អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខ​យោធាអាមេរិក​​ផ្តល់​ជម្រើស​៥​សម្រាប់​ធ្វើ​អន្តរាគមន៍​នៅ​ស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ចន្ទ​ទី ២២ កក្កដា ២០១៣ សភា​អាមេរិក​នឹង​អាច​បើកភ្លើងខៀវ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​លោកអូបាម៉ា​បញ្ជូន​សព្វាវុធ​ទៅ​ឲ្យ​ក្រុមប្រឆាំង​ស៊ីរី។ លោកអូបាម៉ា ធ្លាប់​បាន​ប្រកាស​កាល​ពីខែ​មិថុនា​ថា នឹង​ផ្តល់អាវុធ​ឲ្យ​ក្រុមប្រឆាំង បន្ទាប់ពី​អាមេរិក​បាន​រកឃើញថា រដ្ឋាភិបាល​ស៊ីរី​របស់​លោក​បាស្ហា អាល់អាសាដ​បាន​ប្រើអាវុធ​គីមី វាយប្រហារ​ទៅលើ​ក្រុមប្រឆាំង។

ប្រមុខ​យោធា​អាមេរិក លោក​ឧត្តមសេនីយ៍​ម៉ាទីន ដិមស៊ី សរសេរ​ទៅ​សមាជិក​សភាថា ធ្វើ​អន្តរាគមន៍​យោធា​ទៅ​ស៊ីរី គឺ​មិនខុសអ្វី​ពី​ធ្វើ​សង្រ្គាមនោះទេ
ប្រមុខ​យោធា​អាមេរិក លោក​ឧត្តមសេនីយ៍​ម៉ាទីន ដិមស៊ី សរសេរ​ទៅ​សមាជិក​សភាថា ធ្វើ​អន្តរាគមន៍​យោធា​ទៅ​ស៊ីរី គឺ​មិនខុសអ្វី​ពី​ធ្វើ​សង្រ្គាមនោះទេ ©REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

 

សភា​អាមេរិក​បាន​បន្ទុចបង្អាក់​គម្រោង​របស់​លោកអូបាម៉ា អស់​ប៉ុន្មាន​សប្តាហ៍​មកហើយព្រោះ​ដោយគេ​ព្រួយ​បារម្ភ​ថា អាវុធ​ដែល​ផ្តល់​ទៅ​ឲ្យ​ក្រុមប្រឆាំង​ស៊ីរី នឹង​អាច​ធ្លាក់​ទៅក្នុង​ដៃ​របស់​ក្រុមអ៊ីស្លាមជ្រុលនិយម ជាពិសេស ពួកក្រុមដែល​មាន​ទំនាក់ទំនង​ជាមួយ​អាល់កៃដា ដូចជា​ក្រុម​អាល់ ណូស្រា​(Al​Nosra) ជាដើម។ ត្រូវដឹង​ថា ក្រុម​អាល់ ណូស្រា​នេះ​ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់ចូល​ក្នុង​តារាង​បញ្ជី​ក្រុមភេរវជន កាលពី​ខែ​ឧសភា កន្លងទៅនេះ កំពុង​នៅលាយឡំ​ជាមួយ​ក្រុមប្រឆាំង​នៅ​ស៊ីរី ដើម្បី​ចូលរួម​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាធ​ដែរ។

អាវុធ​ដែល​អាមេរិក​ផ្តល់​ទៅឲ្យ​នោះទៀត គឺ​ជាអាវុធ​ធុនស្រាល ដូចជាកាំភ្លើង និង​គ្រាប់​តែ​ប៉ុណ្ណោះ ប៉ុន្តែ មិនមែន​អាវុធ​ធុនធ្ងន់ ដូចជា​កាំភ្លើងធំ សម្រាប់​បាញ់រថក្រោះ ដែល​ក្រុមប្រឆាំង​ទាមទារ​សុំនោះទេ។​

បើ​និយាយ​ពី​ផ្លូវច្បាប់​វិញ លោកប្រធានាធិបតី​អូបាម៉ា មិន​ចាំបាច់ សុំ​ការអនុញ្ញាតិ​ពី​សភា​ដើម្បី​បញ្ជូន​អាវុធ​ទៅ​ក្រុមប្រឆាំង​ស៊ីរីទេ។ ប៉ុន្តែ តាមទម្លាប់ រដ្ឋាភិបាល​អាមេរិក​តែងតែ​ពិភាក្សា​ជាមួយគណៈកម្មាការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា និង​ព្រឹទ្ធសភា ជាពិសេស នៅក្នុង​រឿង​ផ្តល់​អាវុធ​ទៅឲ្យ​ក្រុមប្រឆាំង​នៅ​ស៊ីរី​នេះ​តែម្តង។

បើតាម​ដំណឹង​ពីក្រុមប្រឆាំង​ស៊ីរីសេរី​ អាវុធ​ដែល​អាមេរិក​ផ្តល់​ឲ្យ​នឹង​អាច​ទៅដល់​ដៃ​ក្រុម​ប្រឆាំង នៅអំឡុង​ខែ​សីហា​ខាងមុខ។

ការផ្តល់​សព្វាវុធ​ដល់​ក្រុមប្រឆាំង គឺ​ជាជំហាន​ដំបូងក្នុង​​នយោបាយ​យោធា​របស់​​លោក​អូបាម៉ា ដែល​ចង់​ឲ្យ​មាន​តុល្យភាព​កម្លាំង​រវាង​ក្រុមប្រឆាំង និង​ទ័ព​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ ដែល​មាន​ជំនួយ​បន្ថែម​ពីកងទ័ព​អេស្បូឡា​(Hezbolla)​នៅលីបង់។ លោកអូបាម៉ា​កំពុង​តែ​ពិចារណា​ពី​ទម្រង់​ផ្សេងទៀត ក្នុង​ក្របខណ្ឌ​ផ្តល់​ជំនួយ​យោធា​ទៅ​ឲ្យ​ក្រុមប្រឆាំងស៊ីរី។

កាលពីថ្ងៃ​ម្សិលមិញ ប្រមុខ​ដឹកនាំ​កងទ័ព​អាមេរិក គឺ​លោក​ឧត្តមសេនីយ៍ ម៉ាទីន ដិមស៊ី​បាន​លើកជូន​ជម្រើស​អន្តរាគមន៍​យោធា​ចំនួន​៥ ទៅ​ឲ្យ​លោកអូបាម៉ា​ពិចារណា។ ជម្រើសទាំង៥ មាន​ដូចជា៖
-ការផ្តល់​ព័ត៌មាន​សម្ងាត់ និង​បណ្តុះបណ្តាល​ក្រុមទាហាន​ប្រឆាំង​ដើម្បី​ឲ្យ​ចេះ​ប្រើអាវុធ។
-ការធ្វើការ​វាយប្រហារ​តាមជើងអាកាស ក្នុង​រយៈពេល​មាន​កំណត់មួយ
-ការបង្កើត​តំបន់​ហាមឃាត់​ការហោះហើរ
-ការបង្កើត​តំបន់​ពិសេស​មួយ​នៅក្នុង​ប្រទេស​ស៊ីរី ដើម្បី​ឲ្យ​ក្រុមប្រឆាំង​បាន​ជ្រកកោណ រួចផុត​ពីការវាយប្រហារ​របស់​ទាហាន​រដ្ឋាភិបាល​ស៊ីរី និង​ចុងក្រោយ គឺ
-ការបញ្ជូន​ទ័ព​អាមេរិក​ទៅ​ស៊ីរី ដើម្បី​វាយផ្តាច់​យក​ទីតាំង ដែល​មាន​លាក់ទុក​អាវុធ​គីមី មកគ្រប់គ្រង រក្សាឡើងវិញ។

នៅក្នុង​លិខិត​ផ្ញើ​ទៅ​សមាជិក​សភា លោក​ឧត្តមសេនីយ៍ ម៉ាទីន ដិមស៊ី ដែល​ជា​នាយ​អគ្គ​សេនាធិការ​កងទ័ព​ចម្រុះ​អាមេរិក(Chairman of the Joint Chiefs of Staff) បាន​​រំលឹក​ពី​ផល​វិបាក និង​ថ្លៃចំណាយ​ខ្ពស់កប់ពពក ​ដើម្បី​អនុវត្តន៍​ផែនការ​យុទ្ធសាស្រ្ត​នីមួយៗ។ បើតាម​លោក​ឧត្តមសេនីយ៍ ម៉ាទីន ដិមស៊ី គេ​មិនអាច​មើលស្រាល​ការប្រើប្រាស់​កម្លាំងទ័ព នៅ​ស៊ីរី​បានទេ។ លោក​ឧត្តមសេនីយ៍ ម៉ាទីន ដិមស៊ី បញ្ជាក់ថា បើ​គេលូកដៃ ចូល​ទៅក្នុង​សង្រ្គាម​ស៊ីវិល​ស៊ីរី គឺ​គេ​ត្រូវ​តស៊ូ​ធ្វើ រហូត​ដល់​ចប់ គឺ​ត្រូវ​គិត​ទុក​ជាមុន ពី​មធ្យោបាយ​ដើម្បី​រក្សា​ស្ថិរភាព​នៅ ស៊ីរី នៅក្រោយ​អន្តរាគមន៍​ទ័ព​អាមេរិក គឺ​ធ្វើ​យ៉ាងម៉េច កុំ​ឲ្យ​អាមេរិក​ជ្រុល​ផុងខ្លួន​ក្នុង​សង្រ្គាម  ដូចក្នុង​​ករណី​ប្រទេស​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់។

នៅក្នុង​សង្រ្គាម​នៅ​អ៊ីរ៉ាក់ រយៈពេល​៨ឆ្នាំ អាមេរិក​បាន​ចំណាយ​អស់ ៨១៣​ពាន់​លាន​ដុល្លារ នេះ​គេ នៅមិនទាន់​រាប់បញ្ចូល​ពី​ការចំណាយ​រាប់ពាន់​លាន​ដុល្លារ​ផ្សេងទៀត ដែ​រដ្ឋាភិបាល​អាមេរិក​ត្រូវ​ចំណាយ​សម្រាប់​ស្តារកាយនិតិសម្បទា​របស់​កងទ័ពអាមេរិក​ដែល​រងរបួស​នៅក្នុង​សង្រ្គាមនោះទេ។ លោក​ លោក​ឧត្តមសេនីយ៍ ដិមស៊ី​បាន​លើកឡើង​ផងដែរ​ពីបទពិសោធន៍​សង្រ្គាម​ជាង​១០ឆ្នាំ ដែល​អាមេរិក​បាន​ជាប់ផុងខ្លួន នៅ​អាហ្វហ្កានីស្ថាន។ សង្រ្គាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកតាលីបង់ ដ៏រ៉ាំរ៉ៃ​បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស ទាំង​កងទ័ព និង​ជនស៊ីវិល និង​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​ថវិកា​អស់ ជាង ៦៤០​ពាន់​លាន​ដុល្លារ។ អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់​ជាឧទាហរណ៍ស្រាប់។ គឺមាន​ថ្ងៃ​តិចណាស់ ដែល​គេ​មិនឃើញ​មាន​ការបំផ្ទុះភេរវកម្ម សម្លាប់មនុស្ស។

ដើម្បី​អនុវត្ត​ជម្រើស​យោធា​ទាំងប្រាំ ខាងលើ គេ​ត្រូវ​ចំណាយ​លុយច្រើន​ណាស់។ ជម្រើស​ទីមួយ របស់​អាមេរិក ក្នុង​ការបណ្តុះបណ្តាល​ទាហាន​ក្រុមប្រឆាំង​ស៊ីរី នឹង​ត្រូវ​ធ្វើ​ឲ្យ​គេ​ចំណាយ​អស់​លុយ ៥០០​លាន​ដុល្លារ។ ចំណែក​ជម្រើស​យោធា​បួន​ផ្សេងទៀត គឺ​សម្រាប់​ជម្រើស​នីមួយៗ អាមេរិក​នឹង​ត្រូវ​ចាយ​ប្រមាណ ១ពាន់​លាន​ដុល្លារ ក្នុង​មួយ​ខែ។

បើតាម​លោក​ឧត្តមសេនីយ៍ ម៉ាទីន ដិមស៊ី ដើម្បី​បង្កើត​តំបន់​ពិសេស សម្រាប់​ក្រុមប្រឆាំង ឬ​បង្កើត​តំបន់​ហាមឃាត់​ការហោះហើរ​បាន គឺ​គេត្រូវ​ប្រើ​ទាហាន​អាមេរិក យន្តហោះ​រាប់រយ គ្រឿង នាវា​ចម្បាំង ឬ​នាវាមុជទឹក ដើម្បី​អាចទប់ស្កាត់​​កុំ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​អាច​ប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារ​លើ​ក្រុមប្រឆាំង។

ការចំណាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់​យ៉ាងនេះ នៅ​មិន​ទាន់​ឲ្យ​គេ​ប្រាកដថា នឹងអាច​ធានា​បាន​បង្កើត​តំបន់​ហាមឃាត់​ការហោះហើរ​បានទេ ព្រោះ​រដ្ឋាភិបាល​ស៊ីរីក៏​មាន​ប្រព័ន្ធ​ការពារ​ទ័ព​អាកាស​ទំនើប ជាពិសេស រដ្ឋាភិបាល​ស៊ីរី​ទើប​ទទួល​បាន​មីស៊ីល​ទំនើប​ពី​រុស្ស៊ី​ដែល​អាច​បាញ់បំផ្លាញ កប៉ាល់ ឬ​យន្តហោះ​បាន។

ជាសរុប​មកវិញ អាមេរិក​ដែល​ចង់​ផ្តល់​ជំនួយ​យោធា​ដល់​ក្រុមប្រឆាំង​ស៊ីរី នឹង​ត្រូវ​ចំណាយ​ថវិកា​រាប់ពាន់​លាន​ដុល្លារ នេះ​គឺ​គ្រាន់តែ​ដើម្បី​តុល្យភាព​កម្លាំង រវាង​ទ័ព​រដ្ឋាភិបាល និង​ក្រុម​ប្រឆាំង ប៉ុន្តែ មិនមែន​សំដៅ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​បាស្ហា អាល់អាសាដទេ ដូច​ផ្តួល​លោក​សាដាម ហ៊ូសេន​ទេ។ ក្នុងពេល​ដែល​រដ្ឋាភិបាល​អាមេរិក កាត់បន្ថយ​ថវិកា​យោធា មកនៅត្រឹម ជាង ៥០០​ពាន់​លាន ក្នុង​មួយ​ឆ្នាំ ការចំណាយ​លុយ​ច្រើន រាប់ពាន់​លាន​ដុល្លារ ក្នុង​សង្រ្គាម​នៅ​ស៊ីរី ហើយ​គេ​មិន​ប្រាកដថា នឹង​បញ្ចប់​សង្រ្គាម​ស៊ីវិល​បានទៀត​នោះ មើលទៅ មិនមែន​ជា​ជម្រើស សមហេតុ សមផល​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ