កម្ពុជា-អាស៊ាន-ចិន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 22 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 22 តុលា 2012

ឧត្តមមន្ត្រី​អាស៊ាន-ចិន​នឹង​ជជែក​អំពី​ដំណោះស្រាយ​សមុទ្រ​ចិន​ខាង​ត្បូង

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ពេល​ជួប​ជជែក​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី អំពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង
រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ពេល​ជួប​ជជែក​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី អំពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង
RFI/Delux Leang

ដោយ លាង ដឺលុច

នៅខណៈដែល​ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី​មក​គោរព​វិញ្ញាណក្ខន្ធ​ព្រះបរមសព​សម្តេច​ឪ​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ប្រមុខ​ការទូត ម៉ារទី ណាតាឡេហ្កាវ៉ា​បាន​ឆ្លៀត​ជួប​ពិភាក្សាការងារ​ ជាមួយ​ប្រមុខ​ការទូត​កម្ពុជា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​តែ​ម្តង។ របៀបវារៈ​នៃ​ជំនួប​គឺ​បញ្ហា​តំបន់​ដ៏សំខាន់​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ រដ្ឋមន្ត្រី​កម្ពុជា​លោក​ហោ ណាំហុង​បាន​ថ្លែងអោយដឹងថា កម្ពុជា​បាន​ជំរុញ​អោយ​មាន​ការ​ជួប​គ្នា​ជា​ផ្លូវ​ការ​រវាង​ឧត្តម​មន្ត្រី​អាស៊ាន និង​ចិន​ដើម្បី​បន្ត​ជជែក​បញ្ហា​ក្រម​ប្រតិបត្តិ​ស្តី​ពី​ដំណោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​​នេះ។

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ
 

22/10/2012

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​ដើម្បី​រៀបចំ​អោយ​មាន​ការ​ប្រជុំ​ផ្លូវការ​រវាង​ឧត្តម​មន្ត្រី​អាស៊ាន​ស្តី​អំពី​ក្រមប្រតិបត្តិ​ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ចន្ទទី​២២​តុលានេះ។
លោកប្រមុខ​ការទូត​កម្ពុជា​បាន​ថ្លែង​យ៉ាង​នេះ​បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សមភាគី​ឥណ្ឌូនេស៊ី លោក​ម៉ារទី ណាតាឡេហ្កាវ៉ា ដែល​មក​ប្រទេស​កម្ពុជា​ដើម្បី​គោរព​ព្រះវិញ្ញាណក្ខន្ធ​សម្តេចឪ​នរោត្តម សីហនុ។
 
លោក ហោ ណាំហុង​បានរៀបរាប់អោយដឹង​ថា លោក​​បានស្នើ​ទៅ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​រួចហើយឲ្យ​មានការ​ប្រជុំ​ផ្លូវការនៃឧត្តមមន្ត្រីអាស៊ាន ហើយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ឯកភាព​តាម​ការស្នើសុំ​របស់លោកហើយដែរ។ លោក​បន្តថា ឥឡូវនេះ លោក​ក៏បាន​ស្នើ​ទៅ​រដ្ឋមន្ត្រីការបរទេស​ថៃ ដែលជា​ប្រទេស​សម្របសម្រួល​ជាមួយប្រទេស​ចិន ដើម្បី​ស្នើ​ទៅ​ចិន​ឲ្យ​មានការ​ប្រជុំ​ផ្លូវការ​រវាង​ឧ​ត្ត​ម​មន្ត្រី​ អាស៊ាន និង​​ចិន។
 
គួរ​បញ្ជាក់ថា លោក​ប្រមុខ​ការទូត​កម្ពុជា​ត្រូវ​អំពាវនាវអោយ​មាន​កិច្ច​ប្រជុំ​ចំហផ្លូវការ​យ៉ាងដូច្នេះ បន្ទាប់​ពី​ក្រុម​ឧត្តម​មន្ត្រី​អាស៊ាន​ធ្លាប់​ប្រជុំ​មិន​ផ្លូវការ​២ដង​រួចមកហើយ។ ហើយថា​​នៅពេល​ខាងមុខនេះ ក៏​នឹង​មានការប្រជុំ​មិន​ចំហ​នៅ​ភូ​កេ​តប្រទេសថៃ នា​ថ្ងៃទី២៩ ខែតុលា រវាង​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន និង​ឧ​ត្ត​ម​មន្ត្រី​ចិន ដើម្បី​ពិភាក្សា​អំពី​ក្រម​ប្រតិបត្តិ​ស្តីពី​ដំណោះ​សា្រយ​​នៃ​ជម្លោះ​សមុទ្រចិន​ខាងត្បូង​នេះ​ទៀត​ដែរ។
 
យោងតាម​សារព័ត៌មាន​នៃ​ប្រទេស​សិង្ហបុរី លោក​នាយករដ្ឋមន្ត្រី​សឹង្ហបុរី លី ស៊ានឡុង​​ក្នុង​ឱកាស​ដែល​លោក​មក​កម្ពុជា​ដើម្បី​គោរព​ព្រះ​បរមសព​សម្តេច​ឪ លោក​ក៏​បាន​ពិភាក្សា​ជាមួយ​សមភាគី​កម្ពុជា​អំពី​ដំណោះស្រាយ​សមុទ្រ​ចិន​ខាងត្បូង​នេះដែរ។ លោក​នាយក​រដ្ឋមន្ត្រី​​សិង្ហបុរី​ចង់​ឃើញ​ការ​វិវត្ត​ផ្នែក​ដំណោះស្រាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ាន​នៅ​ក្នុង​​ខែ​វិច្ឆិកា​ខាងមុខនេះ ដែល​កិច្ច​ប្រជុំ​នេះ​នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ។
 
គួរ​រម្លឹកថា ព្រោះតែ​ចំណុច​មិន​ស្រប​គ្នា​នៃ​បញ្ហា​សមុទ្រ​ចិនខាង​ត្បូង​តែ​មួយ​ វា​បាន​រំខាន​ធ្វើ​អោយ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​១៣០​ចំណុច​ផ្សេងទៀត​ កាល​ពី​ខែ​កក្កដា​កន្លងទៅ៕

 

tags: កម្ពុជា - ចិន - សមុទ្រចិនខាងត្បូង - អាស៊ាន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close