អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ក្រុង​ភ្នំពេញ​រារាំង​ព្រះសង្ឃ​ដែល​ប៉ុនប៉ង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​មុខ​ទូត​ចិន

បណ្តេញ​ព្រះ​សង្ឃ ​និង​ប្រជាពលរដ្ឋ​ បាន​បរាជ័យ​ក្នុង​ការ​ប៉ុនប៉ង​ប្រមូល​ផ្តុំគ្នា​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​ នៅ​មុខ​ស្ថាន​ទូត​ចិន​ នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ចំការមន​បាន​ព្រមាន​ប្រើ​វិធាន​ការ​រដ្ឋបាល។​ តែ​អាជ្ញាធរ​ក៍​បាន​ណែនាំ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ទាំង​អស់​នេះ​ ឲ្យ​ទៅ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​វិញ​។

ព្រះ​សង្ឃ​ និង​ប្រជាពលរដ្ឋ​ មាន​បំណង​ចង់​ធ្វើ​កូដ​កម្ម​នៅ​មុខ​ស្ថាទូត​ចិន​ ត្រូ​វ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការ​ម​នបំបែក​ចេញ​។​
ព្រះ​សង្ឃ​ និង​ប្រជាពលរដ្ឋ​ មាន​បំណង​ចង់​ធ្វើ​កូដ​កម្ម​នៅ​មុខ​ស្ថាទូត​ចិន​ ត្រូ​វ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការ​ម​នបំបែក​ចេញ​។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​កញ្ញា​ម្សិលម៉ិញ​ បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ទាំងអស់​នេះ​ ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​មុខ​ស្ថាន​ទូត​ចិន​ក្តី​ ក៏​បណ្តេញ​ព្រះ​សង្ឃ​ និង​ប្រជាពលរដ្ឋ​ទាំង​នោះ​ បាន​មក​ជួប​ជុំ​គ្នា​តាម​ការ​គ្រោង​ទុក​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ​ ប៉ុន្តែ​ការ​ជួប​ជុំ​ មិន​បាន​ប៉ុន្មាន​ផង​ ក៏​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការមន​ ដែល​ប្រដាប់​ដោយ​ដំបង​ បាន​បំបែក​និង​បង្វែរ​ឲ្យ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ដែល​មាន​គ្នា​មិនដល់​១០​នាក់​ផង​នោះ ​ទៅ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ។

គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​១២​កញ្ញា​ម្សិល​ម៉ិញ​ លោក​ ឃួង​ ស្រេង​ អភិបាល​រង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​បណ្តាញ​ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​ ដែល​តាម​គម្រោង​មាន​គ្នា​១០០​អង្គ​និង​នាក់​ ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​នៅ​មុខ​ស្ថាន​ទូត​ចិន​ ដើម្បី​ប្រឆាំង​នឹង​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​ ស្ទឹង​ឆាយ​អារ៉ែង​នេះ​ទេ។​ អ៊ី​ចឹង​ហើយ​ បាន​ជា​នៅ​ព្រឹក​ថ្ងៃ​សៅរិ៍​នេះ​ គ្រាន់​តែ​ក្បួន​របស់​ព្រះសង្ឃ​មាន​គ្នា​មិន​ដល់​១០​អង្គ​ផង​នោះ ​ចាប់​ផ្តើម​ប្រើ​វិធាន​ការ​បំបែក​ និង​បាន​ដក​ហូត​យក​ក្បាល​ម៉េក្រូ​របស់​លោក​ ស៊ន សង្វាត​ តំណាង​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ទាំង​នេះ​ផង​ដែរ។ ​ប៉ុន្តែ​ការ​ប្រឈម​មុខ​កាល​ពី​ព្រឹក​ម៉ិញ​ មិន​មាន​ហិង្សា​កើត​ឡើង​នោះ​ទេ។

នៅ​ពេល​ដើរ​មក​ដល់​ទីលាន​ប្រជាធិបតេយ្យ ​លោក​ ស៊ន សង្វាត​ តំណាង​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ បាន​ធ្វើ​សន្និសីទ​កាសែត​ខ្លី​ថា​ ពួក​គេ​មិន​ផ្លាស់​ប្តូរ​ជំហរ​នោះ​ទេ ​ហើយ​ពួក​គេ ​នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ​ស្ថាន​ទូត​ចិន​ម្តង​ទៀត​ ដើម្បី​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​ប្រឆាំង​នឹង​គម្រោង​សាង​សង់​ទំនប់​វារីអគ្គីសនី​ នៅ​ស្ទឹង​ឆាយ​អារ៉ែង ​ក្នុង​ខេត្ត​កោះកុង។

ស្ទឹង​ឆាយ​អារ៉ែង ​ដែល​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ទាំងនេះ ​បាន​ទៅ​ទស្សនា​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​២​កញ្ញា​កន្លង​ទៅ ​ហើយ​ពួកគេ​បាន​អះ​អាង​ថា​ ជា​តំបន់​ដ៍​ស្រស់​ស្អាត​ និង​សំបូរ​ដោយ​សត្វ​កម្រ​រស់​នៅ។ ​តំបន់​នេះ ​ត្រូវ​បាន​ក្រុមហ៊ុន​ស៊ីណូហៃឌ្រូ​របស់ចិន​ គ្រោង​នឹង​សាង​សង់​ជា​ទំនប់​វារីអគ្គីសនី​ ដែល​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ជឿ​ជាក់​ថា​ នឹង​បំផ្លាញ​សម្រស់​ធនធាន​ធម្មជាតិ​ទាំង​អស់​នោះ។

កាល​ពី​ពេល​កន្លង​ទៅ ​អង្គការ​មាតា​ធម្មជាតិ​ និង​បណ្តាញ​យុវជន​ខ្មែរ​ ក៏​បាន​ធ្វើ​សកម្មភាព​តវ៉ា​តាម​រូបភាព​ផ្សេង​ៗ​ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​នេះ​ផង​ដែរ​។ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។ ​ពួក​គេ​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គីសនី ​ហើយ​ប្រែ​ក្លាយ​តំបន់​នេះ ​ទៅ​ជា​តំបន់​អេកូទេសចរណ៍​ សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទស្សនា​កម្សាន្ត​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ