ADB ៖ កម្ពុជាមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានលើកឡើងថា កម្ពុជាកំពុងត្រៀមខ្លួនបានយ៉ាងប្រសើរសម្រាប់បង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅដំណាច់ឆ្នាំ ២០១៥។ ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែពន្លឿនកំណែទម្រង់របស់ខ្លួន ដើម្បីលើកកម្ពស់តម្លាភាព និងភាពអាចជឿជាក់បាននៃប្រព័ន្ធបទដ្ឋានគតិយុត្តិរបស់ខ្លួន ទើបអាចលើកទឹកចិត្តឲ្យមានការវិនិយោគកាន់តែច្រើនទៀតបាន។ ADB ក៏បានលើកឡើងពីបញ្ហាពុករលួយ និងការអនុវត្តន៍ប្រឆាំងនឹងការប្រកួតប្រជែងដែលរដ្ឋាភិបាលកម្ពុជាត្រូវតែដោះស្រាយជាអាទិភាពផងដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៨
នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃពុធទី ២៣ មេសានេះ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADBបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលកម្ពុជាត្រូវតែដោះស្រាយដើម្បីសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ ២០១៥ខាងមុខ។ បញ្ហាទាំងនោះរួមមាន រដ្ឋាភិបាលត្រូវពន្លឿនកំណែទម្រង់របស់ខ្លួន ដើម្បីលើកកម្ពស់តម្លាភាព និងភាពអាចជឿជាក់បាននៃប្រព័ន្ធបទដ្ឋានគតិយុត្តិរបស់ខ្លួន ទើបអាចលើកទឹកចិត្តឲ្យមានការវិនិយោគកាន់តែច្រើន។ ម្យ៉ាងទៀត បញ្ហាអំពើពុករលួយ និងការអនុវត្តន៍ប្រឆាំងនឹងការប្រកួតប្រជែង ក៏រដ្ឋាភិបាលត្រូវតែដោះស្រាយជាចាំបាច់ផងដែរ។
ADB ក៏បានឲ្យដឹងផងដែរថា ដើម្បីទាញប្រយោជន៍នានាពីសហគមន៍សេដ្ឋកិច្ចអាស៊ាននោះ ប្រទេសកម្ពុជាចាំបាច់ត្រូវតែវិនិយោគបន្ថែមទៀតលើការអប់រំ និងសុខភាព។ ក្រៅតែពីអាចកាត់បន្ថយវិសមភាពផ្នែកសង្គម និងវិសមភាពផ្នែកទ្រព្យធនដោយផ្ទាល់ ការវិនិយោគបែបនេះនឹងផលិតនូវកម្លាំងពលកម្មដែលកាន់តែមានសមត្ថភាពក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការដើម្បីសម្រេចកំណើន និងក្នុងការសម្របខ្លួនទៅតាមបំលាស់ប្តូរសំខាន់ៗដែលកើតឡើងផ្ទាល់ ដោយសារតែសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ជុំវិញការលើកឡើងរបស់ធនាគារADBនេះ មន្ត្រីក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន(AEC) និង ក្រសួងពាណិជ្ជកម្ម មិនអាចទាក់ទងសូមការអត្ថាធិប្បាយបាននោះទេ នៅព្រឹកថ្ងៃពុធនេះ។
យ៉ាងណាក៏ដោយ សម្រាប់លោក កែម ឡី អ្នកវិភាគឯករាជ្យ និងសិក្សាស្រាវជ្រាវសង្គមបានមើលឃើញថា បញ្ហាដែលរដ្ឋាភិបាលកម្ពុជាត្រូវដោះស្រាយមុនគេគឺត្រូវធ្វើឲ្យមានតម្លាភាពនូវប្រព័ន្ធពន្ធដារប្រាក់ចំណូលរដ្ឋ បំបាត់អំពើពុករលួយ និងពង្រឹងលើវិស័យអប់រំដែលមានគុណភាពទទួលស្គាល់ជាលក្ខណៈស្តង់ដារ។ លោក កែម ឡីបានលើកឡើងថា ប្រសិនបើកម្ពុជាធ្វើឲ្យមានតម្លាភាព និងបំបាត់អំពើពុករលួយបាននោះ កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ ពិសេសនឹងទទួលបានការវិនិយោគកាន់ច្រើនបន្ថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ