អានតួអត្ថបទ
លីប៊ី

ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​នៅ​ទីក្រុង​Syrte​

លោក​ស្រី​​រដ្ឋ​មន្ត្រី​​ក្រសួង​​ការបរទេស​​អាមេរិកាំង​​ Hillary​ Clinton​​ នៅ​​ថ្ងៃ​​អង្គារ​​ម្សិល​មិញ​​១៨​​តុលា​​ នៅ​​ទីក្រុង​​ទ្រីប៉ូលី​​ បាន​​សន្យា​​ថា​​ ប្រទេស​​គាត់​​គាំទ្រ​​អាជ្ញាធរ​​លីប៊ី​​ដែល​​និយាយ​​ខ្លាច​​តែ​​លោក​​កាដាហ្វី​​ ​វិល​​ត្រឡប់​​មក​​កាន់​​អំណាច​​វិញ​​ ដោយ​សារ​​ជំនួយ​​នៃ​​កុល​សម្ព័ន្ធ ​Touareg​​ នៅ​​តំបន់​​វាល​ខ្សាច់​​ខាង​​ត្បូង​​ប្រទេស​។​

លោកស្រី Hillary Clinton ស្វាគមក្រុម​​ទាហាន​នៅជើងជណ្តើរយន្តហោះ​យោធាអាមេរិក C-17ដឹកលោកស្រី​នៅពេលមកដល់ទីក្រុងTripoli ​ថ្ងៃ​១៨​​តុលា​២០១១។​
លោកស្រី Hillary Clinton ស្វាគមក្រុម​​ទាហាន​នៅជើងជណ្តើរយន្តហោះ​យោធាអាមេរិក C-17ដឹកលោកស្រី​នៅពេលមកដល់ទីក្រុងTripoli ​ថ្ងៃ​១៨​​តុលា​២០១១។​ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

 

គឺ​ជា​ទស្សនកិច្ច​លើក​ទី​១​របស់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិកាំង​ម្នាក់​នៅ​ប្រទេស​លីប៊ី​ ចាប់​ពី​ឆ្នាំ​២០០៨​មក​ ​ នៅ​ខណៈ​ដែល​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​Syrte​ជា​មូលដ្ឋាន​ចុង​ក្រោយ​នៃ​របប​ដួល​រលំ​ នៅ​ថ្ងៃ​បន្ទាប់​ពី​ទីក្រុង​Bani​ Walid​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​អ្នក​បះ​បោរ​។

“​ សហរដ្ឋ​អាមេរិក​មាន​មោទនភាព​ ស្ថិត​នៅ​ក្បែរ​ការប្រយុទ្ធ​របស់​អ្នក​ ដើម្បី​សេរីភាព​និង​បន្ត​ដំណើរ​នេះ​ ​ ដោយ​គោរព​អធិបតេយ្យ​របស់​អ្នក​ ​ ដោយ​គាំទ្រ​ដំណើរ​ប្រជាធិបតេយ្យូបនីយកម្ម​ដែល​គោរព​ច្បាប់​ ​ សិទ្ធិ​របស់​ជន​ជាតិ​ភាគ​តិច​និង​ស្ត្រី​។ ​អ្វី​ដ៏​សំខាន់​បំផុត​ត្រូវ​ធ្វើ​ឥឡូវ​នេះ​គឺ​ត្រូវ​មាន​ការកក់​ក្តៅ​ក្នុង​ចិត្ត​ថា​ Kadhafi និង​របប​របស់​គាត់​ពុំអាច​រំខាន​អុក​ឡុក​លីប៊ី​ថ្មី​បាន​ទៀត​ឡើយ​។​ យើង​សង្ឃឹម​ថា​ គាត់​នឹង​ត្រូវ​គេ​ចាប់​ខ្លួន​បាន​ឬ​ក៏​ត្រូវ​គេ​សម្លាប់​។​ ដោយរបៀបនេះ អ្នកនឹងលែងភ័យខ្លាច គាត់ទៀតឡើយ ហើយ​អ្នកអាចនឹង​ធ្វើដំណើរ​បានទៅមុខទៀត”- នេះ ជាប្រសាសន៍​របស់លោកស្រី Hillary Clinton។

 លោក Mahmoud Jibril ជាមេដឹកនាំលំដាប់​ថ្នាក់​ទី២​នៃ​ក្រុម​ប្រឹក្សា​ជាតិអន្តរកាល ជឿជាក់​ថា​ Kadhafi​ ប៉ុនប៉ង​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ​ដោយសារ​ជំនួយ​​របស់​​កុលសម្ព័ន្ធ ​Touareg​​ នៅ​​ខាង​​ជើង​​​ប្រទេស​ Niger​​ នៅ​ខាង​ត្បូង​ប្រ​ទេស Libye​ និង​​ Algérie​ និង Mali ។ ​Kadhafi​ ឬ​មួយ ធ្វើឲ្យ​របបថ្មី​នៅ​Libye បាត់​បង់​ស្ថិរភាព ឬ មួយ​ប្រកាស​រដ្ឋផ្តាច់​ខ្លួន​មួយនៅ​ខាងត្បូង​ប្រទេស។

នៅ Syrte ចម្ងាយ ​៣៦០ គ.ម ពី ខាងកើត​ទីក្រុង Tripoli​ ដែល​ក្រុម​​ប្រឹក្សាជាតិ​អន្តរកាល​ រង់​ចាំ​​ការ​ធ្លាក់​​ដើម្បី​​ប្រកាស​​ការ​រំដោះ​Libye​ទាំង​ស្រុង​ ការ​​ប្រយុទ្ធ​គ្នា​​ បាន​​កើន​​ប្រពលភាព​ ជា​ទ្វេ​​ចាប់​ពី​​ថ្ងៃ​អង្គារម្សិលមិញ ​ជុំវិញ​ សង្កាត់​ពីរ​ គឺ​ សង្កាត់​"Dollar"​​ និង​ សង្កាត់​ “លេខ​២”​ ដែល​​ស្ថិត​ជា​និច្ច​​ក្នុង​​​កណ្តាប់​ដៃ​​ពួក​ Kadhafi។ ពួកKadhafi​ បាន​បាញ់​កាំភ្លើង​យន្ត​​និង​​កាំភ្លើង​​ត្បាល់​​តប​​ចំពោះ​ការ​​បាញ់​​កាំ​ភ្លើង​​ធំ​ធុន​ធ្ងន់​​ជញ្ជ្រំ​របស់​​​ពួក​យុទ្ធជននៃ​ក្រុម​ប្រឹក្សាជាតិ​​អន្តរកាល។ ​ មាន​​គ្រោះ​ថ្នាក់​​ខ្លាំង​ណាស់​ ដោយ​ហេតុ​​មាន​​ពួក​អ្នក​ពួន​ស្ទាក់​​ចាំ​បាញ់​​របស់​​ពួក kadhafi។

កង​កម្លាំង​ទ័ព​ពួក​អ្នក​បះបោរ ​ដែល​​បាន​​រំដោះ​​ទីក្រុង​ Bani Walid​ បន្ទាប់​ពី​បាន​​ឡោមព័ទ្ធ​​ទីក្រុង​នេះ​ជាង​ប្រាំខែ​មក​ ត្រូវ​ ទៅ​​ជួយ​​ពួក​សមមិត្ត​ខ្លួន​​ក្នុង​​ការ​​ប្រយុទ្ធ​​នៅ​​ទីក្រុង​ Syrte។​

ក្នុង​​សភាពការណ៍​​បែប​នេះ ​អូតង់ ​បាន​ប​ញ្ជាក់​ប្រាប់​ថា ​ពុំទាន់​​អាច​​ប្រកាស​​អំពី​អវសាន​​នៃ​​បេសកកម្ម​​របស់​​ខ្លួន ​បាន​នៅ​ឡើយ​ទេ ​ការ​ប្រយុទ្ធគ្នាប្រព្រឹត្ត​ទៅ​នៅ​​ក្នុង​​មណ្ឌល​រួញ​ខើច​​ខ្លាំង​​ណាស់។​ នៅ​តែ​មាន​ការ​គំរាម​​កំហែង​​របស់​​ពួក​ Kadhafi​​ ទៅ​លើ​​ជីវិត​​បណ្តាជន​ស៊ីវិល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ