អានតួអត្ថបទ
អ.ស.ប-អាកាសធាតុ

អង្គការ​សហប្រជាជាតិ​ក្រើនតឿន​គ្រប់​ប្រទេស​ អោយកាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ អោយ​ឆាប់រហ័ស​បំផុត​

នៅថ្ងៃ​អាទិត្យ​នេះ លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​​អំពាវនាវ​​ជំរុញ​អោយរដ្ឋាភិបាល​​​គ្រប់ប្រទេស​ក្នុងពិភពលោក ធ្វើ​យ៉ាងណា​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ ​​អោយ​បាន​​ឆាប់​រហ័ស​បំផុត ដើម្បី​ទប់ស្កាត់​ការ​កើន​សីតុណ្ហភាព​នៃ​ភពផែនដី។ កាលពី​ខែ​មេសា​ ក្រុម​អន្តររដ្ឋាភិបាល​​ជំនាញ​​ផ្នែក​​​​អាកាសធាតុ​​ បាន​​ព្រមាន​ថា ​គេ​នៅ​មាន​លទ្ធភាព​​​ ​​​កាត់​បន្ថយ​​ការ​កើនកំដៅ​​នៃ​ភពផែនដី​បាន​២អង្សា ប៉ុន្តែ​ទាល់តែ​​នាំគ្នា​កាត់​បន្ថយ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​​អោយ​បាន​ឆាប់​បំផុត។ ​

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក្នុង​សន្និសីទ​នៅ​ក្រុងអាប៊ូ ដាប៊ី ថ្ងៃ​៤ឧសភា​នេះ។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក្នុង​សន្និសីទ​នៅ​ក្រុងអាប៊ូ ដាប៊ី ថ្ងៃ​៤ឧសភា​នេះ។ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ទប់ស្កាត់​ការកើនឡើង​​សីតុណ្ហភាព​​ក្នុង​​ភពផែនដី ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​បាន គីមូន បាន​អំពាវនាវ នៅថ្ងៃ​អាទិត្យ​នេះ ​​អោយ​គ្រប់ប្រទេស​ក្នុង​ពិភពលោក​​ ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​អោយ​បានឆាប់​រហ័សបំផុត។ យោងតាម​​លោក​បាន​ គីមូន ​អាទិភាព​ទី​១​​របស់​អង្គការ​សហប្រជាជាតិ មិនមែន​ផ្តោត​តែ​លើ​​​ស្ថិរភាព​​សេដ្ឋកិច្ច​និង​សង្គម ក្នុង​ពិភពលោក​​​​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តោត​លើ​បញ្ហា​បរិស្ថាន​ផងដែរ។ 

​ក្រុម​អន្តររដ្ឋាភិបាល​ជំនាញ​ផ្នែកអាកាសធាតុ​​ បាន​​ព្រមាន​​ក្នុង​របាយការណ៍ខ្លួន ​​​ចុះ​ផ្សាយ​​ក្នុង​ខែ​មេសា នៅក្រុងប៊ែរឡាំង ​ថា ​គេ​នៅ​មាន​លទ្ធភាព​​ ​​​កាត់​បន្ថយ​​​ការ​កើនកំដៅ​​នៃ​​ភពផែនដី​បាន​២អង្សា ប្រៀប​ធៀប​នឹង​ជំនាន់​ដែល​​មិនទាន់​មាន​ឧស្សាហកម្ម​នៅឡើយ។ ​ប៉ុន្តែ អាច​កាត់​បន្ថយ​សីតុណ្ហភាព​ផែនដីបាន ​ទាល់តែ​នាំគ្នា​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​​អោយ​បាន​​ពី​៤០ទៅ​៧០ភាគរយ​ អោយ​ឆាប់​រហ័ស​បំផុត​ គិត​ពីពេល​នេះ រហូត​ដល់​ឆ្នាំ​​២០៥០។ ប្រសិន​បើ​គ្មាន​ការ​ផ្លាស់ប្តូរ​រហ័ស​​បំផុត​ទេនោះ ​នៅ​ឆ្នាំ​២១០០ ភពផែនដី​នឹង​កើន​កំដៅ​ពី​៣,៧ ទៅ​៤,៨អង្សា​ថែមទៀត។ គួរបញ្ជាក់​ថា ឧស្សាហកម្ម​ធ្យូងថ្មគឺ​ជា​ប្រភពចំបង​​នៃ​ការកើនឡើង​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់។ ​ប៉ុន្តែ ​ពិភពលោក​បច្ចុប្បន្ន ​ពឹង​ផ្អែក​លើ​ថាមពល​​ធ្យូងថ្ម និង​ប្រេង។  ​

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បានអំពាវនាវ​អោយគ្រប់​ប្រទេស​​កាត់បន្ថយ​​​ឧស្ម័ន​ផ្ទះកញ្ចក់ ក្នុង​​សន្និសីទ​នៅ​ក្រុង​អាប៊ូ ដាប៊ី​​ ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ដែល​មាន​វត្តមាន​រដ្ឋមន្ត្រី និង​ប្រធាន​សហគ្រាស​​ច្រើនរូប។ ជា​​សន្និសីទ​​ត្រៀម​រៀបចំ​​ជំនួប​កំពូល​ស្តីពី​ការកើនឡើង​សីតុណ្ហភាព​ផែនដី ដែល​ត្រូវ​ធ្វើ​នៅ​ក្រុង​ញូវយក ថ្ងៃ​២៣កញ្ញា​ ខាងមុខ។ ​​សន្និសីទ​នេះ​នឹង​បិទបញ្ចប់​នៅថ្ងៃ​ចន្ទនេះ។ ​

លោក​បាន គីមូន សង្ឃឹម​ថា នៅចុង​ឆ្នាំ​២០១៥ខាងមុខ ជំនួប​ពិភាក្សា​អន្តរជាតិ​អាច​នឹង​ឈាន​ទៅ​ដល់​​កិច្ចព្រមព្រៀង​មួយ មានទិសដៅ​​កាត់បន្ថយ​​ឧស្ម័ន​ផ្ទះកញ្ចក់។ ​ការពិភាក្សា​​អន្តរជាតិ​នេះ នឹង​ធ្វើ​នៅ​ក្រុងប៉ារីស ​ដោយ​មានការចូលរួម​ពីប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​​ ដែល​ជា​ប្រទេស​បំពុល​បរិស្ថាន​​ខ្ពស់បំផុត៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ