កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 16 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 16 កក្កដា 2012

តុលាការ​ឃុំ​ខ្លួន​លោក ​ម៉ម សូណង់ដូ​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ នៅ​ខេត្ត​ក្រចេះ​

លោក ម៉ម សូណង់ដូ ត្រូវ​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស បន្ទាប់ពី​ត្រូវ​តុលាការ​ចេញ​ដីការ​ចោទប្រកាន់​
លោក ម៉ម សូណង់ដូ ត្រូវ​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស បន្ទាប់ពី​ត្រូវ​តុលាការ​ចេញ​ដីការ​ចោទប្រកាន់​
©RFI/ siv channa

ដោយ លី ម៉េងហួរ

នៅ​​រសៀល​​ថ្ងៃ​​ចន្ទ​​នេះ ​ចៅក្រម​​តុលាការ​​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ​ បាន​​សម្រេច​​ឃុំ​ខ្លួន​​លោក​ ម៉ម​ សូណង់ដូ ​នៅ​​ពន្ធនាគារ​​ព្រៃ​​ស​ ពាក់​ព័ន្ធ​​នឹង​​ជម្លោះ​​ដីធ្លី​​នៅ​​ខេត្ត​​ក្រចេះ​។​ លោក​ ម៉ម សូណង់ដូ ​ប្រធាន​​វិទ្យុ​​សំបុក​ឃ្មុំ​ និង​​ជា​​ប្រធាន​​សមាគម​​អ្នក​ប្រជាធិបតេយ្យ​ ត្រូវ​បាន​​ប៉ូលិស​​ចាប់​ខ្លួន​កាលពី​​ព្រឹក​​ថ្ងៃ​អាទិត្យ​ទី​​១៥ ​កក្កដា​ម្សិលមិញ​ពាក់ព័ន្ធ​​នឹង​​រឿង​​ជម្លោះ​​ដីធ្លី​ នៅ​​ភូមិ​​ប្រម៉ា​ ឃុំ​​កំពង់​​ដំរី​ស្រុក​​ឆ្លូង​ខេត្ត​​ក្រចេះ​។​ សំណុំរឿង​​លើ​​ករណី​​លោក​​ម៉ម​​សូណង់ដូ​ ត្រូវ​បាន​​ផ្ទេរ​​ពី​​តុលាការ​​ខេត្ត​​ក្រចេះ​ មក​​តុលាការ​​ក្រុង​ភ្នំពេញ​ដោយ​សារ​​តែ​​សំណុំរឿង​​មាន​​ភាព​ស្មុគស្មាញ​និង​​ជា​​ករណី​​ពិសេស​។​ នៅ​​ក្រៅ​​របង​​តុលាការ ​ព្រឹក​មិញ​ក៏​​មាន​​អ្នក​គាំទ្រ​​លោក​ម៉ម​ សូណង់ដូ ​​​ប្រមាណ ​៣០​នាក់​ជួបជុំ​លើក​​បដា​និង​​រូបថត​​របស់​​លោក​​ម៉ម​​សូណង់ដូ ​ហើយ​ស្រែក​​តវ៉ា​ឲ្យ​មាន​​ការ​ដោះលែង​​លោក​​ម៉ម​​សូណង់ដូ​ មក​វិញ​។​​
 

សេចក្តីរាយ​ការណ៍​របស់​​ លី ម៉េងហួរ
 

16/07/2012

លោក ម៉ម សូណង់ដូ ត្រូវបាន​ប៉ូលិស​នាំ​ទៅ​កាន់​តុលាការក្រុង​ភ្នំពេញ កាលពី​ម៉ោង ១០ និង ២០ នាទី ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែកក្កដា ឆ្នាំ​២០១២​។ រហូតដល់​ម៉ោង​ជាង ១​រសៀល​នេះ ប៉ូលិស​បាន​នាំ​ខ្លួន​លោក ម៉ម សូណង់ដូតាម​ឡាន ចេញពី​តុលាការ​ភ្នំពេញ ទៅ​ឃុំឃាំង នៅ​ពន្ធនាគារ​​ព្រៃ​ស​។​

 
​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ត្រូវ​បាន​​ប៉ូលិសចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​។​​នៅ​ក្រៅ​របង​តុលាការ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ​ប្រមាណ ៣០​នាក់ បាន​លើក​រូបថត​លោក ម៉ម សូណង់ដូ និង​ស្រែក​ទាមទារ​ឲ្យ​តុលាការ ដោះលែង​លោក ម៉ម សូណង់ដូ​។​

ក៏​ប៉ុន្តែ​លោកស្រី​ចៅក្រម សែម សក្តិ​កូណា បាន​សម្រេច​ឃុំខ្លួន លោក​ម៉ម​សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃ​សក្រោម​ការចោទប្រកាន់​ពី​បទជា​អ្នកផ្តើមគំនិត មាន​ស្ថាន​ទម្ងន់ទោស​ប្រឆាំង​នឹង​​អ្នករាជការ​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុសច្បាប់នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ​ របស់​អាជ្ញាធរ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់​​ដែល​មានចែង​ក្នុង​មាត្រា ២៨, ៥០៤, ៤៥៧ និង​មាត្រា ៤៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។

​ការចោទប្រកាន់​ដូច្នេះ នឹង​នាំឲ្យ​លោក ម៉ម សូណង់ដូ ត្រូវ​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៩ ឆ្នាំ ៦ ខែ ទៅ ២១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥ លាន​រៀល ទៅ ១២ លាន​រៀល​។ ​ភរិយា​​លោក ម៉ម សូណង់ដូ គឺ​លោកស្រី ឌិន ផា​ណា​រ៉ា បាន​ច្រានចោល​ការចោទប្រកាន់ ហើយ​ថា ក្នុង​ករណី​​ចាប់ខ្លួន​លោក ម៉ម សូណង់ដូ ​លោក​ស្រីបាន​ស្នើសុំ​ការអន្តរាគមន៍​ពី​​ស្ថានទូត​បារាំង ប្រចាំ​​កម្ពុជា កាលពី​ថ្ងៃអាទិត្យ ពីព្រោះ​លោក ម៉ម សូណង់ដូ ក៏​មាន​សញ្ជាតិ​បារាំង​ផងដែរ​។
 
​មាន​អាយុ ៧០ ឆ្នាំ លោក ម៉ម សូណង់ដូ ធ្លាប់​ត្រូវ​រដ្ឋាភិបាល​កម្ពុជា ចាប់​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​លើក​រួចមកហើយ​។ ទី​១-​ទាក់ទង​នឹង​កុបកម្ម​ប្រឆាំង​ថៃ ឈាន​ដល់​ការដុត​ស្ថានទូត​ថៃ​ កាល​ពីដើមឆ្នាំ​២០០៣ និង​ទី​២-​ពាក់ព័ន្ធ​នឹង​ការរិះគន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ចុងឆ្នាំ​២០០៥​។​

ករណី​ជម្លោះ​ដី​ នៅ​ខេត្ត​ក្រចេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែនប្រកាស​ចាត់វិធានការ​តាម​​ផ្លូវ​តុលាការប្រឆាំង​នឹង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យដែលមានលោកម៉ម​សូណង់ដូ​ ជាប្រធាន។ ​លោកនាយក​រដ្ឋមន្ត្រី អះអាងថា ប្រធាន​សមាគម​នេះ​ជា​អ្នក​បំផុស​មហាជន​ឲ្យ​ចាប់​ដី​អនាធិបតេយ្យ និងបង្កើត​តំបន់​អបគមន៍ រហូត​ដល់​រដ្ឋាភិបាល​បញ្ចេញ​កម្លាំង​ប៉ូលិស និង​កងទ័ព​បង្ក្រាប ​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ រហូត​នាំ​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ត្រូវ​ចាប់ខ្លួន និង​រត់​គេចខ្លួន​៕​

 

tags: កម្ពុជា - ជម្លោះដីធ្លី - តុលាការ - នយោបាយ - សិទ្ធិមនុស្ស
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close