អានតួអត្ថបទ
កម្ពុជា

ក្រសួង​រ៉ែ​និង​ថាមពល​ ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​លោក​ Alex

ក្រសួង​រ៉ែ ​និង​ថាមពល ​បាន​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​សកម្មជន​ការពារ​បរិស្ថាន​គឺ​លោក​ Alex​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ ដោយ​ចោទ​ថា​សកម្មជន​រូប​នេះ​និយាយ​បង្ខូច​កេរ្ត៍​ឈ្មោះ​របស់​ក្រសួង។ ​ប៉ុន្តែ ​ រហូត​មក​ដល់​ថ្ងៃ​ទី​ ៣​ តុលា​នេះ​ក្រសួង​មិន​ទាន់​បាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ណា​មួយ​ប្រឆាំង​លោក​ Alex ​នៅ​ឡើយ​ទេ។ ​ដោយ​ឡែក ​លោក ​Alex​ បាន​ឆ្លើយ​តប​វិញ​ថា ​ការ​ពិត​ ឬ​ក៏​ជា​ការ​និយាយ​បំផ្លើស​នោះ ​ទុក​ឲ្យ​សាធារណៈ​ជន​ជា​អ្នក​ពិចារណា ​ហើយ​លោក​ក៏​មិន​ខា្លច​ចំពោះ​ការ​ព្រមាន​របស់​ក្រសួង​ដែរ។

លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ
លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ Alex Gonzalez-Davidson
ផ្សាយពាណិជ្ជកម្ម

ក្រសួង​រ៉ែ និង​ថាមពល ទើបតែ​បានចេញ​សេចក្តីបំភ្លឺ បន្ទាប់ពី​ក្រសួង​បាន​លើកឡើងថា​ លោក​ Alex បាន​បំប៉ោង​ចំនួន​ថាមពល​អគ្គិសនី​ដល់​ទៅ ១៨០ មេ​ហ្គា​វ៉ា​ត់ នៅក្នុង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ជាង​អា​រ៉ែ​ង។ ប៉ុន្តែ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក​​អ៊ិត ប្រាំង បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ៣០ កញ្ញា ថា​កម្លាំង​ថាមពល​អគ្គិសនី​នេះ គឺមាន​ត្រឹមតែ ១០៨ មេ​ហ្គា​វ៉ា​ត់​តែប៉ុណ្ណោះ។ ជាងនេះទៅទៀត ក្រសួង​បាន​បន្តថា លោក Alex ចោទប្រកាន់​ក្រសួង​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ថា បាន​ប្រព្រឹត្តិ​អំពើពុករលួយ​ជាមួយនឹង​ក្រុមហ៊ុន ស៊ី​ណូ​ហាយ​ត្រូ ។

លោក​អ៊ិត ប្រាំង បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ក្រសួង គ្រាន់តែ​ឆ្លើយ​បំភ្លឺ​ដល់​សាធារណជន​ថា អ្វីដែល​លោក Alex បានលើកឡើង​នោះ មិនមែនជា​ការពិត​នោះ​ទេ ហើយ​វា​ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ក្រសួង​ថែមទៀត។ លោក​បន្តថា ប្រសិនបើ​លោក Alex ចង់បង្ហាញ​ដល់​សាធារណៈជន​ថា ក្រសួង​រ៉ែ និង​ថាមពល​ពិតជា​មាន​អំពើពុករលួយ​មាន​នោះ លោក​អាចដាក់​ពាក្យបណ្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ដោយ​មិនចាំបាច់​ទៅ​បរិហារ​ក្រសួង​តាមរយៈ​សារព័ត៌មាន​នោះទេ។
ក៏ប៉ុន្តែ​លោក Alex បាន​ឆ្លើយ​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​មិញ​នេះដែរ​ថា អ្វីដែល​លោក​បាន​និយាយ​តាម​សារព័ត៌មាន​ជាការ​ពិត ឬមួយ​ក៏​ជាការ​និយាយ​បំផ្លើស​នោះ សូម​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​ពិចារណា​ដោយ​ខ្លួនឯង ដោយ​លោក​សុំ​មិន​អត្ថាធិប្បាយ​នោះទេ។

សូមបញ្ជាក់ថា បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​យ៉ាង​ផុសផុល​នៅក្នុង​បណ្តាញសារព័ត៌មាន​ស្តីពី​ផលប៉ះពាល់ នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ជាយ​អា​រ៉ែ​ង នៅ​រយៈពេល​ចុង​ក្រោយ​​នេះ​មក ថ្មី​នេះ ទាំង​លោកនាយក​រដ្ឋមន្ត្រី ទាំង​ប្រធាន​បក្សប្រឆាំង និង​ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់ថា រហូតមក​ទល់នឹង​ពេលនេះ រដ្ឋាភិបាល​កម្ពុជា នៅ​មិនទាន់​សម្រេច​ឲ្យ​មានការ​ការសាងសង់​ទំនប់​ជាយ​អា​រ៉ែ​ង​នេះ នៅឡើយ​ទេ ដោយ​រង់​ចាំមើល​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ពី​ផលប៉ះពាល់ និង​ផលប្រយោជន៍​ជាមុនសិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ