថ្នាក់ទីពីរ ដែលលទ្ធិប្រជាធិបតេយ្យថ្មីថ្មោង នៅអាស៊ីអាគ្នេយ៍ជួបប្រទះ គឺវិបត្តិសេដ្ឋកិច្ច និងសង្គម។ គឺជាសំណាងមួយល្អហើយ ដែលវិបត្តិសេដ្ឋកិច្ចអាស៊ី នៅឆ្នាំ១៩៩៧ មិនអូសបន្លាយយូរ និងមិនធ្វើឲ្យលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីទាំងនេះដួលរលំ។ ក៏ប៉ុន្តែ ភាពក្រីក្រ និងទុក្ខវេទនារបស់ប្រជាជនភាគច្រើន ដូចជានៅហ្វីលីពីន ឥណ្ឌូនេស៊ី ឬ កម្ពុជា ធ្វើឲ្យផុយស្រួយ លទ្ធិប្រជាធិបតេយ្យ។ នៅក្នុងបណ្តាប្រទេសទាំងនេះ លទ្ធិប្រជាធិបតេយ្យនៅខ្វះចន្ទល់មួយដ៏សំខាន់ នោះគឺការស្វែងរកកំណើនសេដ្ឋកិច្ច ដើម្បីឲ្យប្រជាជាតិទាំងមូលធូរធារ មិនមែនឲ្យធូរធារតែអ្នកមាន និងអ្នកមានអំណាចមួយក្តាប់តូចតែប៉ុណ្ណោះទេ។
ក្រៅពីនេះ វិបត្តិសន្តិសុខក៏អាចនឹងក្លាយជាគ្រោះថ្នាក់ធំដែរ សម្រាប់លទ្ធិប្រជាធិបតេយ្យថ្មីថ្មោង នៅអាស៊ីអាគ្នេយ៍។ គ្រោះថ្នាក់នេះ អាចស្តែងចេញ តាមរយៈរូបភាពពីរខុសគ្នា។ រូបភាពទីមួយ គឺ អំពើភេរវកម្ម ដែលមានកើតឡើងជាហូរហែ នៅប៉ែកខាងត្បូងប្រទេសថៃ នៅឥណ្ឌូណេស៊ី ឬនៅហ្វីលីពីន។ ចូរកុំភ្លេចថា ពួកភេរវជន ជាពិសេសពួកភេរវជនអ៊ីស្លាមជ្រុលនិយម ជាសត្រូវរបស់លទ្ធិប្រជាធិបតេយ្យ។ រីឯរូបភាពទីពីរវិញនៃវិបត្តិសន្តិសុខ ដែលអាចគំរាមលទ្ធិប្រជាធិបតេយ្យ នៅអាស៊ីអាគ្នេយ៍ គឺសង្គ្រាម សង្គ្រាមស៊ីវិល ឬសង្គ្រាមរវាងប្រទេសជិតខាងរបងជាមួយ។ ជាការពិតណាស់ដែលថា ខុសពីនៅអាស៊ីបូព៌ាដែលសម្បូរទៅដោយចំណុចក្តៅគគុក ដូចនៅឧបទ្វីបកូរ៉េ ឬនៅដៃសមុទ្រហ្វូកម៉ូស(Formose) អាស៊ីអាគ្នេយ៍ជាតំបន់ស្ងប់ល្អ គ្មានភាពតានតឹងឡើយ នៅដើមសតវត្សរ៍ទី២១នេះ។ ក៏ប៉ុន្តែ ការប៉ះទង្គិចគ្នាជាច្រើនសា រវាងកងទ័ពថៃ និងកងទ័ពខ្មែរ នៅម្តុំ ព្រះវិហារ ក្នុងអំឡុងចុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ គួរជំរុញអ្នកដឹកនាំនៅក្នុងតំបន់ឲ្យបង្កើនការប្រុងប្រយ័ត្ន។
យ៉ាងណាក៏ដោយ សព្វថ្ងៃ អាស៊ីអាគ្នេយ៍ នៅតែជាទី ដែលលទ្ធិប្រជាធិបតេយ្យមានដំណើររប៉ាក់រប៉ើក។ មូលហេតុមានច្រើនយ៉ាង៖ មូលហេតុទីមួយ គឺមកអំពីថ្នាក់ដឹកនាំខ្លះ មិនព្រមទទួលគោលការណ៍ប្រជាធិបតេយ្យ បែបបស្ចិមលោក នាំគ្នានិយាយថា មិនត្រូវអនុវត្តឡើយ ឬក៏មិនត្រូវអនុវត្តម៉ត់ចត់ហួសហេតុពេកទេ លទ្ធិប្រជាធិបតេយ្យ។ ដើម្បីពង្រឹងទឡ្ហីករណ៍នេះ ពួកគេបានទាំងចងក្រងឡើងនូវអ្វីដែលគេហៅថា« គោលការណ៍អាស៊ី » (Les valeurs asiatiques)។
តើអ្វីទៅ គោលការណ៍អាស៊ី ? វាគឺជាទ្រឹស្តីមួយដែលអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី គាន់យូ (Lee Kuan Yew) បានបង្កើតឡើង ក្នុងគោលដៅច្រានចោលលទ្ធិប្រជាធិបតេយ្យបែបបស្ចិមលោក។
លី គាន់យូ បានអះអាងជាអាទិ៍ថា បណ្តាសង្គមអាស៊ី មានប្រពៃណីរបស់គេ ដែលខុសគ្នាស្រឡះពីប្រពៃណីបស្ចិមលោក។ បស្ចិមលោកឲ្យតម្លៃទៅលើបុគ្គល សេរីភាព និងវិស្សមកាល ចំណែកពិភពអាស៊ីឲ្យតម្លៃ ទៅលើគ្រួសារ សង្គម វិន័យ សណ្តាប់ធ្នាប់ អំណាច និងការងារ។
សម្រាប់លី គាន់យូ គោលការណ៍អាស៊ីប្រសើរជាងគោលការណ៍ប្រជាធិបតេយ្យ។ នេះមិនមែនជាការមួយចៃដន្យឡើយ ពីព្រោះ ពីទសវត្សរ៍ទី៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍ទី៩០ បណ្តាប្រទេសដែលគេហៅថា« នាគអាស៊ី »មានកំណើនសេដ្ឋកិច្ចក្លៀវក្លា នៅពេលដែលសេដ្ឋកិច្ចបស្ចិមលោកជាទូទៅបាត់បង់សន្ទុះ ជាហេតុជំរុញ នៅពេលនោះ ឲ្យបណ្តាប្រទេសនាគសេដ្ឋកិច្ចទាំងនេះ និយាយអួតអាងអំពីគំរូសង្គមរបស់ពួកគេ និងទិតៀនគំរូសង្គមរបស់បស្ចិមលោក។
មូលហេតុមួយទៀត ដែលបង្កឲ្យលទ្ធិប្រជាធិបតេយ្យមានដំណើររប៉ាក់រប៉ើក នៅអាស៊ីអាគ្នេយ៍ គឺការលេចត្រដែតឡើងខ្លាំងនៃប្រទេសចិនកុម្មុយនិស្ត នៅលើឆាកតំបន់ និងនៅលើឆាកអន្តរជាតិ។ ទីក្រុងប៉េកាំងខ្លួនឯង ដែលនៅតែមិនព្រមផ្តល់សិទ្ធិនយោបាយ ឲ្យពលរដ្ឋរបស់ខ្លួន រកស៊ីជាមួយប្រទេសកាន់អំណាចផ្តាច់ការដូចយ៉ាងភូមា ធ្វើឲ្យទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចិមលោកទៅលើប្រទេសនេះគ្មានប្រសិទ្ធិភាព ហើយផ្តល់ជំនួយគ្មានល័ក្ខខ័ណ្ឌនយោបាយ ដល់ប្រទេសប្រជាធិបតេយ្យថ្មីថ្មោងដូចជាកម្ពុជាជាដើម។ ឯមូលហេតុចុងក្រោយ គឺការដែលប្រទេសអាស៊ីមួយចំនួន នៅតែមិនព្រមបោះបង់ចោលរដ្ឋប្រហារយោធា ដូចជាប្រទេសថៃជាដើម។
បន្ថែមពីលើនេះ ទស្សនវិស័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន មិនអាចបំផុសឲ្យមាន សុទិដ្ឋិនិយមបានទេ នៅចំពោះមុខការវិវឌ្ឍន៍ទៅ នៃលទ្ធិប្រជាធិបតេយ្យ នៅអាស៊ីអាគ្នេយ៍ ពីព្រោះបើវិបត្តិអូសបន្លាយយូរ វានឹងកាត់បន្ថយកំណើនសេដ្ឋកិច្ច វានឹងបណ្តាលឲ្យអ្នកក្រីក្រកើនចំនួន ហើយបែរទៅរកចលនានយោបាយជ្រុលនិយម៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ