កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 13 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 13 សីហា 2012

ជនបរទេស​២នាក់​តវ៉ា​ដើម្បី​ជីវិត​សត្វ​មាន់​ត្រូវបាន​ចាប់ខ្លួន

សកម្មជន​ការពារ​សត្វ ចូល​ក្នុង​ទ្រុង​ដែក ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ហាង KFC
សកម្មជន​ការពារ​សត្វ ចូល​ក្នុង​ទ្រុង​ដែក ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ហាង KFC
RFI/Channa Siv

ដោយ លាង ដឺលុច

សមត្ថកិច្ច​ខណ្ឌដូនពេញបានឃាត់ខ្លួន​សកម្មជន​បរទេសពីរ​នាក់កាលពីវេលាថ្ងៃត្រង់ ថ្ងៃចន្ទ​នេះ នៅ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​តវ៉ា​ដើម្បី​អាយុជីវិតសត្វមាន់។ ការតវ៉ា​ត្រូវបាន​ធ្វើ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ KFC ជា​ចំហ​តែ​ម្តង។ សកម្មជន​ប្រុសស្រី​ពីរ​នាក់​នេះ​ធ្វើ​ការ​អោយ​អង្គការ​ការពារ​សត្វ​​ឈ្មោះ PETA។

សេចក្តីរាយ​ការណ៍​របស់​​ លាង ដឺលុច
 

13/08/2012

​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់​ នៅ​ពេល​ដែល​មាន​មនុស្ស​ច្រើន​ចេញ​ចូល​បរិភោគ​អាហារ​នៅ​ក្នុងហាង​ KFC សាខា​មុខ​វិទ្យាល័យ​ចតុមុខ ក្នុង​ខណ្ឌ​ដូនពេញ ការ​ភ្ញាក់​ផ្អើល​មួយ​ក៏​កើត​មាន​ឡើង​ដែរ​នៅ​មុខ​ហាង​នេះ។ ជនបរទេស​ប្រុសស្រី​២នាក់​បាន​ចូលក្នុង​ទ្រុង​ដែក​មួយ​ដែល​ត្បាញ​ជា​សំណាញ់​រាង​ការ៉េ​ មាន​ព្យួរ​បដា ដែល​សរសេរ​ថា KFC ធ្វើ​ទារុណកម្ម​លើ​សត្វមាន់ ត្រូវ​បដិសេធ​ការ​បរិភោគ​នៅ​ KFC ជាដើម។
 
ការ​តវ៉ា​នោះ​បាន​កើត​ឡើង​តែ​មួយ​រយៈ​ខ្លី​តែ​ប៉ុណ្ណោះ មុន​នឹង​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំខ្លួន​ពួកគេ​ចេញ​ទៅ។ តាមពិត​ ជនបរទេស​ប្រុសស្រី​២នាក់​នេះ​ ជា​បុគ្គលិកអង្គការ​អន្តរជាតិ​មួយ​ឈ្មោះ PETA ដែល​ជា​អង្គការ​ធ្វើការងារ​លើកស្ទួយ​ការ​គោរព​ជីវិត​របស់​សត្វ។
 
អ្នក​ទាំងពីរ​នាក់​បាន​បង្ហាញ​ការ​តវ៉ា​នេះ ដើម្បី​អំពាវនាវ​កុំអោយ​មាន​ការ​សម្លាប់​សត្វមាន់។ និយាយ​ចេញ​ពី​ក្នុង​ទ្រុង​ទៅកាន់​អ្នកកាសែត និងមាន​​មនុស្សម្នា​ចោម​រោម​មើល​ផង​នោះ បុរស​ជន​បរទេស ដែល​អះអាង​ថា​ជា​នាយក​អង្គការ PETA ប្រចាំ​នៅ​អាស៊ី​បាន​និយាយ​ថា សត្វមាន់​ដែល​គេ​យក​កាត់ទោសសម្រាប់​បម្រើដល់ក្រុមហ៊ុននោះ មាន​ជោគវាសនា​អាក្រក់ជាង​ស្លាប់​ទៅ​ទៀត។ លោក​រៀបរាប់ថា សត្វមាន់​ត្រូវ​បាន​គេ​ធ្វើ​ទារុណ​កម្ម​គ្រប់​នាទី។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អោយ​ឈប់​បរិភោគ​អាហារ​នៅ KFC ប្រសិន​បើពួកគេចង់​ចូលរួម​បញ្ចប់​រូបភាព​នៃ​ការ​ឈឺចាប់ទាំងនេះ។
 
អាច​និយាយ​បាន​ថា នេះ​គឺ​ជា​លើ​ក​ដំបូងនៅ​ប្រទេស​កម្ពុជា​ដែល​មាន​ការ​តវ៉ា​ប្រឆាំង​ហាង​​ចំណីអាហារ​ ដើម្បី​ជីវិត​សត្វ​យ៉ាងដូច្នេះ។ កន្លងមកមានដែរ ការ​អំពាវនាវ និងការចាត់​វិធានការ​ទប់ស្កាត់​ការ​បរបាញ់ និង​បរិភោគសត្វព្រៃ​។ នោះ​គឺ​ដើម្បី​ការ​អភិរក្ស​។ ប៉ុន្តែ វាមិន​ដែល​ធ្លាប់​មាន​ទេ ការ​តវ៉ា​ប្រឆាំង​ការ​សម្លាប់​សត្វមាន់​ ដែល​មនុស្ស​​បរិភោគ​ជាទូទៅ​ទៅហើយ​នោះ។
 
អង្គការ PETA ត្រូវបាន​គេស្គាល់ថា ជា​អង្គការ​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ការពារ​សិទ្ធិ​របស់​សត្វ។ អង្គការ​នេះ​មាន​សមាជិក និង​អ្នកគាំទ្រ​ជាង​៣លាននាក់៕

tags: កម្ពុជា
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close