អានតួអត្ថបទ
ចិន

អាជ្ញាធរ​ចិន​បើក​ប្រតិបត្តិការ​បំបិទមាត់​ក្រុមអ្នកបះបោរ

ការបង្រ្កាប​របស់​រដ្ឋអំណាចចិន​លើ​ក្រុមអ្នកប្រឆាំង​លេចចេញ​ជារូបរាង បណ្តើរៗ។ ដោយមិនអនុវត្ត​ការវាយបង្រ្កាប រដ្ឋអំណាចចិន​ប្រើផ្នែកច្បាប់​តុលាការ​ដើម្បី​ចាប់ដាក់​គុក​ក្រុមអ្នកបះបោរ។ កាល​ពី​ថ្ងៃ​សុក្រ តុលាការ​ចិន​ទើប​ផ្តន្ទាទោស​អ្នកបះបោរ​ចិនម្នាក់​ពីបទ​បង្ក​វិទ្ធង្សនា​ប្រឆាំង​រដ្ឋាភិបាល។ នៅថ្ងៃ​ចន្ទស្អែក ជនបះបោរ​ម្នាក់​ទៀត នឹង​ត្រូវ​តុលាការ​បើក​សវនាការ​កាត់ទោស ក្នុង​បទ​ចោទប្រកាន់​ដូចគ្នា។

រូប​លោក​ចេន ស៊ី សកម្មជន​ការពារ​សិទ្ធិមនុស្ស​ចិន ដែល​ផ្តល់​ដោយ​គ្រួសារ
រូប​លោក​ចេន ស៊ី សកម្មជន​ការពារ​សិទ្ធិមនុស្ស​ចិន ដែល​ផ្តល់​ដោយ​គ្រួសារ ©Reuters
ផ្សាយពាណិជ្ជកម្ម

ការងើបបះបោរ​របស់​ប្រជាជន​យកតាម​គំរូ​បដិវត្តន៍​ផ្កាម្លិះ​នៅពិភពអារ៉ាប់ គឺ​ជាព្រឹត្តិការណ៍​ដែល​អាជ្ញាធរ​ចិន​មិន​អនុញ្ញាត​ឲ្យ​កើតមាន​ជាដាច់ខាត នៅ​ក្នុង​ប្រទេស។ ដើម្បី​ការពារ​កុំឲ្យ​មាន​រលក​ប្រឆាំង​របស់​ប្រជាជន រដ្ឋអំណាច​បាន​បន្ធូរ​នយោបាយ របស់ខ្លួន។ ជាក់ស្តែង ដើម្បី​បន្ថយកំហឹង​របស់​ប្រជាជន​វូកាន ដែល​តវ៉ា​ពីរឿង​ដីធ្លី រដ្ឋអំណាច​សុខចិត្ត​ដកតំណែង​មន្រ្តី​មូលដ្ឋាន ដែល​ប្រជាជន​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ លួច​លក់ដីធ្លី​របស់​ពួកគេ​ទៅឲ្យ​ពួកឈ្មួញ។

 
បន្ថយកំហឹង​របស់​ប្រជាជន ប៉ុន្តែ រដ្ឋអំណាច​ចិន​មិន​បាន​ភ្លេច តាមចាប់ពួកមេគំនិត​ដែល​ខ្លួន​ចាត់ទុកថា ជាអ្នកញុះញង់​ប្រជាជន​ឲ្យ​ងើប​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ។ ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ ២០១០ លោក​លី ស៊ាវប៉ូ ត្រូវ​ចាប់ខ្លួន និង​កាត់ទោស​ឲ្យ​​ជាប់គុក​១១ឆ្នាំ។ ចំណែក វិចិត្រករ​អៃ វៃវៃ ដែល​ចេញមុខ​ការពារ​សិទ្ធិមនុស្ស​ត្រូវអាជ្ញាធរ​ចិន​ចាប់ដាក់ឃុំ​នៅកន្លែង​សម្ងាត់ មុន​នឹង​ដោះលែង និង​ត្រូវ​ពិន័យ​ឲ្យ បង់ពន្ធ​ជិតពីលាន​ដុល្លារ។

ថ្មីៗនេះ ក្នុង​ប្រតិបត្តិការ​បង្រ្កាប​អ្នកប្រឆាំង រដ្ឋអំណាច​បាន​ប្រើ​វិធានការ​កណ្តាប់ដៃដែក ដោយ​ក្នុង​រយៈពេល​តែ​ពីរសប្តាហ៍ សកម្មជន​ចិន បីនាក់​ត្រូវ​អាជ្ញាធរ​ចិន​ចាប់ខ្លួន និង​កាត់ទោស​ដាក់​ពន្ធនាគារ។ លោក​ចេន វៃ ត្រូវ​តុលាការ​កាត់ទោស កាលពីថ្ងៃសុក្រ​ម្សិលម្ង៉ៃ​ឲ្យ​ជាប់គុក ៩ឆ្នាំ។ ចំណែក​មេធាវី​ពិការភ្នែក​ដ៏ល្បីឈ្មោះ ត្រូវ​អាជ្ញាធរ​បន្ថែមទោស​ឲ្យជាប់ឃាំង​ក្នុង​ផ្ទះបន្តទៀត ដោយ​គេចោទគាត់ថា បាន​ល្មើស មិនគោរព​លក្ខខណ្ឌ​នៃ​ការដោះលែង​បណ្តោះអាសន្ន។ នៅថ្ងៃចន្ទ​ស្អែកវិញ គឺ​ដល់វេន​លោក​ចេន ស៊ី សកម្មជន​ប្រឆាំង​មួយ​រូបទៀត​ដែល​ត្រូវ​តុលាការ​ បើកសវនាការ កាត់ទោស។

បទចោទប្រកាន់​ទៅលើ​ពួកគេ ដូចៗគ្នា គឺ​បង្កវិទ្ធង្សនា មាន​គម្រោង​ចង់ផ្តួល​រដ្ឋអំណាច។ តាម​អង្គការ​ចិន ការពារ​សិទ្ធិមនុស្ស លោក​ចេន ស៊ី អាយុ ៥៧ឆ្នាំ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន តាំងពី​ចុងខែ​វិច្ឆិកា​មកម្ល៉េះ។

នេះ​មិនមែន​ជាលើកទីមួយ​ទេ ដែល​អ្នកបះបោរចិន លោក ចេន ស៊ី ត្រូវ​រដ្ឋអំណាច​ចិន​ចាប់​ដាក់គុក។ ជា​អ្នកនិពន្ធ​អត្ថបទ​សាកល្បង ស្តីពី​ប្រជាធិបតេយ្យ លោក​ចេន ស៊ី ធ្លាប់​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក ៣ឆ្នាំ ដោយសារ​តែ​គាត់​បាន​ចូល​រួម​ក្នុង​ចលនា​ទាមទារ​ប្រជាធិបតេយ្យ នៅ​ទីលាន​ធានអានម៉េន នៅឆ្នាំ ១៩៨៩។ បន្ទាប់មក នៅឆ្នាំ ១៩៩៥ លោក​ត្រូវ​តុលាការ​ចោទ​ពីបទ​ធ្វើ​វិទ្ធង្សនា។ បង្កវិទ្ធង្សនា​គឺ​ជា​បទចោទប្រកាន់​ដ៏ល្បីឈ្មោះ ដែល​អាជ្ញាធរ​ចិន​តែងប្រើ​ដើម្បី​បំបិទ​មាត់​ក្រុម​អ្នកប្រឆាំង។
 

ដូចជា​សកម្មជន​ផ្សេងទៀត ដែល​ត្រូវ​តុលាកា​ចិន​កាត់ទោស​ពីបទ​វិទ្ធង្សនា លោក​ចេន ស៊ី ក៏ធ្លាប់​បាន​ចុះហត្ថលេខា​លើ​ធម្មនុញ្ញ​ទី៨ ដែល​ទាមទារ​ឲ្យ​មាន​ការធ្វើកំណែទម្រង់ ប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​ចិន។ ធម្មនុញ្ញ​ទី ៨ ដែល​ធ្វើ​ឲ្យ​លោក​លី ស៊ាវប៉ូ ម្ចាស់អ្នកនិពន្ធ ត្រូវ​ជាប់គុក ១១ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ