អានតួអត្ថបទ
កម្ពុជា-អាមេរិក

ឯកអគ្គរដ្ឋទូត​អាមេរិក​ចេញមុខ​បកស្រាយ​រឿង​បំណុល​សម័យ លន់ នល់

ខណៈ​ដែល​មាន​ការរិះគន់​ជាច្រើន​ថា បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋអាមេរិក​ក្នុង​សម័យ​លោកលន់នល់កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ១៩៧០ថា​ជា​បំណុល​សង្គ្រាម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រងគ្រោះ​នោះឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជាលោកវីលៀមថូតបានចេញ​មុខ​មក​បកស្រាយ​​អំពី​បញ្ហា​នេះ​ ដោយ​ចាត់ទុកថា វា​ជា​ការយល់ច្រឡំ​មួយ​ប៉ុណ្ណោះ។ បើតាម​ឯកអគ្គរដ្ឋទូត​អាមេរិកបំណុល​នោះ​ត្រូវបាន​ផ្តល់តាមរយៈការ​ទិញទំនិញ​កសិកម្ម​ដូចជា​អង្ករនិង​ម្សៅមី​ជាដើម​តាមរយៈ​កម្ចី​ដែល​មាន​ការប្រាក់ទាបហើយដែលកម្ពុជា​ត្រូវ​តែ​សង។ 

លោក​អូបាម៉ា និង​ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​ក្នុង​ក្រុង​ភ្នំពេញ
លោក​អូបាម៉ា និង​ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​ក្នុង​ក្រុង​ភ្នំពេញ ©
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុង​អត្ថបទ​ពន្យល់​បកស្រាយ​អំពី​បញ្ហា​បំណុល​ដែល​ចុះផ្សាយ​លើ​ទំព័រ​កាសែត​ក្នុងស្រុក​នៅ​ថ្ងៃអាទិត្យ​នេះ លោក វីលៀម ថូដ( William E. Thodd) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បានមក​បកស្រាយ​នូវ​អ្វីដែល​លោក​ចាត់ទុក​ថា ការយល់ច្រឡំ​អំពី​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក កាលពី​សម័យ​សង្គ្រាម​ក្នុង​ដើម​ទសវត្សរ៍ ឆ្នាំ ១៩៧០ ។

លោក​ឯកអគ្គរដ្ឋទូត​អះអាងថា បំណុល​នោះ​កើតឡើង​ពី​ការផ្តល់​ទំនិញ​កសិកម្ម​ដូចជា​អង្ករ និង​ម្សៅមី​ជាដើម​ដោយ​ទូទាត់​ជា​ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ទាប​ពី​ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក។ ការអះអាង​របស់លោក វីលៀម ថូត ហាក់ដូចជា​ផ្ទុយស្រឡះ​ពី​អ្វីដែល​រដ្ឋាភិបាល​កម្ពុជារួម​ទាំង​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​បាន​មើលឃើញ​ថា ជា​បំណុល​សង្គ្រាម។

ជាក់ស្តែង ភ្លាមៗ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នៅ​កម្ពុជា កាលពី​ថ្ងៃទី១៩​វិច្ឆិកា លោក រ៉ាអ៊ូល ម៉ាក់ ជេណា អ្នកនិពន្ធ​ជនជាតិ​ប៊ែលហ្ស៊ិក សញ្ញាតិ​ខ្មែរ​បាន​សរសេរ​អត្ថបទ​រិះគន់​មេដឹកនាំ​អាមេរិក​ថា គ្រាន់តែ​ឈាន​ជើង​មកដល់​កម្ពុជា​ភ្លាម លោក​អូបាម៉ា បាន​លើក​អំពី​បញ្ហា​សិទ្ធិ​មនុស្ស ប៉ុន្តែ លោក​មិនបាន​និយាយ​សូម្បី​តែមួយ​ម៉ាត់​អំពី​បំណុល​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់ធ្វើ​សង្គ្រាម​ប្រឆាំង​ប្រជាជន​កម្ពុជា។ ការហៅ​បំណុល​សម័យ​លន់ នល់ ថា​ជា​បំណុល​ប្រឡាក់​ឈាម​ដែល​មិនគួរ​សង ក៏ត្រូវ​បាន​សង្គម​ស៊ីវិល​ក្នុងស្រុក​មួយក្រុម​ថ្លែងការណ៍​ទាមទារ​ផងដែរ។

គួរ​បញ្ជាក់ថា កម្ពុជា​ជំពាក់​បំណុល​សហរដ្ឋអាមេរិក​ចំនួន​ជាង ៤០០ លាន​ដុល្លារ​គិត​ទាំង​ការប្រាក់​ដែលជា​បំណុល កាលពី​សម័យ​លន់ នល់។ រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​បំណុល​ទាំងនោះ​ថា ជា​បំណុល​សង្គ្រាម​ដែល​បង្ក​ឲ្យ​ជនកម្ពុជា​ជាច្រើន​រង​ទុក្ខ​វេទនា ហើយ​បាន​សុំ​ឲ្យ​សហរដ្ឋអាមេរិក​កាត់បន្ថយ​មួយ​ភាគ​ធំ​ដោយ​បង្វែរ​ទៅជា​ជំនួយ​អភិវឌ្ឍន៍​វិញ។

ប៉ុន្តែ បើ​យោងតាម​លោក វីលៀម ថូដ ការកាត់បន្ថយ​បំណុល​ចំពោះ​ប្រទេសមួយ​ដែលមាន​លទ្ធភាព​សង តែ​គ្មាន​ឆន្ទៈ​នឹង​សង​នោះ វា​នឹង​ក្លាយជា​គំរូ​មិនល្អ​មួយ​សម្រាប់​ប្រទេស​ដទៃ​ទៀត។ លោក​វីលៀម ថូដ បាន​បញ្ជាក់ថា យោងតាម​ច្បាប់​អន្តរជាតិ រដ្ឋាភិបាល​ប្រទេស​មួយ​មាន​កាតព្វកិច្ច​ទទួលខុស​ត្រូវ​ចំពោះ​បំណុល​ដែល​រដ្ឋាភិបាល​មុនៗ​បាន​ជំពាក់។ យ៉ាងណា​ក៏ដោយ លោក​អះអាងថា សហរដ្ឋអាមេរិក​នៅតែ​តាំងចិត្ត​យ៉ាងខ្ពស់​ក្នុង​ការដោះស្រាយ​បញ្ហា​បំណុល​នេះ។

បើតាម​ឯកអគ្គរដ្ឋទូត​អាមេរិក កម្ពុជា​ត្រូវ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​ចាប់ផ្តើម​សងបំណុល យ៉ាង​ហោចណាស់​បាន​មួយឆ្នាំ​សិន ទើប​សហរដ្ឋអាមេរិក​ស្នើ​សុំ​ឲ្យ​មាន​ការអនុគ្រោះ​ដល់​កម្ពុជា​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ