អាស៊ានបង្កើតមូលនិធិដើម្បីជំរុញការធ្វើសមាហរ័ណកម្មសេដ្ឋកិច្ច

កាលពីថ្ងៃសៅរ៍ ២៤ កញ្ញា ២០១១ ម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៃប្រទេសសមាជិកអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតមូលនិធិមួយ ដែលមានទឹកប្រាក់ប្រមាណជិត ៥០០លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ាន។ នេះគឺជាជំហានមួយ ក្នុងដំណើរឆ្ពោះទៅការធ្វើសមាហរ័ណកម្មសេដ្ឋកិច្ច នៅឆ្នាំ២០១៥។
កិច្ចព្រមព្រៀងបង្កើតមូលនិធិអាស៊ាននេះ ត្រូវបានចុះហត្ថលេខា នៅទីក្រុងវ៉ាស៊ីងតោន ក្នុងពេលដែលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាស៊ាន ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក។
ជាមួយនឹងទឹកប្រាក់ចំនួនជាង ៤៨៥លានដុល្លារ អាស៊ានរំពឹងថា មូលនិធិនេះអាចនឹងផ្តល់ឥណទានដល់ប្រទេសជាសមាជិក ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ផ្លូវដែក និងគម្រោងផ្សេងៗទៀត ដោយមិនចាំបាច់ស្វែងរកជំនួយពីបរទេស។ គោលដៅចម្បងនៃមូលនិធិនេះ គឺត្រួសត្រាយផ្លូវ ឆ្ពោះទៅរកការធ្វើសមាហរ័ណកម្មសេដ្ឋកិច្ច បង្កើតជាទីផ្សាររួម ដែលអាស៊ានគ្រោងធ្វើឲ្យបាន នៅឆ្នាំ២០១៥ខាងមុខ។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី ដែលបច្ចុប្បន្នជាប្រធានអាស៊ាន បានថ្លែងថា បានជាអាស៊ានសម្រេចបង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធនេះ គឺដោយសារតែអាស៊ានបានធ្វើការសិក្សាអំពីគំរូប្រទេសជឿនលឿន ហើយឃើញថា កត្តាចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច គឺហេដ្ឋារចនាសម្ព័ន្ធ។
មូលនិធិដែលទើបនឹងបង្កើតថ្មីនេះ នឹងតាំងទីស្នាក់ការនៅក្នុងប្រទេសម៉ាឡេស៊ី។ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ម៉ាឡេស៊ី គឺជាប្រទេសផ្តល់វិភាគទានច្រើនជាងគេ ក្នុងមូលនិធិនេះ ពោលគឺ រហូតដល់ទៅ ១៥០លានដុល្លារ។ ឥណ្ឌូណេស៊ី ដែលជាមហាអំណាចសេដ្ឋកិច្ចអាស៊ាន ផ្តល់វិភាគទានចំនួន ១២០លានដុល្លារ។
ភូមា ដែលតែងជាបញ្ហាចម្រូងចម្រាសរបស់អាស៊ាននោះ មិនបានចូលរួមក្នុងមូលនិធិនេះទេ នៅពេលនេះ។ ប្រទេសថៃវិញក៏នឹងមិនទាន់អាចចូលរួមក្នុងមូលនិធិនេះភ្លាមៗដែរ ដោយសារតែត្រូវឆ្លងកាត់នីតិវិធីដ៏សែនស្មុគស្មាញក្នុងប្រទេស។ ក៏ប៉ុន្តែ លោកសុរិន្ទ ពិតសុវណ្ណ ដែលជាអគ្គលេខាធិការអាស៊ាន និងជាអតីតរដ្ឋមន្រ្តីការបរទេសថៃ បានឲ្យដឹងថា ថៃនឹងចូលរួមក្នុងមូលនិធិអាស៊ាននេះ នៅពេលខាងមុខ។
ក្រៅពីសមាជិកអាស៊ាន ធនាគារអភិវឌ្ឍអាស៊ី (ADB) ក៏នឹងចូលរួមវិភាគទានចំនួន ១៥០លានដុល្លារដែរ។ បើយោងតាមប្រធានធនាគារអភិវឌ្ឍអាស៊ី មូលនិធិរបស់អាស៊ាន ដែលទើបនឹងបង្កើតថ្មីនេះ នឹងត្រូវដាក់ក្រោមការគ្រប់គ្រងរបស់ធនាគារអភិវឌ្ឍអាស៊ី ដើម្បីត្រួតពិនិត្យមើលថា រាល់ការធ្វើវិនិយោគទៅលើគម្រោងទាំងអស់ត្រូវបានធ្វើឡើងដោយត្រឹមត្រូវ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ