អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន​

ប្រធានាធិបតីអាមេរិក​​សរសើរ​​ការបោះឆ្នោត​នៅ​អាហ្វហ្កានីស្ថាន​ ថា​សំខាន់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​

នៅថ្ងៃ​សៅរ៍​ម្សិលមិញ ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា បាន​សំដែង​ការ​ស្វាគមន៍​ចំពោះ​ការបោះឆ្នោត​​ប្រធានាធិបតី​ នៅ​អាហ្វហ្កានីស្ថាន។ លោក​អូបាម៉ា​លើក​សរសើរ​ថា ការ​បោះឆ្នោត​​នេះ​​មាន​សារៈសំខាន់​ដើម្បី​ធានា​​បាន​នូវ​អនាគត​លទ្ធិប្រជាធិបតេយ្យ​អាហ្វហ្កានីស្ថាន និង​​ធានា​អោយ​សហគមន៍​អន្តរ​ជាតិ​បន្ត​ជំនួយ​ខ្លួន​​​សម្រាប់​អាហ្វហ្កានីស្ថាន។ យោងតាម​អាជ្ញាធរ​អាហ្វហ្កានីស្ថាន ​ក្នុង​ចំណោម​អ្នកបោះឆ្នោត​១៥លាននាក់ ​អត្រា​អ្នក​ចូលរួម​​​បោះឆ្នោត​​នៅ​អាហ្វហ្កានីស្ថាន ​​​ថ្ងៃ​សៅរ៍​ម្សិលមិញ អាច​មាន​ដល់​ជាង​៥០​ភាគរយ។

លោកតា​ម្នាក់​នេះ​កំពុង​រង់ចាំ​វេន​ដើម្បី​បោះឆ្នោត​នៅ​ក្រុង Mazar-i-sharif ​ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃ​សៅរ៍​ ​៥មេសា។
លោកតា​ម្នាក់​នេះ​កំពុង​រង់ចាំ​វេន​ដើម្បី​បោះឆ្នោត​នៅ​ក្រុង Mazar-i-sharif ​ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃ​សៅរ៍​ ​៥មេសា។ REUTERS/Zohra Bensemra
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍​ម្សិលមិញ ​ប្រធានាធិបតី​អាមេរិក​ ​​បារ៉ាក់ ​អូបាម៉ា​ ​បានចេញ​​​សេចក្តី​ថ្លែងការណ៍​​​មួយ ​​ ស្វាគម​ការបោះឆ្នោត​ប្រធានាធិបតីនៅ​​អាហ្វហ្កានីស្ថាន​ ​ដោយ​​លើក​​ឡើង​ថា តំណាង​អោយ​ប្រជាជន​អាមេរិក​ទាំងមូល លោក​សូម​​​សរសើរ​​ប្រជាជន​អាហ្វហ្កានីស្ថាន​​រាប់​លាន​នាក់ ដែល​បាន​ចូលរួម​​ការ​បោះឆ្នោត​ជាប្រវត្តិសាស្ត្រ​នេះ។

ការបោះឆ្នោតប្រធានាធិបតី​អាហ្វហ្កានីស្ថាន​​ជុំទី១ ម្សិលមិញ ​ជា​ការ​​​​បិទ​បញ្ចប់​អាណត្តិដឹកនាំ​របស់​លោក​ហាមីឌ កាហ្សៃ។ ​ការ​បោះឆ្នោត​​បាន​ប្រព្រឹត្ត​ទៅ​​ដោយគ្មាន​ការប៉ះទង្គិច​អ្វីធំដុំ​ទេ ទោះ​ជា​មាន​ការគំរាម​ពី​ក្រុមឧទ្ទាម​តាលីបង់​ក្តី។ យោងតាម​អាជ្ញាធរ​អាហ្វហ្កានីស្ថាន អត្រាអ្នកចូលរួម​បោះឆ្នោត​អាចមាន​ដល់​ជាង​៥០ភាគរយ។ ប្រសិន​បើ​មាន​ជាង​៥០ភាគរយ​មែន​នោះ អត្រានេះ​គឺខ្ពស់​ជាង​អត្រា​អ្នកចូលរួម​បោះឆ្នោត​កាលពី​ឆ្នាំ​២០០៩ ដែល​កាលណោះ មាន​តែ​​៣០ភាគរយ​ប៉ុណ្ណោះ។

​​ប្រធានាធិបតី​អាមេរិក បាន​វាយតម្លៃ​​ការ​បោះឆ្នោត​អាហ្វហ្កានីស្ថាន ថា​មាន​សារៈសំខាន់​ ​ដើម្បី​ធានា​អនាគត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​អាហ្វហ្កានីស្ថាន។ ​លោក​អូបាម៉ា​​​មាន​ទំនុកចិត្ត​និង​ជឿជាក់​លើ​​អាជ្ញាធរ​ទទួល​បន្ទុក​បោះឆ្នោត​​​​អាហ្វហ្កានីស្ថាន​ថា​ នឹង​បំពេញ​ភារកិច្ច​​បាន​ល្អ​ ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​​នេះ ដើម្បី​​ប្រកាស​លទ្ធផលនៃ​ការ​បោះឆ្នោត​ជុំទី១នេះ។ ​លទ្ធផល​បឋម​​នៃ​ការបោះឆ្នោតប្រធានាធិបតី​​ជុំទី១​ នឹង​ប្រកាស​ឡើង​នៅ​ថ្ងៃ​២៤មេសាខាងមុខនេះ។ ប្រសិន​បើ​​បេក្ខជនមិនបាន​​​ទទួល​សម្លេង​​លើសពី​៥០ភាគរយ​​ ដើម្បី​ឈ្នះ​ជុំទី១​ទេ ​ការ​បោះឆ្នោត​​ជុំទី២នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ២៨ឧសភា។

​​​ដោយឡែក ​អង្គការ​អូតង់​ត្រូវ​ដកកងទ័ពខ្លួន​ចេញ​ពី​អាហ្វហ្កានីស្ថាន ​​នៅដំណាច់​ឆ្នាំ​២០១៤។ លោក​អូបាម៉ា​ចង់​អោយ​ទាហាន​​អាមេរិក​​មួយម៉ឺននាក់ ​​បន្ត​វត្តមាន​​​ក្នុងទឹកដី​អាហ្វហ្កានីស្ថាន ​ក្រោយ​ឆ្នាំ​២០១៤។ ក្នុង​ចំណោម​ទាហាន​​មួយម៉ឺននាក់​នេះ ក៏មាន​កងកម្លាំង​ពិសេស​​​សម្រាប់​​បេសកកម្ម​​កំចាត់​ភេរវកម្ម​ផងដែរ។

ប៉ុន្តែ កន្លងមក ​​លោក​ហាមីឌ កាហ្សៃ បាន​​​បដិសេធ​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​​​​ទ្វេភាគី​ជាមួយ​អាមេរិក​ ដើម្បី​អោយ​កងទ័ព​អាមេរិក​អាច​បន្តវត្តមាន​នៅ​អាហ្វហ្កានីស្ថានទេ។ ​ប្រសិន​បើ​អាមេរិក​និង​អាហ្វហ្កានីស្ថាន​ ​មិនអាច​សម្រេចចេញ​​​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​​ទេ ​លោក​អូបាម៉ា​​​​​ប្រាប់​ថា អាមេរិក​គ្រោង​ដកកងទ័ព​ខ្លួន​​អោយ​អស់​​​​​​ពីទឹកដី​​​អាហ្វហ្កានីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ