កម្ពុជា-បារាំង - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 21 តុលា 2010 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 21 តុលា 2010

Air France បើក​ជើង​ហោះហើរ​ប៉ារីស-ភ្នំពេញ​នៅ​ខែ​មីនា២០១១

យន្តហោះ Boeing 777 របស់​ក្រុមហ៊ុន Air France
យន្តហោះ Boeing 777 របស់​ក្រុមហ៊ុន Air France
©Air France

ដោយ លាង ដឺលុច

មិនបាន​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ការ​លើកឡើង​របស់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ​ដែល​ទើប​បញ្ចប់​អាណត្តិ អំពី​គម្រោង​បើក​ការហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​បារាំង Air France បារាំង-កម្ពុជា នៅ​ថ្ងៃនេះ ​ក្រុមហ៊ុន ​Air France ​បាន​ប្រកាស​ជា​ផ្លូវការ​តែម្តង អំពី​ប្រតិបត្តិការ​ហោះហើរ​នេះ។ ចាប់​ពី​ថ្ងៃ​ទី​២៧​ខែ​មីនា​ ឆ្នាំ​២០១១ Air France​ នឹង​ផ្តើមចេញ​ដំណើរ​ហោះហើរ​៣​ដង​ក្នុង​មួយ​សប្តាហ៍ ពី​ ប៉ារីស មក​ភ្នំពេញ។

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ
 
21/10/2010
 
 

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​បារាំង​ Air France នឹង​ផ្តើម​ប្រតិបត្តិការ​ហោះហើរ​ រវាង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង និង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​ នៅថ្ងៃ​ទី​២៧​ មីនា​ឆ្នាំ​២០១១។ ការ​ហោះហើរ​ដែល​នឹង​ត្រូវ​ប្រតិបត្តិការ ​ដោយ​ឆ្លងកាត់​ប្រទេស​ថៃ។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ Air France ដែល​ចេញផ្សាយ​នៅថ្ងៃ​ទី​២១​តុលា​នេះ​ បាន​សរសេរ​ថា ក្រុមហ៊ុន​ Air France នឹង​ផ្តើម​ប្រតិបត្តិការ​លើក​ដំបូង​របស់​ខ្លួន ដោយ​ចេញ​ដំណើរ​៣​ដង​ក្នុង​មួយ​សប្តាហ៍ ពោល​គឺ​ ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ទៅ​ព្រលាន​យន្តហោះ​ Charles De Gaulles ទីក្រុង​ប៉ារីស ការចេញ​ដំណើរ​នឹង​មាន​រៀងរាល់​ថ្ងៃ​អង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ចំណែកឯការ​ចេញ​ដំណើរ​ពី​ទីក្រុង​ប៉ារីស​ មក​ភ្នំពេញ​វិញ នឹង​មាន​រៀងរាល់​ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ។
 
សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ​Air France​ ដដែល ក៏​បាន​ប្រាប់​អោយ​ដឹងផងដែរ​ អំពី​ធុនយន្តហោះ​ដែល​នឹង​ត្រូវ​ហោះហើរ​រវាង​ទីក្រុង​ទាំងពីរ​នេះ។ ប្រភេទ​យន្តហោះ​ទី​មួយ​គឺ យន្តហោះ​ធុន​ Airbus A340 ផ្ទុក​អ្នកដំណើរ​បាន​២៧៥​នាក់។ ​ប្រភេទ​យន្តហោះ​ទី២ គឺ​យន្តហោះធុន ​Boeing 777 ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​រហូត​ដល់​៣០៩​នាក់។
 
តំណាង​ក្រុមហ៊ុន ​Air France​ ប្រចាំ​តំបន់ លោក Luc Delaplace បាន​ថ្លែង​ថា ការបើក​ប្រតិបត្តិការ​ហោះហើរ​រវាង​ភ្នំពេញ​និង​ប៉ារីស​នេះ ក្រុមហ៊ុន ​Air France មិន​ត្រឹម​តែចង់​បង្ហាញ​អំពី​ទំនុកចិត្ត​របស់​ខ្លួន ​ចំពោះ​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា​តែ​ប៉ុណ្ណោះទេ Air France ក៏​ចង់​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ពង្រីក​ជើង​ហោះហើរ​របស់​ខ្លួន​ នៅក្នុង​តំបន់​មេគង្គ​ផងដែរ ដែល​រហូត​ដល់ពេលនេះ Air France មាន​វត្តមាន​យ៉ាងច្រើន​រួច​មកហើយ ​នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។
 
ការបើក​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​បារាំង​មក​កម្ពុជា ក៏​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ​នៅ​កម្ពុជា​ផងដែរ។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅថ្ងៃនេះ​ដូចគ្នា ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ លោក Nicolas Deviller បាន​អត្ថាធិប្បាយ​ថា វត្តមាន​នៃ​ក្រុមហ៊ុន ​Air France គឺ​ជា​ការ​បញ្ជាក់​អំពី​សេចក្តីទុកចិត្ត​ទៅលើ​ការ​រីកចម្រើន​នៃ​វិស័យ​អាកាសចរណ៍​រវាង​ប្រទេស​ទាំងពីរ​បារាំង​កម្ពុជា។
 
លោក Nicolas Deviller​ បាន​ថ្លែង​អោយ​ដឹងថា នៅក្នុងឆ្នាំ​២០១០​នេះ ពលរដ្ឋ​បារាំង​ប្រមាណ​៧​ម៉ឺននាក់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រលាន​យន្តហោះ​នៅ​កម្ពុជា។ យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ ជាមួយ​នឹង​វត្តមាន​របស់​ក្រុមហ៊ុន​ Air France អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នឹង​មាន​ជើង​ហោះហើរ​សរុប​៤១០​ជើង​ក្នុងមួយ​សប្តាហ៍ ដែល​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កាន់​គោលដៅ​ចំនួន​២២​កន្លែង។
 
គួរបញ្ជាក់​ថា ក្រុមហ៊ុន Air France នឹង​ក្លាយ​ជា​ក្រុមហ៊ុនអាកាសចរណ៍​ទី​មួយ​ដែល​ភ្ជាប់កម្ពុជា​ទៅ​ទ្វីបអឺរ៉ុប​តាម​រយៈ​ការ​ហោះហើរ​ត្រង់៕

tags: កម្ពុជា - ទេសចរណ៍ - បារាំង - សេដ្ឋកិច្ច - អាកាសចរណ៍
អត្ថាធិប្បាយ (3)

cool mais si j'ai bien

cool mais si j'ai bien compris ça passe quand même par la Thailande. Bof c'est la ligne directe.

commentaire

Patience ça va venir très prochainement, je l’espère

ជា​សញ្ញា​វិជ្ជមាន​អំពី​សេដ្ឋក

ជា​សញ្ញា​វិជ្ជមាន​អំពី​សេដ្ឋកិច្ច​កម្ពុជា​ សូម​ជូន​ពរ​ចំពោះ​កិច្ច​ការ​នេះ។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close