ប្រទេសម្ចាស់ជំនួយផ្តល់លុយ ១៦ពាន់លានដុល្លារដល់អាហ្វហ្កានីស្ថាន
ប្រទេសផ្តល់ជំនួយជាង៨០ និងអង្គការសង្គមស៊ីវិលមួយចំនួនបានជួបប្រជុំគ្នា នៅថ្ងៃអាទិត្យនេះ នៅក្នុងសន្និសីទ នៅទីក្រុងតូក្យូ។ ប្រទេសផ្តល់ជំនួយបានសម្រេចផ្តល់ទឹកប្រាក់ ១៦ពាន់លានដុល្លារ ពីពេលនេះ ដល់ឆ្នាំ ២០១៥ សម្រាប់អភិវឌ្ឍន៍ផ្នែកស៊ីវិល ក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នៅថ្ងៃអាទិត្យនេះដែរ ពួកទាហានតាលីបង់បានវាយប្រហារទៅលើរថយន្តក្រុងដោយបានសម្លាប់មនុស្ស១៦នាក់ នៅខេត្តកាន់ដាហា។
សហគមន៍អន្តរជាតិ សម្រេចផ្តល់ជំនួយដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រធានាធិបតីអាហ្វហ្កានីស្ថាន ដែលបានទាមទារសុំជំនួយ ៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ចម្លើយរបស់ប្រទេសផ្តល់ជំនួយ មានឡើង បន្ទាប់ពីមានការព្រួយបារម្ភថា អាហ្វហ្កានីស្ថានអាចត្រូវគេទុកឲ្យនៅឯកោ នៅក្រោយកងទ័ពអូតង់ចេញពីអាហ្វហ្កានីស្ថានឲ្យអស់ នៅចុងឆ្នាំ ២០១៤។ តាមរយៈ កញ្ចប់ជំនួយ ១៦ពាន់លានដុល្លារ សហគមន៍អន្តរជាតិចង់បញ្ជាក់ថា គេនៅបន្តជួយអាហ្វហ្កានីស្ថាន តទៅទៀត បើទោះជាកងទ័ពអូតង់ត្រូវដកក្នុងពេលឆាប់ៗខាងមុខ។
អាមេរិកមុនគេ ដែលជាអ្នកនាំមុខគេធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងពួកភេរវនិយម អាល់កៃដា នៅអាហ្វហ្កានីស្ថាន ក៏ជាអ្នកនាំមុខគេដែរ ក្នុងនាមជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ ទៅឲ្យអាហ្វហ្កានីស្ថាន។ គេមិនដឹងថា តើក្នុងកញ្ចប់ជំនួយ ១៦ពាន់លានដុល្លារ សម្រាប់រយៈពេល ៤ឆ្នាំ។ ប៉ុន្តែ បើតាមក្រសួងការបរទេសអាមេរិក ជំនួយសម្រាប់អាហ្វហ្កានីស្ថាននឹងនៅថេរ គឺប្រមាណ ២,៣ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១២។
ចាប់តាំងពី ឆ្នាំ ២០០១ មកដល់ពេលនេះ គឺក្រោយពីកងទ័ពអូតង់បានវាយបណ្តេញពួកតាលីបង់ដែលជាបណ្តាញរបស់ក្រុមអាល់កៃដា ចេញពីអំណាច សហគមន៍អន្តរជាតិបានចាក់បញ្ចូលលុយពី ៦០ ទៅ ៧០ពាន់លានដុល្លារ សម្រាប់ជួយស្រោចស្រង់ស្តារអាហ្វហ្កានីស្ថាន ពីសង្រ្គាមឡើងវិញ។ ប៉ុន្តែ ក្នុងរយៈពេល ជាង ១០ឆ្នាំ ជំនួយមិនត្រូវបានគេយកទៅប្រើជាប្រយោជន៍ជាតិប៉ុន្មានទេ បើគេមើលទៅលើសកម្មភាពអភិវឌ្ឍន៍ ក្នុងប្រទេសបច្ចុប្បន្ន។
ហើយមិនតែប៉ុណ្ណោះ ទៀតសោត ឥទ្ធិពលរបស់ពួកតាលីបង់នៅតែមិនចុះថមថយ ផ្ទុយទៅវិញ ចលនាបះបោរតាលីបង់រឹតតែរីកធំៗ និងវាយប្រហារស្ទើរតែមិនលោះថ្ងៃ ទៅលើអាជ្ញាធរ និងកងទ័ពបរទេស។
ម្ចាស់ផ្តល់ជំនួយ គេបានបញ្ជាក់រួចហើយថា ដើម្បីបានកញ្ចប់លុយ ទាល់តែរដ្ឋាភិបាលអាហ្វហ្កានិស្ថានសន្យាលុបបំបាត់អំពើពុករលួយ។ រដ្ឋាភិបាល និងលោកប្រធានាធិបតីក៏ធ្លាប់ល្បីខាងប្រព្រឹត្តអំពើពុករលួយស៊ីជម្រៅដែរ។
នៅក្នុងកិច្ចសន្យាផ្តល់ជំនួយលើកនេះ ប្រទេសម្ចាស់ជំនួយបានទាមទារ ឲ្យគេផ្តោតចាយលុយទៅលើការពង្រឹងអភិបាលកិច្ចល្អ ការកសាងហេដ្ឋារចនាសម្ព័ន្ធ យុត្តិធម៌ ការអប់រំ និងការពង្រឹងសិទ្ធិស្រ្តី និងកុមារ។ គេនៅបានសន្យាទៀតថា នឹងផ្តល់លុយជាប្រចំា សម្រាប់រយៈពេល ១០ឆ្នាំ គឺពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៤ បើសិនជាគេឃើញមានការងាររបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានរីកចម្រើនទៅមុខ។
នៅក្នុងការប្រជុំរបស់អង្គការអូតង់ នៅទីក្រុងឈីកាហ្គោ កាលពីខែមិថុនា ប្រទេសសមាជិកអូតង់បានសន្យាផ្តល់ជំនួយ ៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ពោល គឺដើម្បីជួយស្តារសន្តិសុខ នៅអាហ្វហ្កានីស្ថាន នៅក្រោយកងទ័ពអូតង់ដកចេញពីប្រទេសនេះ នៅចុងឆ្នាំ ២០១៤។
មុននឹងដកខ្លួនទាំងស្រុង នៅចុងឆ្នាំ ២០១៤ កងទ័ពអូតង់នឹងជួយបណ្តុះបណ្តាលកងទ័ពអាហ្វហ្កានីស្ថាននិងប្រគល់តួនាទីពេញសិទ្ធិក្នុងការរក្សាសន្តិសុខទៅឲ្យកងទ័ពអាហ្វហ្កានីស្ថាន នៅ ពាក់កណ្តាលឆ្នាំ ២០១៣។ អូតង់ និងអាមេរិកមិនបានសន្យារក្សាទុកទ័ពរបស់ខ្លួន ដើម្បីការពារសន្តិសុខឲ្យអាហ្វហ្កានីស្ថានតទៅទៀតទេ។ គេគ្រាន់តែរក្សាទ័ពប៉ុន្មានពាន់នាក់ប៉ុណ្ណោះ ដើម្បីជួយបណ្តុះបណ្តាលកងទ័ពអាហ្វហ្កានីស្ថាន។
មួយឆ្នាំៗ គេត្រូវការលុយ ៤ពាន់លានដុល្លារ សម្រាប់ចំណាយលើកម្លាំងរក្សាសន្តិសុខអាហ្វហ្កានីស្ថាន ដែលឥលូវនេះមានសរុបជាង ៣សែននាក់។ មន្រ្តីយោធាអាមេរិកបានស្នើឲ្យគេបន្ថយចំនួនទាហាន និងប៉ូលិស មកនៅត្រឹម ជាង ២សែននាក់ ចាប់ពីឆ្នាំ ២០១៤ ដោយគេមើលពីទំហំគំរាមកំហែងរបស់ពួកតាលីបង់ ដែលមានចំនួនតែជាង ២ម៉ឺននាក់ តិចជាង ១០ដង។ និងបើមើលទៅលើជំនួយពីបរទេសដែលនឹងអាចថយចុះ។ ព្រោះថា តាមបទពិសោធន៍សង្រ្គាមនៅកន្លែងផ្សេង ជំនួយបរទេសតែងតែធ្លាក់ចុះ នៅក្រោយពេលកងទ័ពបរទេសដកខ្លួនចេញ។ នៅកូសូវ៉ូ ជំនួយបរទេសធ្លាក់ចុះជាង ៥០ភាគរយ បន្ទាប់ពីកងទ័ពអូតង់ដកចេញ ចំណែកនៅអ៊ីរ៉ាក់វិញ គឺមានដល់៦៩ភាគរយ។ នៅអាហ្វហ្កានីស្ថាន ជាក់ស្តែង ជំនួយរបស់អាមេរិក ក៏ថយចុះដែរ ចាប់តាំងពីឆ្នាំ ២០១០ ជំនួយអាមេរិកថយពី៣,៥ពាន់លានដុល្លារ មកនៅ ២,៣ពាន់លានដុល្លារ នៅឆ្នាំ ២០១២៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati
















អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ