
ដោយសារតែតុលាការយុត្តិធម៌អន្តរជាតិកំពុងតែជំនុំជម្រះសំណុំរឿងកម្ពុជា-ថៃ នៅក្នុងនាទីយល់ដឹងអំពីច្បាប់នៅថ្ងៃនេះ សេង ឌីណា នឹងពន្យល់អំពីសមាសភាពចៅក្រម និងនីតិវិធីនៃការសម្រេចសេចក្តី នៅក្នុងតុលាការអន្តរជាតិ។
តើចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ មានប៉ុន្មានរូប ហើយជ្រើសរើសដោយរបៀបណា?
ចៅក្រមមានទាំងអស់ ១៥រូប ជ្រើសរើសតាមរយៈការបោះឆ្នោត នៅអ.ស.ប.។ ការបោះឆ្នោតជ្រើសរើសចៅក្រមតុលាការយុត្តិធម៌អន្តរជាតិត្រូវធ្វើឡើង ដោយក្រុមប្រឹក្សាសន្តិសុខផង និងដោយមហាសន្និបាតអ.ស.ប.ផង (បោះឆ្នោតដាច់ដោយឡែកពីគ្នា ប៉ុន្តែ ធ្វើនៅក្នុងពេលជាមួយគ្នា)។ ដើម្បីបានជាប់ឆ្នោត បេក្ខជនត្រូវការសំឡេងភាគច្រើនដាច់ខាត (៥០% បូក ១) ទាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខ និងនៅក្នុងមហាសន្និបាត។ មានន័យថា បេក្ខជនត្រូវទទួលបានសំឡេងគាំទ្រ យ៉ាងតិច ៨សំឡេង នៅក្នុងក្រុមប្រឹក្សាសន្តិសុខ និង ៩៧ សំឡេង នៅក្នុងមហាសន្និបាត។
ចៅក្រមនីមួយៗមានអាណត្តិ ៩ឆ្នាំ ហើយអាចឈរឈ្មោះជាថ្មីទៀតបាន ក្រោយពីចប់អាណត្តិ។
ដើម្បីរក្សានិរន្តរភាពនៃតុលាការ ចៅក្រមទាំង ១៥រូបមិនចប់អាណត្តិ ក្នុងពេលតែមួយទេ។ រៀងរាល់ ៣ឆ្នាំម្តង ចៅក្រម ១ភាគ ៣ (មានន័យថា ៥រូប) ត្រូវផុតអាណត្តិ ហើយត្រូវបោះឆ្នោតជ្រើសរើសចៅក្រមថ្មីមកជំនួស។
ក្រោយពីជាប់ឆ្នោត ចៅក្រមទាំង ១៥រូប ត្រូវបោះឆ្នោតជ្រើសរើស ប្រធានមួយរូប និងអនុប្រធានមួយរូប ពីក្នុងចំណោមសមាជិកទាំង ១៥។ ប្រធាន និងអនុប្រធានតុលាការយុត្តិធម៌អន្តរជាតិមានអាណត្តិ ៣ឆ្នាំ។
តើចៅក្រមតុលាការយុត្តិធម៌អន្តរជាតិបំពេញមុខងារ ក្នុងឋានៈជាតំណាងឲ្យប្រទេសមួយ ឬជាចៅក្រមឯករាជ?
ជាគោលការណ៍ ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ គឺជាចៅក្រមឯករាជ។ ចៅក្រមមិនតំណាងរដ្ឋាភិបាល និងមិនទទួលបញ្ជាពីរដ្ឋាភិបាល ដូចជា ឯកអគ្គរដ្ឋទូតប្រចាំអ.ស.ប.ទេ ហើយរដ្ឋាភិបាលក៏មិនមានសិទ្ធិដកតំណែងចៅក្រមបានដែរ។ ការដកតំណែងចៅក្រមអាចធ្វើទៅបាន គឺទាល់តែមានការបោះឆ្នោតជាឯកច្ឆន្ទ នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិខ្លួនឯងផ្ទាល់។ នេះគឺដើម្បីធានាឯករាជ្យពីរដ្ឋាភិបាល។
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ចៅក្រមត្រូវតែជាជនជាតិ ឬមានសញ្ជាតិរបស់ប្រទេសណាមួយ។ ជាទូទៅ ជនជាតិមួយ តិចឬច្រើន តែងតែមានទំនោរទៅរកប្រទេសខ្លួនឯង។ ហេតុដូច្នេះហើយទើបលក្ខន្តិកៈរបស់តុលាការកំណត់មិនឲ្យមានចៅក្រមពីររូប ដែលមានសញ្ជាតិដូចគ្នា ក្នុងពេលតែមួយទេ។
នៅក្នុងការអនុវត្តជាក់ស្តែង ដើម្បីធានាឲ្យមានសមធម៌ គេធ្វើការបែងចែកចៅក្រមទាំង ១៥រូប ទៅតាមតំបន់៖ អាស៊ី ៣រូប, អាហ្វ្រិក ៣រូប, អាមេរិកឡាទីន ២រូប, អឺរ៉ុបខាងកើត ២រូប, អឺរ៉ុបខាងលិច និងតំបន់ផ្សេងៗទៀត មាន ៥រូប។ ជាទូទៅ គេសង្កេតឃើញថា គ្រប់ពេលទាំងអស់ គឺតែងតែមានចៅក្រម ដែលមកពីប្រទេសជាសមាជិកអចិន្រ្តៃយ៍ ក្រុមប្រឹក្សាសន្តិសុខ (អាមេរិក អង់គ្លេស បារាំង រុស្ស៊ី និងចិន)។
តើការសម្រេចសេចក្តីត្រូវធ្វើឡើងដោយរបៀបណា?
ការសម្រេចសេចក្តី ត្រូវធ្វើឡើង តាមរយៈការបោះឆ្នោត ដោយយកតាមសំឡេងភាគច្រើនធម្មតា មានន័យថា ឲ្យតែខាងណាមានសំឡេងច្រើនជាង (ច្រើនជាងតែមួយសំឡេងក៏ដោយ) គឺខាងនោះជាអ្នកឈ្នះ។
ក្នុងករណីមានសំឡេងស្មើគ្នា សំឡេងរបស់ប្រធានអង្គជំនុំជម្រះមានឧត្តមានុភាព មានន័យថា ប្រធានឈរខាងណា ខាងនោះឈ្នះ។
សំណួរសួរថា ធ្វើម៉េចអាចមានករណីសំឡេងស្មើគ្នាកើត បើចៅក្រមមាន ១៥រូប គឺជាចំនួនសេស?
នៅក្នុងការជំនុំជម្រះលើសំណុំរឿងណាមួយ មិនចាំបាច់ទាល់តែមានចៅក្រមគ្រប់ទាំង ១៥រូប ទើបតុលាការអាចដំណើរការទៅបានទេ។ ឲ្យតែមានចៅក្រម ៩រូបឡើងទៅ អង្គជំនុំជម្រះអាចដំណើរការទៅបានហើយ។ សំឡេងភាគច្រើន គឺត្រូវគិតទៅតាមចំនួនចៅក្រម ដែលមានវត្តមានក្នុងពេលសម្រេចសេចក្តី (មិនមែនគិតទៅតាមចំនួនចៅក្រមសរុបទាំង ១៥រូបទេ)។
នៅក្នុងសវនាការសំណុំរឿងព្រះវិហារកាលពីថ្ងៃទី៣០ និង៣១ ឧសភា ២០១១កន្លងទៅនេះ តើមានចៅក្រមប៉ុន្មានរូប ហើយមកពីប្រទេសណាខ្លះ?
សមាសភាពចៅក្រមទាំង ១៥រូប នៃតុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងពេលបច្ចុប្បន្ននេះមាន៖
- ប្រធាន ១រូប ជាជនជាតិជប៉ុន
- អនុប្រធាន ១រូប ជាជនជាតិស្លូវ៉ាគី
- សមាជិក ១៣រូប៖ អាមេរិក, បារាំង, អង់គ្លេស, រុស្ស៊ី, ចិន, អាល្លឺម៉ង់, នូវែលសេឡង់, ហ្សកដានី, ប្រេស៊ីល, ម៉ិកស៊ិក, ម៉ារ៉ុក, សូម៉ាលី និងសៀរ៉ាឡេអូន។
ប៉ុន្តែ នៅក្នុងការជំនុំជម្រះសំណុំរឿងកម្ពុជា-ថៃកន្លងទៅនេះ ចៅក្រមម្នាក់ ជនជាតិម៉ិកស៊ិកមានបានចូលរួមក្នុងអង្គជំនុំជម្រះទេ។ បន្ថែមពីលើចៅក្រមដែលជាសមាជិកតុលាការ មានចៅក្រម ២រូបទៀត ដែលកម្ពុជា និងថៃជាជ្រើសរើសដោយខ្លួនឯង។
គួរបញ្ជាក់ថា លក្ខន្តិកៈតុលាការអន្តរជាតិចែងថា ប្រសិនបើក្នុងសំណុំរឿងមួយ ប្រទេសជាគូភាគីជម្លោះមិនមានជនជាតិខ្លួនធ្វើជាចៅក្រមទេ ប្រទេសនោះអាចជ្រើសរើសចៅក្រមណាមួយចេញពីបញ្ជីបេក្ខជនចៅក្រមតុលាការយុត្តិធម៌អន្តរជាតិឲ្យចូលរួមជាចៅក្រមក្នុងអង្គជំនុំជម្រះក្នុងសំណុំរឿងនោះបាន។
ក្នុងសំណុំរឿងព្រះវិហារនេះ ដោយសារតែក្នុងចំណោមចៅក្រមទាំង ១៥រូប មិនមានជនជាតិខ្មែរ ហើយក៏គ្មានជនជាតិថៃ កម្ពុជាបានជ្រើសរើសចៅក្រមជនជាតិបារាំងម្នាក់ ហើយថៃបានជ្រើសរើសចៅក្រមម្នាក់ទៀត ដែលជាជនជាតិបារាំងដែរ។ ដូច្នេះ សរុបទៅ ក្នុងសវនាការសំណុំរឿងព្រះវិហារកាលពីថ្ងៃ៣០ និង៣១ ឧសភា ២០១១ កន្លងទៅនេះ មានចៅក្រមទាំងអស់ ១៦រូប ក្នុងនោះ ចៅក្រមជនជាតិបារាំងបានដល់ទៅ ៣រូប។
ដូច្នេះ មានន័យថា ដើម្បីចេញសេចក្តីសម្រេច ស្តីពីវិធានការបន្ទាន់ នៅពេលឆាប់ៗខាងមុខនេះ ត្រូវមានចៅក្រមយ៉ាងតិច ៩រូប គាំទ្រ។ ឬក៏មានត្រឹមតែ ៨រូប ក៏ប៉ុន្តែ ក្នុងចំណោម ៨រូបនោះ មានប្រធានអង្គជំនុំជម្រះមួយរូប ព្រោះ ៨សំឡេងស្មើគ្នា សំឡេងប្រធានមានឧត្តមានុភាព។
តើសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិមានអំណាចប៉ុណ្ណា?
យោងតាមធម្មនុញ្ញអ.ស.ប. សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌មានអំណាចតាមផ្លូវច្បាប់ ដែលភាគីជម្លោះត្រូវតែអនុវត្តតាម ទោះជាសេចក្តីសម្រេចលើសំណុំរឿងដើម ឬជាសេចក្តីសម្រេចស្តីពីការបកស្រាយសាលក្រម ឬក៏ជាដីកាការពារ ក្នុងករណីបណ្តឹងសុំចាត់វិធានការបន្ទាន់។
ចុះបើភាគីមួយមិនគោរពតាមសេចក្តីសម្រេចតុលាការអន្តរជាតិ តើមានអ្វីកើតឡើង?
តុលាការយុត្តិធម៌អន្តរជាតិមិនមានស្ថាប័នប៉ូលិស ដែលអាចទៅចាប់បង្ខំឲ្យភាគីអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការទេ។ ស្ថាប័នដែលមានសមត្ថកិច្ចក្នុងរឿងអនុវត្តសាលក្រមតុលាការក្រុងឡាអេ គឺក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ យោងតាមធម្មនុញ្ញអ.ស.ប. នៅពេលដែលមានភាគីមួយមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ភាគីម្ខាងទៀត អាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខបាន។
ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័នដែលមានអំណាចអាចប្រើកម្លាំងទ័ព បង្ខំឲ្យប្រទេសជាសមាជិកគោរពសាលក្រមតុលាការអន្តរជាតិបាន។ ក៏ប៉ុន្តែ បញ្ហានៅត្រង់ថា កាលណាចូលដល់ក្រុមប្រឹក្សាសន្តិសុខ វាលែងជាបញ្ហាច្បាប់ទៀតហើយ គឺត្រូវក្លាយជាបញ្ហានយោបាយវិញ។ ដូដែលយើងដឹងស្រាប់ហើយថា សមាជិកក្រុមប្រឹក្សាសន្តិសុខ គឺជារដ្ឋ មិនមែនជាបុគ្គលឯករាជទេ។ ជាធម្មតា រដ្ឋនីមួយៗតែងតែធ្វើអ្វី ដោយសម្លឹងមើលទៅលើផលប្រយោជន៍ផ្ទាល់ខ្លួន។
បញ្ហាកាន់តែចោទ គឺសិទ្ធិវ៉េតូ។ ប្រសិនបើបណ្តឹងរឿងអនុវត្តសាលក្រមតុលាការអន្តរជាតិ ទៅដល់ក្រុមប្រឹក្សាសន្តិសុខ ហើយមានសមាជិកអចិន្រ្តៃយ៍ណាមួយ ជំទាស់មិនឲ្យយកបណ្តឹងនេះមកចាត់ការ បញ្ហានឹងត្រូវជាប់គាំង។
នៅក្នុងការអនុវត្តជាក់ស្តែងកន្លងមក មានប្រទេសខ្លះ ជាពិសេស ប្រទេសមានអំណាចធ្លាប់បានរំលោភលើសេចក្តីសម្រេចតុលាការយុត្តិធម៌អន្តរជាតិដោយគ្មានអ្នកណាអាចធ្វើអ្វីបាននោះទេ។
ឧទាហរណ៍ជាក់ស្តែង គឺក្នុងសំណុំរឿងម៉ិកស៊ិក និងសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៨។ តុលាការបានចេញដីកាការពារ ទៅតាមសំណើរបស់ម៉ិចស៊ិក ដោយបញ្ជាឲ្យរដ្ឋាភិបាលអាមេរិកផ្អាកការប្រហារជីវិតជនជាតិម៉ិកស៊ិកជាបណ្តោះអាសន្ន រហូតដល់តុលាការចេញសាលក្រមលើអង្គសេចក្តី។ ក៏ប៉ុន្តែ អាមេរិកបានប្រហារជនជាតិម៉ិកស៊ិកនោះ ដោយរំលោភទៅលើដីកាបង្គាប់របស់តុលាការអន្តរជាតិ ដោយមិនមានអ្នកណាអាចធ្វើអ្វីបាន ពីព្រោះ អាមេរិកមានសិទ្ធិវ៉េតូ ក្នុងក្រុមប្រឹក្សាសន្តិសុខ។
នៅក្នុងសំណុំរឿងកម្ពុជា-ថៃ ឧបមាថា តុលាការសម្រេចចាត់វិធានការបន្ទាន់ ហើយថៃបដិសេធមិនអនុវត្តតាម។ កម្ពុជាអាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខបាន។ ក៏ប៉ុន្តែ សំណួរសួរថា តើក្រុមប្រឹក្សាសន្តិសុខនឹងអាចអនុម័តសេចក្តីសម្រេចចាប់បង្ខំថៃឲ្យអនុវត្តដីកាតុលាការបានដែរឬទេ? តើអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធិនឹងថៃ អាចប្រើសិទ្ធិវ៉េតូជំទាស់ដែរឬទេ? តើប្រទេសផ្សេងទៀត ដែលមានផលប្រយោជន៍ជាមួយប្រទេសថៃអាចបោះឆ្នោតគាំទ្រដែរឬទេ?

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







អត្ថាធិប្បាយ (4)
ជំរាបសូរ
ជំរាបសួរ !បងវិទ្យុបារាំងអន្តរជាតិ
ខ្ញុំបាទចង់អោយបងជួយពន្យល់អំពី
- The principle legality of ICJ
- The conflict protection made by ICJ
- The human right protection made by ICJ
សូមបងលើក Example មកជាមូយផង។
សូមអរគុណទុកជាមុន
ពីខ្ញុំ រិទ្ធី និស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ
Shit
No need to establish international law, no need to establish international court. Because still no justice. shit........................
ការសម្រេចសេចក្តី
ជម្រាបសួរក្រុមការងារ វិទ្យុបារាំងអន្តជាតិ។
ខ្ញុំបាទ ប៊ុនសីលា ពីភ្នំពេញ ប្រទេសកម្ពុជា មានសំណួរ។
ឧទាហរណ៍ថា ក្នុងសវនាការមួយមានសមាសភាពចៅក្រមចំនួន១២រូប ដោយប្រធាន និងអនុប្រធានចៅក្រមអវត្តមាន។ លទ្ធផលនៃសេចក្តីសម្រេចរបស់តុលាការ គឺមានសំលេងស្មើគ្នា។ នោះគេនឹងមិនមានឧត្តមានុភាពទេ។ សេចក្តីសម្រេចនឹងជាប់គាំង។ តើអាចទៅរួចទេ?
ប្រធានអង្គជំនុំជម្រះ vs ប្រធានតុលាការ
លោកប៊ុនសីលា!
យោងតាមវិធានផ្ទៃក្នុង គ្រប់សវនាការរបស់តុលាការយុត្តិធម៌អន្តរជាតិត្រូវតែមានប្រធានមួយរូបជាចាំបាច់ ដោយមិនអាចខ្វះបានទេ។ ជាទូទៅ ប្រធានតុលាការត្រូវធ្វើជាប្រធានអង្គជំនុំជម្រះ។ បើប្រធានតុលាការអវត្តមាន អនុប្រធានតុលាការជាអ្នកជំនួស។ បើអនុប្រធានតុលាការអវត្តមាន ចៅក្រមដែលមានអតីតភាពការងារ ឬមានអាយុច្រើនជាងគេ ជាអ្នកធ្វើប្រធានអង្គជំនុំជម្រះជំនួស។ សំឡេងរបស់ចៅក្រមដែលធ្វើជាប្រធានអង្គជំនុំជម្រះ (មិនមែនតែប្រធានតុលាការទេ!) គឺមានឧត្តមានុភាព។
ប្រតិកម្មជុំវិញអត្ថបទនេះ