ទោសប្រហារជីវិត - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 28 មីនា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 28 មីនា 2011

Amnesty International ៖ ការ​កាត់ទោស​ប្រហារ​ជីវិត​​នៅទូទាំង​ពិភពលោកបាន​ធ្លាក់ចុះ​នៅឆ្នាំ២០១០

របាយការណ៍​របស់ Amnesty International ស្តីពី​ទោសប្រហារ​ជីវិត ឆ្នាំ​២០១០
របាយការណ៍​របស់ Amnesty International ស្តីពី​ទោសប្រហារ​ជីវិត ឆ្នាំ​២០១០
©Amnesty International

ដោយ សេង ឌីណា

របាយការណ៍​របស់​អង្គការ Amnesty International ដែល​ចេញ​ផ្សាយ នៅថ្ងៃ​ចន្ទ ២៨ មីនា ២០១១​នេះ បង្ហាញ​ថា ​​អ្នក​ទោស ដែល​ត្រូវ​បាន​ប្រហារជីវិត នៅ​ទូទាំង​ពិភពលោក​ នៅឆ្នាំ​២០១០​កន្លងទៅនេះ មាន​ចំនួន​យ៉ាងតិច ៥២៧​នាក់ តិច​ជាង​កាល​ពីឆ្នាំ​២០០៩ ដែល​មាន​យ៉ាងតិច​៧១៩​នាក់។ ហ្កាបុង គឺ​ជា​ប្រទេស​ចុងក្រោយគេ​ដែល​​ទើបនឹងបាន​លុបចោល​ទោសប្រហារ​ជីវិត។

អាស៊ាន​យឺតយ៉ាវ​ក្នុងការ​លុបបំបាត់​ទោសប្រហារ​ជីវិត
បទវិភាគ​របស់ សេង ឌីណា
 
28/03/2011
 
 

៥២៧​នាក់ គឺ​តួលេខ​ដែល​អង្គការ​ Amnesty International ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់។ ក៏ប៉ុន្តែ ចំនួន​ពិតប្រាកដ​អាច​មាន​ច្រើន​ជាងនេះ ដោយសារ​តែ​អាជ្ញាធរ​ប្រទេស​ខ្លះ ព្យាយាម​បិទបាំង​តួលេខ។

អ្នកទោស​ទាំង ៥២៧​ ដែល​ត្រូវ​បាន​ប្រហារ​ជីវិត កាល​ពី​ឆ្នាំ​២០១០ ត្រូវ​បាន​ Amnesty International រកឃើញ​នៅ​ក្នុង​ប្រទេស​ និង​ដែនដី (មិនទាន់ជារដ្ឋឯករាជ​ពេញលេញ) ចំនួន ២២ រួមមាន អ៊ីរ៉ង់, កូរ៉េ​ខាងជើង, យេម៉ែន, សហរដ្ឋអាមេរិក, អារ៉ាប៊ីសាអ៊ូឌីត, លីប៊ី, ស៊ីរី, បង់ក្លាដែស, សូម៉ាលី, ស៊ូដង់, ដែនដីប៉ាឡេស្ទីន, អេហ្ស៊ីប, ហ្គីណេអេក្វាទ័រ, តៃវ៉ាន់, បេឡារុស, ជប៉ុន, អ៊ីរ៉ាក់, ម៉ាឡេស៊ី, បារ៉ែន, បុតស្វាណា, សិង្ហបុរី និង​វៀតណាម។

ចិន​មិនត្រូវ​បានរាប់បញ្ចូល​ក្នុង​ចំណោម​ប្រទេស​ទាំងនេះទេ ដោយសារ​តែ​​គេ​មិនអាច​ដឹង​អំពី​តួលេខ​ជាក់លាក់។ ក៏ប៉ុន្តែ Amnesty International បាន​ប៉ាន់ស្មាន​ថា ចំនួន​អ្នកទោស ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ប្រហារ​ជីវិត កាលពីឆ្នាំ​២០១០ មាន​ប្រហែល​ជា ១០០០​នាក់​ (ពោល​គឺ​ច្រើន​ជាង ២២​ប្រទេស​ខាងលើ​បូកបញ្ចូល​គ្នា​ទៅទៀត)។

អ្វី​ដែល​គួរ​កត់សម្គាល់​ក្នុង​របាយការណ៍របស់ Amnesty International នេះ គឺ​ក្នុង​ចំណោម​ប្រទេស​ទាំង ២២ ដែល​បាន​ប្រហារ​ជីវិត​អ្នកទោស កាលពី​ឆ្នាំ ២០១០ មាន​ប្រទេស ៣ ​ជា​សមាជិក​អាស៊ាន គឺ​ម៉ាឡេស៊ី, សិង្ហបុរី និង​វៀតណាម។ ក្រៅ​ពីនេះ មាន​ប្រទេស​ពីរទៀត​ក្នុង​អាស៊ាន គឺ​ថៃ និង​ឡាវ ដែល​តុលាការ​បានប្រកាស​ទោស​ប្រហារ​ជីវិត​លើ​អ្នកទោស​ចំនួន ១១នាក់ (៧នាក់ នៅថៃ និង​​៤នាក់ នៅ​ឡាវ)​​ ក៏ប៉ុន្តែ អ្នកជាប់ទោស​មិនត្រូវបាន ឬ​មិនទាន់​ត្រូវ​បាន​គេ​យកទៅប្រហារ​ជីវិត។

គួរ​បញ្ជាក់ថា នៅក្នុង​ចំណោម​ប្រទេស​ទាំង១០ ដែលជាសមាជិក​អាស៊ាន មាន​ ៥​ប្រទេស (វៀតណាម, ថៃ, សិង្ហបុរី, ឥណ្ឌូណេស៊ី, និង​ម៉ាឡេស៊ី) នៅតែ​បន្ត​ប្រើប្រាស់​ទោស​ប្រហារជីវិត​ នៅពេល​បច្ចុប្បន្ន​នេះ។ ប្រទេស ៣ផ្សេងទៀត គឺ ព្រុយណេ, ភូមា និង​ឡាវ នៅ​បន្ត​រក្សា​ទោស​ប្រហារ​ជីវិត​ក្នុង​ច្បាប់​ដែរ ក៏ប៉ុន្តែ មិនដែល​​យកទោស​ប្រហារជីវិត​នេះ​មកអនុវត្ត​ទេ ក្នុងរយៈពេល​យ៉ាងតិច ១០​ឆ្នាំ​កន្លងទៅនេះ (អ្នកទោស​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ប្រហារ​ជីវិត ច្រើន​តែ​ត្រូវ​សម្រាល​ទោស​មក​ជាប់ពន្ធនាគារ​អស់​មួយជីវិត​វិញ)។ មានតែ​កម្ពុជា និង​ហ្វ៊ីលីពីន​ប៉ុណ្ណោះ ដែល​បាន​លុបចោល​ទោសប្រហារ​ជីវិត​ទាំងស្រុង​ពី​ក្នុង​ច្បាប់។ ទីម័រខាងកើត ដែល​ជាប្រទេស​​នៅ​អាស៊ីអាគ្នេយ៍ ប៉ុន្តែ មិនមែន​ជា​សមាជិក​អាស៊ាន ក៏​បាន​លុបចោល​ទោស​ប្រហារ​ជីវិត​ទាំងស្រុង​ដែរ។

នៅឆ្នាំ​២០១០​កន្លងទៅនេះ ប្រទេស​ហ្កាបុង (អាហ្វ្រិក) បាន​ប្រកាស​លុបចោល​ទោសប្រហារ​ជីវិត។ ចំណែក​ប្រទេស​ម៉ុងហ្គោលីវិញ (អាស៊ី) បាន​ប្រកាស​ថា រាល់​ការអនុវត្ត​​ទោសប្រហារ​ជីវិត​ទាំងអស់​នឹង​ត្រូវ​ព្យួរ​ដោយ​គ្មាន​ ពេលកំណត់។

គិត​មក​ត្រឹមពេលបច្ចុប្បន្ន​នេះ នៅ​ទូទាំងពិភពលោក មាន​ប្រទេស​ចំនួន ៤១ ដែល​នៅ​បន្ត​ប្រើប្រាស់​ទោសប្រហារ​ជីវិត ទាំង​នៅក្នុង​ច្បាប់ និង​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង។ ការប្រហារ​ជីវិត​ត្រូវបាន​ធ្វើ​ឡើង តាមវិធី​ខុសៗ​គ្នា ទៅតាម​ប្រទេស​នីមួយៗ រួមមាន ការប្រហារ​ជីវិត​ដោយ​ព្យួរ ក ដោយ​ឆក់ខ្សែភ្លើង ដោយ​ចាក់ថ្នាំ ដោយ​កាត់ក្បាល ដោយ​ការបាញ់​នឹង​កាំភ្លើង និង​ការប្រហារ​ជីវិត​ដោយ​ចោល​នឹង​ដុំថ្ម (ភាគច្រើន​នៅក្នុង​ប្រទេស​កាន់សាសនា​អ៊ីស្លាម ដូចជា នៅ​អ៊ីរ៉ង់ ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត ស៊ូដង់ និង​នីហ្សេរីយ៉ា​ ជាដើម)៕

tags: នីតិព្រហ្មទណ្ឌ - សិទ្ធិមនុស្ស - អាស៊ាន
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close