អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អារ៉ាប៊ីសាអូឌីត​កាត់ទោស​ប្រហារជីវិត​មេកើយ​ពួក​ឈីអ៊ីត ចំ​ពេល​ដែល​តំបន់​កំពុង​អុកឡុក​ដោយ​ពួកជីហាត

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃទី១៥ តុលា​កន្លង​ទៅ តុលាការ​ឧក្រិដ្ឋកម្ម​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​កាត់​ទោស​ប្រហារជីវិត​លោក​បាកឺ អាល់នីម មេកើយ​ម្នាក់​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត។ លោក​បាកឺ អាល់នីម ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​បាន​បង្ក​ចលាចល​នៅ​ផ្ទៃក្នុង​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត​ចន្លោះ​ឆ្នំា ២០១១ និង ២០១២។ គឺ​ជា​បទចោទប្រកាន់​មួយ​ដែល​លោក​បាកឺ អាល់នីម ​មិន​ប្រកែក​ទេ ព្រម​ទំាង​ប្រកាស​ទទួល​ស្គាល់​ពី​កំហុស​របស់​ខ្លួន​ជា​អ្នក​ដើរ​ញុះញង់ រំលោភច្បាប់​អារ៉ាប៊ីសាអូឌីត និង​មាន​កាន់​អាវុធ។ សវនាការ​កាត់​ទោស​លោក​បាកឺ អាល់នីម ​បាន​ចាប់​ផ្តើម​ក្នុង​ខែ​មីនា ឆ្នំា ២០១៣ ពោល ៨ខែ​ក្រោយ​ការ​ចាប់​ខ្លួន​លោក។ អ្វី​ជា​ការ​កត់សម្គាល់ ការ​វិនិច្ឆ័យទោស​នេះ​បាន​ធ្លាក់​មក​ចំ​ពេល​ដែល​តំបន់មជ្ឈិមបូព៌ា​កំពុង​រំជើបរំជួល​ដោយ​ជម្លោះ​សាសនា។

លោកបាកឺ អាល់នីម មេកើយម្នាក់​របស់​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត
លោកបាកឺ អាល់នីម មេកើយម្នាក់​របស់​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត
ផ្សាយពាណិជ្ជកម្ម

បើ​មើល​មួយ​ភ្លែត​ទៅ ការ​កាត់​ទោស​ជន​ម្នាក់​ឲ្យ​ជាប់​គុក ឬ​មួយ​ក៏​ប្រហារជីវិត​ចោល ដោយសារ​តែ​ជន​នោះ​បាន​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម ឬ​មួយ​ក៏​ក្នុង​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ដែល​ខ្លួន​កំពុង​រស់នៅ គឺ​ជា​រឿង​មួយ​ធម្មតា មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ។ តែ​អ្វី​ដែល​ហាក់​ដូច​ជា​មិន​សូវ​ធម្មតា​នៅ​ក្នុង​ករណី​លោក​បាកឺ អាល់នីម ​ពេល​នេះ​គឺ​ថា លោក​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​រស់ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​មាន​ភាគច្រើន​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត។ តើ​ទង្វើ​របៀប​នេះ មិនមែន​​ជា​ទង្វើ​រើសអើង​សាសនា ឬ​មួយ​ក៏​ជា​មេរៀន​ប្រដៅ​សហគមន៍​ឈីអ៊ីត​ទូទៅ​នៅ​ក្នុង​តំបន់​ទេ ឬ​យ៉ាង​ណា?។ នៅ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ម៉េច​ទេ​ចំពោះ​សំណួរ​នេះ។

មក​ដល់​ពេល​នេះ និង​អ្វី​ដែល​ក្រុមគ្រួសារ​ជនជាប់ចោទ​បាន​ទាមទារ និង​កំពុង​បន្ត​ទាមទារ​យ៉ាង​ទទូច​នោះ គឺ​សុំ​ឲ្យ​តុលាការ​លប់​ចោល​សាលក្រម​នោះ​វិញ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ប្តឹង​ឧទ្ធរណ៍។ សម្រាប់​ក្រុម​គ្រួសារ​របស់​លោក​បាកឺ អាល់នីម  សាលក្រម​របស់​តុលាការ​ឧក្រិដ្ឋកម្ម​ជា​សាលក្រម​ដែល​មាន​បង្កប់​ដោយ​រឿង​នយោបាយ មាន​ន័យ​ថា ជា​សាលក្រម​ដែល​បាន​ចាក់​ស្រប​តាម​នយោបាយ​របស់​ទីក្រុង​រីយ៉ាដ​ក្នុង​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​លើ​សហគមន៍​ឈីអ៊ីត​ដែល​មាន​ចំនួន​តិច​នៅ​ក្នុង​ប្រទេស។ គឺ​ផ្តើម​ពី​ការ​យល់​ឃើញ​របៀប​នេះ​ហើយ​បាន​ជា​នៅ​ក្រោយ​ការ​ប្រកាស​សាលក្រម​បន្តិច មាន​ក្រុម​ឈីអ៊ីត​រាប់ពាន់នាក់​ដែល​រស់នៅ​ក្នុង​ទីរួមខេត្ត​កាទីស្វ​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​សាលក្រម​ដែល​ពួក​គេ​ចាត់​ទុក​ថា​មាន​ការ​រើសអើង​ចំពោះ​ពួក​គេ។ ក្បួន​បាតុកម្ម​នៅ​តាម​ផ្លូវ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​គ្មាន​ហិង្សា​អ្វី​ទេ តែ​ប្រតិកម្ម​ខ្លំាងៗ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្តាញ​សង្គម ដូច​ជា​ឃ្លា​សរសេរ​ថា « សម្លាប់​ពួក​យើង​ជាមួយ​អាល់នីម » ឬ « យើង​នឹង​ផ្តល់​ព្រលឹង​ឲ្យ​អាល់នីម » ។ល។ និង។ល។

សូម​ជម្រាប​ជូន​ថា មាន​អាយុ ៥៥ឆ្នំា អ្នកទោស​បាកឺ អាល់នីម ​មិន​ដែល​ដេកស្ងៀម​ក្នុង​គុក​ទេ គឺ​តែងតែ​បាន​ឆ្លៀត​បញ្ចេញ​ធម្មទេសនា​ក្តៅក្រហាយ​ដែល​ធ្វើ​ឲ្យ​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​មិន​អាច​ទប់​កំហឹង​បាន។ ជាក់ស្តែង លោក​អាល់នីម​បាន​ត្រេកត្រអាល​ចំពោះ​មរណៈភាព​របស់​ស្តេចស្នងរាជ​ម៉ូហាមេត បេនណាយេហ្វ​ក្នុង​ឆ្នំា ២០១២។ ក្នុង​ឆ្នំា ២០១១ លោក​អាល់នីម​បាន​អំពាវនាវ​ឲ្យ​ធ្វើ​អប្បគម​នៅ​ក្នុង​ដែនដី​អារ៉ាប៊ីសាអូឌីត​ប៉ែក​ខាង​កើត​ដោយ​បញ្ចូល​ខ្លួន​ជាមួយ​នឹង​រាជាណាចក្រ​ក្បែរខាង​អារ៉ាប៊ីសាអូឌីត គឺ​ប្រទេស​បារ៉ែន។ ខុស​ពី​មន្រ្តី​ឈីអ៊ីត​ផ្សេង​ទៀត​ដែល​ជា​អ្នក​កណ្តាលនិយម លោក​បាកឺ អាល់នីម ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នកជ្រុលនិយម​ប្រកាន់​ជំហរ​តឹងរឹង និង​ដែល​មាន​មនុស្ស​ភាគច្រើន​មិន​យល់ស្រប​តាម​អ្វី​ដែល​លោក​បាន​ធ្វើ​នោះ​ទេ។ តែ​ជាមួយ​នឹង​ការ​កាត់ទោស​ពេល​នេះ លោក​បាកឺ អាល់នីម ​បាន​ក្លាយ​ជា​និមិត្តរូប​មួយ​សម្រាប់​សហគមន៍​ឈីអ៊ីត។

គួរ​រម្លឹក​ជូន​ថា តំាង​ពី​ឆ្នំា ២០១១ មក ការ​វាយបង្រ្កាប​លើ​ពួក​បាតុករ​ឈីអ៊ីត​ពី​សំណាក់​កម្លំាង​ប៉ូលិស​អារ៉ាប៊ីសាអូឌីត​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២០នាក់ និង​ប៉ូលិស ៤នាក់។ មួយ​វិញ​ទៀត​ក្នុង​រយៈពេល ៣ឆ្នំា​ចុង​ក្រោយ​នេះ មាន​ប្រជាជន​ឈីអ៊ីត​ជាង ១ ០០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ភាគច្រើន​កំពុង​ជាប់​ឃុំ​មក​ដល់​សព្វថ្ងៃ។ តែ​ស្ថានការណ៍​ហាក់​ដូច​ជា​ធូរស្រាល​បន្តិច​នៅ​ដំណាច់​ឆ្នំា ២០១២ ដោយសារ​តែ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាដ​បាន​សុខចិត្ត​ធ្វើ​សម្បទាន​មួយ​ចំនួន ដូច​ជា​ការ​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​មួយ​សម្រាប់​កិច្ចសន្ទនា​រវាង​សហគមន៍​សាសនា និង​ការ​ប្តូរ​អភិបាលខេត្ត​កាទីស្វ។ តែ​នៅ​ស្រុក​ក្រីក្រ​អាវ៉ាមីយ៉ា​ដែល​ជា​ដែនអំណាច​របស់​លោក​បាកឺ អាល់នីម  ការ​ប៉ះទង្គិច​គ្នា​រវាង​កម្លំាង​សន្តិសុខ និង​ក្រុមយុវជន​កំពុង​បន្ត​មាន​យ៉ាង​ក្តៅគគុក។

សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​ការ​កាត់ទោស​ប្រហារ​ជីវិត​លោក​អាល់នីម​អាច​នឹង​បញ្ឆេះ​កំហឹង​របស់​ប្រជាជន​ឈីអ៊ីត​នៅ​កន្លែង​ផ្សេង​ដែរ ឬ​ទេ?។

យ៉ាង​ណា​ក៏​ដោយ ព្រឹត្តិការណ៍​កាត់​ទោស​ប្រហារ​ជីវិត​ពួក​ឈីអ៊ីត​ពី​សំណាក់​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​តំបន់​កំពុង​អុកឡុក​ដោយ​ពួក​ជីហាត អ្នកជ្រុលនិយម​ស៊ុយនីត និង​ដែល​ទីក្រុង​រីយ៉ាដ​ក៏​កំពុង​រួម​ដៃ​ជាមួយ​បស្ចិមលោក​ដើម្បី​ប្រឆំាង​ទប់​​ដែរ។ តែ​អ្វី​ដែល​ប្រជាជន​ឈីអ៊ីត​នៅ​អារ៉ាប៊ីសាអូឌីត​បន្ត​តវ៉ា​មិន​សុខ​ចិត្ត​នោះ គឺ​មិន​ចង់​ឃើញ​ទីក្រុង​រីយ៉ាដ​ឆ្លៀត​ប្រើ​យុទ្ធនាការ​ប្រឆំាង​ពួកជីហាត​ដើម្បី​ចាប់​មេកើយ​របស់​គេ​ដាក់​គុក និង​កាត់ទោស​ឡើយ។ នៅ​ពេល​នេះ ក្រុមមេធាវី​របស់​លោក​បាកឺ អាល់នីម ​កំពុង​ត្រៀម​ប្តឹង​ឧទ្ធរណ៍​ឲ្យ​កូនក្តី​ខ្លួន និង​ដែល​គ្រប់​គ្នា​កំពុង​ទន្ទឹង​រង់ចំា​យ៉ាង​អន្ទះសា​ជា​ទីបំផុត។ ការ​ទន្ទឹង​រង់ចំា​ដែល​មិនមែន​មាន​តែ​ប្រជាជន​ឈីអ៊ីត​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ពី​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ប្រចំាតំបន់​របស់​អារ៉ាប៊ីសាអូឌីត​ផងដែរ។ លោក​អាមេដ ខាតាមី អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​សាសនា​អ៊ីរ៉ង់​បាន​ព្រមាន​ទុក​ជា​មុន​ថា « បើ​បាកឺ អាល់នីម ​ត្រូវ​គេ​ប្រហារ​ជីវិត​ចោល​មែន​នោះ ទីក្រុង​រីយ៉ាដ​នឹង​ទទួល​មេរៀន​មួយ​យ៉ាង​ចាស់ដៃ  »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ