អានតួអត្ថបទ
កម្ពុជា

ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ជម្រុញ​ឱ្យ​អង្គភាព​ជំនាញ​ពង្រីក​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​«ធ្វើ​ការ​ងារ​បាន​ច្រើន​ណាស់ ​តែ​ឧបសគ្គ​ចំពោះ​មុខ​ក៏​មាន​ច្រើន​ណាស់​ដែរ»​។ ​នេះ​ជា​អ្វី​ដែល​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​សន្និដ្ឋាន​ ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៤៦​ កាល​ពី​ម្សិលមិញ។ ​ក្រុម​ប្រឹក្សា​នេះ​បាន​លើក​ទឹក​ចិត្ត​អង្គភាព​ក្រោម​ឱវាទ​របស់​ខ្លួន​ ឱ្យ​ពង្រីក​រង្វង់​សហការ​ និង​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន ​ដើម្បី​«​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​កាន់​តែ​ទូលំ​ទូលាយ​ និង​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត»។​ លទ្ធផល​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្នុង​ខែ​តុលា ​ឆ្នាំ​២០១៤​ត្រូវ​បាន​ពិនិត្យ​ និង​ផ្សព្វ​ផ្សាយ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ បាន​ជួប​ជាមួយ​ផ្នែក​ឯកជន​ជា​លើក​ទី​២​ ដើម្បី​ចែក​រំលែក​បទពិសោធ ​និង​រិះរក​វិធី​សាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​មាន​ប្រសិទ្ធ​ភាព។​
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ បាន​ជួប​ជាមួយ​ផ្នែក​ឯកជន​ជា​លើក​ទី​២​ ដើម្បី​ចែក​រំលែក​បទពិសោធ ​និង​រិះរក​វិធី​សាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​មាន​ប្រសិទ្ធ​ភាព។​ @ហេង ឧត្តម
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ការងារ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានធ្វើ​ក្នុង​ខែតុលា ឆ្នាំ២០១៤ ត្រូវបាន​ផ្សព្វផ្សាយ​តាម​វ៉េបសាយ​របស់​អង្គភាព​នេះ កាលពី​ម្សិលមិញ។ លទ្ធផលសំខាន់ៗមាន​ដូច​តទៅ៖

ក្នុង​ផ្នែក​ការងារ​គតិយុត្ត អង្គភាព​នេះ​បានទទួល​បណ្ដឹង៦៧ករណី បានធ្វើ​កំណត់ឱ្យ​បង្ហាញ​ខ្លួន១៦នាក់ ស្តាប់​ចម្លើយ១១លើក និង​ចូលរួម​សវនាការ​តុលាការ១៦លើក។ក្នុង​​ផ្នែក​ការងារ​អប់រំ បង្ការ ទប់ស្កាត់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលជា​ស្ថាប័ន​មួយ​របស់​រដ្ឋាភិបាល បាន​​សង្កេត​ការប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ នៅតាម​ក្រសួង​មួយចំនួន ការដេញថ្លៃ​នៅ​ក្រសួង​ស្ថាប័ន​ចំនួន៩ និង​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើក​ទី២។

ក្នុង​ផ្នែក​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល នាយកដ្ឋាន​ជំនាញ​នៃ​អង្គភាព​នេះ បាន​ទទួល​មន្ត្រី១៣៧រូប ដែល​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុងចំណោម​នោះ មាន​៩២​រូប​ជាម​ន្ត្រី​ទើប​តែងតាំង​ថ្មី។

ក្រៅពី​ការងារ​ខាងលើ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​រាយការណ៍​ប្រាប់​ក្រុមប្រឹក្សា​ជាតិ​អំពី​សំណើ​របស់​ស្ថាប័ន​អំពើពុករលួយ​សឹង្ហ​បុរី ពាក់ព័ន្ធ​នឹង​ករណី​អង្គការ​មូលនិធិ​សាកល ករណី​ប្រតិបត្តិការ​លុបបំបាត់​ម​ន្ត្រី​ខ្មោច និង​ករណី ដែល​ភ្នាក់ងារនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទារប្រាក់​ពី​អ្នកនេសាទ​ផងដែរ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ទទួលស្គាល់ថា ភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល បាន​ប្រឹងប្រែង​ច្រើន ប៉ុន្តែ​ប្រឈម​នឹង​ឧបសគ្គ​ធំៗ​ជាច្រើន។ យ៉ាងណាមិញ បើតាម​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​រូបនេះ អំពើ​ពុករលួយ​ធំៗ​នៅ​កម្ពុជា មាន​លក្ខណៈ«ដូច​សម្ល​រកំ​ពិស» ពោលគឺ«ជាប់​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ ដែល​អាច​ប្រើ​ឥទ្ធិពល​អន្តរាគមន៍»ប​ន្ទុ​ច​បង្អាក់​សកម្មភាព​រប​ស់​អង្គភាព​នេះ ស្រប​ពេលដែល​ប្រព័ន្ធ​តុលាការ​កម្ពុជា​ត្រូវបាន​លោក​ព្រាប កុល អះអាងថា «មាន​កម្រិត​ពុករលួយ​ខ្ពស់»។

ក្នុង​កិច្ចប្រជុំ​លើក​ទី៤៦កាលពី​ម្សិលមិញ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក តុ​ប សំ ជា​ប្រធាន បាន​វាយតម្លៃថា អង្គភាព​ក្រោម​ឱវាទ​របស់ខ្លួន«ធ្វើការ​ងារ​បាន​ច្រើនណាស់ តែ​ឧបសគ្គ​ចំពោះមុខ​ក៏មាន​ច្រើន​ណាស់ដែរ»។ លើសពីនេះ​ទៀត ក្រុមប្រឹក្សា​ជាតិ​នេះ​បាន​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បន្ត«ពង្រីក​រង្វង់​សហការ និង​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន» ព្រមទាំង​បង្កើន«ការផ្សព្វផ្សាយ​ករណី​បទល្មើស​ពុករលួយ​ជា​សាធារណៈ» ដើម្បី​ពង្រឹង«ចលនា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ឱ្យមាន​ប្រសិទ្ធភាព»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ