អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជំងឺ​វង្វេងវង្វាន់ ក៏​អាច​កើត​លើ​មនុស្សវ័យ​ចំណាស់ល្មម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រសិន​បើ​ពាក្យ​ថា​វង្វេងវង្វាន់​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​វ័យ​ចាស់​ជរាក៏​ពិត​មែន ប៉ុន្តែមិន​មែន​ថា​មិន​ទាន់​ចាស់​ ​មិន​ចេះ​ភ្លេច ឬ​មិន​កើត​ជំងឺ​វង្វេង​វង្វាន់​នោះ​ទេ។ ​នៅ​ប្រទេស​បារាំង គេ​ប៉ាន់​ប្រមាណ​ថា​មាន​មនុស្ស​វ័យ​ក្រោម​៦០​ឆ្នាំ មិន​តិច​ទេ​ដែល​មាន​ផ្ទុក​ជំងឺ​វង្វេង​វង្វាន់ ​គ្រាន់​តែ​គ្មាន​តួលេខ​ឬ​ស្ថិតិ​ច្បាស់​លាស់ប៉ុណ្ណោះ។ ចុះ​នៅ​ប្រទេសកម្ពុជា ? តើ​ចាប់​ពី​ត្រឹម​អាយុ​ប៉ុន្មាន​ឡើង​ទៅ​ដែល​គេ​ហៅ​ថា​នៅ​ក្មេង​តែ​មាន​កើតជំងឺ​វង្វេង​វង្វាន់​? តើ​ជំងឺ​នេះ​អាការៈ​និង​រោគ​សញ្ញា​ដូចម្តេច​ខ្លះ ? តើ​វិទ្យាសាស្ត្រ​ជឿន​លឿន​ដល់​កំរិត​ណា និង​មាន​សមត្ថភាព​ចាប់​សញ្ញារោគ​វង្វេង​វង្វាន់​បាន​ប៉ុណ្ណា ?

រូប​ថ​ត​ប្រៀប​ធៀប​ខួរ​ក្បាល អ្នក​គ្មាន និង​មាន​ជំងឺ​វង្វេង​វង្វាន់
រូប​ថ​ត​ប្រៀប​ធៀប​ខួរ​ក្បាល អ្នក​គ្មាន និង​មាន​ជំងឺ​វង្វេង​វង្វាន់ Wikipédia
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ពេល​នេះ គ្មាន​ថ្នាំ​ណាស​អាច​ព្យាបាល​ជំងឺ​ វង្វេង​វង្វាន់ ដែល​នាំ​ខួរ​ក្បាល​ឱ្យ​ បាត់​បង់​ការ​ចង​ចាំ​បន្តិច​ម្តងៗ ខ្លាំង​ឡើងៗ មិន​អាច​បក​ក្រោយ​ជួយ​ខួរ​ក្បាល​ឱ្យ​រក​ឃើញ​មុខ​ងារ​ដើម​ ចេះ​ចង​ចាំ​វិញ​បាន​ឡើយ។ ប៉ុន្តែ​ជា​សំណាង​ល្អ ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ហាក់​ដូច​រក​ឃើញពន្លឺ​ខ្លះ​ ដែល​អនុញ្ញាតិ​ឱ្យ​គេ​អាច​វិភាគ រក​រោគ​សញ្ញានៃ​ជំងឺ​​បាន​ឆាប់ តាំង​ពី​ដំបូងភ្លាម

មជ្ឈមណ្ឌលសិក្សា​និង​ស្រាវជ្រាវវិទ្យុឱសថ Radiopharmaceutique នៃ​​​សាកលវិទ្យាល័យ​វេជ្ជាសាស្ត្រ​នុយក្លេអ៊ែរ​ក្រុង​តួរ​ប្រទេស​បារាំង រក​ឃើញ​របៀ​ប​វិភាគ​រក​ជំងឺ​វង្វេងវង្វាន់ តាម​រយៈ​រូបភាព​នុយក្លេអ៊ែរ។ ថត​ឆ្លុះ​ដែល​អាច​ជា​គន្លង​ផ្លូវ​មួយនៃ​ការស្រាវជ្រាវ​រក​មើល​ជំងឺ​ដែល​គ្មាន​នរណា​ទាន់​យល់​ដឹង​អំពី​មូលហេតុ​នៅ​ឡើយ។

ជំងឺ​វង្វេងវង្វាន់ ត្រូវ​សម្គាល់​បាន​ដោយ​ឃើញ​វត្តមាន​សរីរាង្គ​វិប្បរិត្ត (សរីរាង្គ​ជាំ មាន​ដំបៅ) មួយ​ប្រភេទ​នៅក្នុង​ខួរ​ក្បាល។ សរីរាង្គ​វិប្បរិត្ត​ និង​ពិសេស​កំណក​ប្រូតេអ៊ីន​អាម៉ីឡូអ៊ីត ដែល​នៅព័ទ្ធ​ជុំ​វិញ​​សរសៃ​ប្រសាទ​ ចាប់​ផ្តើម​លេច​ចេញ​ប្រមាណ​ជា​១០ ឬ​១៥ ទៅ​២០​ឆ្នាំ​មុន​ចេញ​ជា​រោគ​សញ្ញា​ជំងឺ​វង្វេងវង្វាន់​ជា​លើក​ដំបូង។ បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Denis Guilloteau ប្រធាន​ក្រុម​ដឹកនាំ​ស្រាវជ្រាវ​ថត​ឆ្លុះ​និង​ខួរក្បាល នៅ​មន្ទីរពេទ្យក្រុង​តួរ​ វា​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដែល​នាំ​ដល់​វែក​អាការៈសញ្ញា​រោគ​វង្វេងវង្វាន់​បាន​ឆា​ប់​បំផុត​ជាងគេ។

“គេ​អាច​ឆ្លុះ​មើល​ឃើញ​សរីរាង្គ​វិប្បរិត្ត​និង​កំណក​អាម៉ីឡូអ៊ីត តាម​មីក្រូស្តុក ប៉ុន្តែ​ឥលូវ​នេះ​គេ​អាច​មើល​ឃើញ​បាន​ឆាប់​ជាង​មុន​ ដោយ​ចាក់​បញ្ចូល​នូវ​ផលិតផល​ម្យ៉ាង​ជា​ឱសថ​ម្យ៉ាង​Radiopharmaceutique  ដែល​មាន​សកម្មភាព​វិទ្យុសកម្ម​អាច​ទៅ​ចាប់​រក​មើល​ថា​តើមាន​កំណក​ឬ​អត់ »

ថ្នាំ​វិទ្យុឱសថ ដែល​លោកសាស្ត្រាចារ្យ​ Guilloteau បាន​លើក​ឡើង ត្រូវ​បានឆ្លង​កាត់​ដំណាក់​កាល​សាកល្បង ​​ ក្នុង​ក្របខ័ណ្ឌ​ធ្វើ​តេស្ត​កំណត់​ប្រសិទ្ធិភាព​ថ្នាំ​ លើ​អ្នកជំងឺ​ចំនួន​បីពាន់​នាក់​រួច​ហើយ នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ Johnny Vercoulli។

ជំងឺ​វង្វេង​វង្វាន់​គឺ​រោគា​ដែល​លេច​ឡើង​ដោយ​យឺតៗ ! ហើយ​ដោយ​គ្មាន​ថ្នាំព្យាបាល​ ការ​វិភាគ​រោគ​សញ្ញា​កាន់​តែ​ឆាប់​ អាច​នឹង​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួពេទ្យ​ជួយ​ពន្យារ​ពេល​​លេច​រោគ​សញ្ញា​ជំងឺ​វង្វេង​ដំបូង​បាន​។ ប៉ុន្តែ​គ្មានហេតុផល​អ្វីដែល​ត្រូវ​ធ្វើ​វិភាគ​រក​ជំងឺ​ ជា​លក្ខណៈ​ស្វ័យប្រវត្តិឡើយ​! មនុស្ស​គ្រប់​រូប​ចាំ​បាច់​ត្រូវ​ខិត​ខំ​សាក​ល្បង​គោរព​ទស្សនៈ ការពារប្រសើរ​ជាង​ព្យាបាល។
លោកសាស្ត្រាចារ្យ​ វ៉ាំងសង់ ការមុ Vincent Camus ឯកទេស​ចិត្តសាស្ត្រ​​ នៅ​មជ្ឈមណ្ឌល​ចងចាំ​និង​ស្រាវជ្រាវ​នៃមន្ទីរពេទ្យ​ក្រុង​តួរ ណែនាំ​ឱ្យ​មនុស្ស​គ្រប់​រូប​គិត​គូរ​ថែ​ទាំង​សុខភាព ដោយ​ចេះ​ការពារ​ ៖

“ដើម្បីការពារ​កុំ​កើត​ជំងឺ​វង្វេង​វង្វាន់ ត្រូវ​តែ​ចេះ​ត្រួត​ពិនិត្យ​សុខភាព​ផ្នែក​ជំងឺ​សរសៃ​ឈាម​បេះដូង​ ត្រួត​ពិនិត្យ​សម្ពាធ​ឈាម​ ចេះ​ធ្វើ​កីឡា​បញ្ចេញ​សកម្មភាព​រាងកាយ ទទួល​ទាន​ចំណី​អាហារ​មាន​លំនឹង​។ ការ​ចេះ​ត្រួត​ពិនិត្យ​សុខភាព​បេះដូង​ ឈាម​ ...ទាំង​នេះ គឺ​សុទ្ធ​សឹង​ជា​កត្តា​ការពារ​ប្រឆាំ​ង​នឹង​ជំងឺ​វង្វេងវង្វាន់។”

សម្រាប់​អ្នក​ស្រាវជ្រាវ ការ​កាត់​បន្ថយ​គ្រោះ​បង្ក​ជំងឺ​ចំបងៗ​ ត្រឹម​តែ​១០% គេ​អាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​កុំ​ឱ្យ​កើត​ជំងឺវង្វេងវង្វាន់​បាន​១​លាន​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​វង្វេងវង្វេង​ទាំង​ជាង​៣៥​លាន​នាក់​នៅ​លើ​ពិភពលោក​សព្វថ្ងៃ។

ហើយ​ដោយ​សារ​តែ​មនុស្ស​លោក​បច្ចុប្បន្ន​មាន​អាយុ​វែង​មនុស្ស​សម័យ​មុន គេ​ប៉ាន់​ប្រមាណ​ថា នៅ​ឆ្នាំ​ ២០៣០ ចំនួន​អ្នក​កើត​ជំងឺ​វង្វេង​វង្វាន់​នឹង​កើន​ទ្វេ​ដង ប្រសិន​បើ​គ្មាន​ការ​ពារ​សមស្រប​ទេ។

គ្មាន​ថ្នាំ​ព្យាបាល គ្មាន​ផ្តល់​រោគ​សញ្ញា ជំងឺ​វង្វេង​វង្វាន់​គឺ​ជា​បន្ទុក​ដ៏ធ្ងន់​សម្រាប់​គ្រួសារ​និង​សង្គម ហើយ​មិន​តែ​ប៉ុណ្ណោះ​ជំងឺ​នេះ​អាច​មាន​កើត​ចំពោះ​មនុស្ស​ក្នុង​មិន​ទាន់​ចាស់​ជរា​ផង ឬ​មនុស្ស​នៅ​ក្មេង​នៅ​ឡើយ។ ពាក្យ​ថា​នៅក្មេង មិន​មែន​ចង់​សំដៅ​លើ​ក្មេង​បៀម​ដៃ​អាយុ​ក្រោម​១០​ឆ្នាំទេ។ នៅក្នុង​និយម​អន្តរជាតិ​ទាក់​ទង​នឹង​ជំងឺ​វង្វេង​វង្វាន់​ កាលណា​និយាយ​អំពី​មនុស្ស​ក្មេង​ គឺ​ជា​សំដៅ​លើ​មនុស្ស​ស្រី​ប្រុស ដែល​មាន​អភិវឌ្ឍន៍​ជំងឺ​វង្វេងវង្វាន់​ មុន​អាយុ​៦៥​ឆ្នាំ។ នៅ​ប្រទេស​បារាំង អ្នក​ជំងឺក្មេង គឺ​អ្នក​ជំងឺ​អាយុ​ក្រោម​៦០​ឆ្នាំ។ ហើយ​បើ​យោល​ទៅ​សមត្ថភាព​ស្វ័យភាពកម្លាំង​កំហែង​​របស់​បុគ្គលម្នាក់ៗ អ្នក​មានអាយុ​៧៥​ឆ្នាំ​ទៅ​ហើយ ក៏​អាច​ត្រូវ​ចាត់​ទុក​បាន​ថា​ជា​អ្នកជំងឺ​វង្វេងវង្វាន់​ក្មេង​បាន​ដែរ។

គ្រូពេទ្យ​ឯកទេស​ផ្នែក​ប្រព័ន្ធប្រសាទ សង្កេត​ឃើញ​ថា អ្នក​ជំងឺ​វង្វេង​វង្វាន់​ចាស់ ឆាប់​ផ្តល់​អាការៈ​សញ្ញា​រោគ(ពីរ​ទៅ​បី​ឆ្នាំ) ជាង​​​អ្នកជំងឺ​ក្មេង​ (៥ឆ្នាំ)។ ព្រោះ​ជា​ការ​ធម្មតា ទាំង​គ្រូពេទ្យ ទាំង​​បុគ្កលិក​សុខាភិបាល ពិត​ជា​មិន​នឹង​ឃើញ​គិត​​ដល់​ជំងឺ​ភ្លេច​វង្វេងវង្វាន់​នេះ ចំពោះ​មនុស្ស​មុន​នៅ​វ័យ​ក្រោម​៦០​ឆ្នាំ​ណាស់។

ការ​លំបាក​មួយ​ទៀត គឺ​មក​ពី អ្នក​ជំងឺ​ក្មេង អាច​មាន​អាការៈ​សញ្ញារោគ​​​ពិសេស​ដែល​គេ​មិន​អាចគិត​ដល់នោះ គឺ​អត្តចរិត​និង​អារម្មណ៍​របស់​បុគ្គល។ អ្នកជំងឺ​ក្មេង​តែ​ង​មាន​អត្តចរិត​កាច​ ឆេវឆាវ រំជើប​រំជួល​ ឆ្លេឆ្លា​ដើរ​ទៅ​ដើរ​មក​ពេញ​ផ្ទះ អារម្មណ៍​ឆាប់​មួរហ្មង​ បាត់​បង់​ចរិតរាប់​អាន​​មនុស្ស​ លែង​ចូល​សង្គម​ មមើ​មមាល ឬ​ធ្លាក់​ខ្លួន​ដូច​មនុស្ស​មាន​ជំងឺ​ផ្លូវ​ចិត្ត​ផង។ ការ​ភ្លេច​ បាត់​បង់​ការ​ចង​ចាំ​មិន​មែន​ជា​មូលហេតុ​ជំរុញ​ឱ្យ​មក​ជួប​គ្រូពេទ្យ​ពិគ្រោះ​មើល​ជំងឺ​វង្វេង​វង្វាន់​ទេ។​
ជំងឺ​វង្វេង​វង្វាន់ មិន​មែន​ជា​ជំងឺ​ដែល​មិន​អាច​បញ្ចៀស​បាន​នោះ​ឡើយ ! សហគមន៍​វេជ្ជសាស្ត្រ កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ខ្លាំង​ឡើង ថា​ ថ្វី​បើ​គ្មាន​ថ្នាំ​ព្យាបាល​មែន ​ប៉ុន្តែ​គេ​អាច​សាក​ល្បង​ការពារ​កុំ​​ឱ្យ​កើត​ជំងឺ​វង្វេង​វង្វាន់​នោះ​បាន ឬ​យ៉ាង​ហោច​ណាស់​ ក៏ អាច​បង្កិល​ជំងឺ​នេះ​កុំ​ឱ្យ​ឆាប់​កើត​ពេក​។ បើ​បង្ខិត​បាន​៥​ឆ្នាំ នោះចំនួន​មនុស្ស​កើត​ជំងឺ​វង្វេង​វង្វាន់​​នឹង​ថយ​អស់​ពាក់​កណ្តាល។​ ដូច្នេះ​សួរ​ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ ?!

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​គោល​ការណ៍ ការពារ​ ត្រូវ​ធ្វើ​ពេញ​មួយ​ជីវិត។ ដំបូង​ឡើង​ ត្រូវ​ទៅ​សាលា​ ! អ្នក​ស្រាវជ្រាវ​ជាតិ​កាណាដា បាន​រក​ឃើញ​ថា​ ​អ្នក​រៀនបាន​ត្រឹម​​៦​ថ្នាក់​ មាន​គ្រោះ​កើត​ជំងឺវង្វេង​វង្វាន់​កើន​ឡើង​ទ្វេ​ដង បើ​ប្រៀប​ទៅ​នឹង​អ្នក​រៀន​រយៈ​ពេល​១៣​ឆ្នាំ ដល់ថ្នាក់​​បាក់​ឌុប+១ (ឆ្នាំ​ទី​មួយ​ថ្នាក់​មហាវិទ្យាល័យ ឬ​សាលា​ឯកទេស​ផ្សេងៗ​ទៀត)។ ចាប់​ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ ត្រូវ​តែ​តាមដាន​ ត្រួត​ពិនិត្យ​និង​ព្យាបាលកុំ​ឱ្យ​កើត​​​ជំងឺ​ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​ជា​ភ្នាក់​ងារ​បង្កើន​គ្រោះ​វង្វេង​វង្វាន់។

ធ្វើ​កីឡា បញ្ចេញ​សកម្ម ជា​​អនុសាសន៍ដ៏​សំខាន់​មួយ របស់​ក្រុម​គ្រូពេទ្យ​ ចំពោះ​អ្នក​ដែល​ចង់​បញ្ចៀស​ជំងឺ​វង្វេងវង្វាន់​ឱ្យ​នៅ ឆ្ងាយ​ពី​ខ្លួន។ ធ្វើ​កីឡា​ ដូចជា ដើរ រត់ ឡើង​ជណ្តើរ ៣០​នាទីក្នុង​មួយថ្ងៃ​ បូក​ផ្សំនឹងកីឡា ផ្សេងៗ​ទៀត ប្រចាំ​សប្តាហ៍ ៦០​នាទី គឺ​ជា​ការប្រសើរ​បំផុត​ សម្រាប់​ខួរ​ក្បាល។ ព្រោះ​លំហាត់ប្រាណ​​សម្រួល​ដល់​ការ​បង្កើត​កោសិកានៃ​សរសៃ​ប្រសាទ។ ហើយ​ជា​ចុងក្រោយ​ គឺ​ត្រូវ​​រំញោច​ខួរ​ក្បាល​ ជា​រៀង​រាល់​ថ្ងៃ ដោយ​បន្ត​ប្រើ​ខួរ​ក្បាល ធ្វើ​សកម្មភាព​ផ្នែក​គំនិត។ បន្ត​គិត​ពិចារណា​ពីនេះ​ពីនោះ​ជា​ប់​ជា​ប្រចាំ​​អាច​ជួយ​កាត់​បន្ថយ​កុំ​ឱ្យ​ជួប​គ្រោះ​ឆ្កួត​វង្វេងបាន។ ដូច្នេះ​សម្រាប់មនុស្ស​ចាស់​គួរ​តែ​រក្សា​ទំនង​​ទំនង​ជាមួយ​​សង្គម​ ជា​មនុស្ស​ក្មេង ជាមនុស្ស​ចំណាស់​ដូចគ្នា​ កុំ​សំងំ​ស្ងៀម​ឱ្យ​នៅឯកា​ដាច់​ពី​គេ។ គិត​ពិចារណា ដោយ​បញ្ចេញ​សកម្មភាព​ណា​ដែល​ត្រូវ​ការប្រើ​​គំនិត ដូច​ជា​​អាន​សៀវភៅ ធ្វើ​សួន​ គូររូប លេង​ភ្លេង លេង​បៀរ​ ដេរប៉ាក់ ស្តាប់​និង​តាម​ដាន​បច្ចុប្បន្នភាព​ក្នុង​សង្គម ក្នុង​ប្រទេស​និង​ពិភពលោក បង្កើន​ចំណេះ​ថ្មី សុទ្ធ​តែ​ប្រសើរ​ជាង​អង្គុយ​ស្ងៀម​មើល​ទូរទស្សន៍​ទាំង​អស់។

ខាង​ផ្នែក​របប​ចំណី​អាហារ​វិញ ជ្រើសរើស​ការ​ទទួល​ទាន​ម្ហូប​អាហារ​ មាន​បន្លែ​ ផ្លែឈើ​ គ្រាប់ធញ្ញជាតិ ត្រី។ល។ និង​។ល។ ដែល​អាច​ជួយ​ការពារ​ជួយ​ការ​ពារ​សុខភាព​បេះដូង សុខភាព​សរសៃ​ឈាម​ ដោយ​ផ្ទាល់ តែ​​ជួយ​ខួរក្បាល​ក៏​អាច​ស្រូប​យក​ផលល្អ ដោយ​ប្រយោល​បាន​ពី​របប​អាហារ​នេះ​​ដ៏​បរិសុទ្ធ​នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ