អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កង្វះ​ទស្សនវិស័យ​វែងឆ្ងាយ​គឺជា​ឧបសគ្គ​ក្នុងការ​អភិវឌ្ឍ​ន៍​ប្រទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍន៍ ​ដើម្បី​ស្តា​រ​ប្រទេសជាតិ​ឡើងវិញ។ ដើម្បី​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍន៍ វា​ទាមទារ​ឲ្យ​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ​ពី​សំណាក់​អ្នក​អ្នកដឹកនាំ ​និង​អ្នកជំនាញ​ទាំងឡាយ​ក្នុង​គ្រប់​វិស័យ។ ប៉ុន្តែ រហូតមកទល់​ពេលនេះ មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ បាន​បង្ក​ផលវិបាក​អវិជ្ជមាន​ធ្ងន់ធ្ងរ​ ដោយសារតែ​កង្វះ​ទស្សនវិស័យ​របស់​អ្នកសម្រេចចិត្ត​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច។ កង្វះ​ទស្សនវិស័យ​វែងឆ្ងាយ​ ក៏​ជា​បញ្ហា​ធំធេង​ដែរ​សម្រាប់​បក្សនយោបាយ ហើយ​វា​ជា​ប្រភព​នៃ​បរាជ័យ​ក្នុងការ​ដឹកនាំ។

ទិដ្ឋភាពទឹកលិចនៅភ្នំពេញក្រោយពេលភ្លៀងធ្លាក់។
ទិដ្ឋភាពទឹកលិចនៅភ្នំពេញក្រោយពេលភ្លៀងធ្លាក់។ @rfi/ siv channa
ផ្សាយពាណិជ្ជកម្ម

ជំនន់​ទឹកភ្លៀង​ដែល​តែង​ជន់​លិច​តំបន់​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ សំណង់​ខុស​បច្ចេកទេស និង​ខុស​ស្ថាបត្យកម្ម​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ខូច​សោភណភាព​ទីក្រុង រហូតដល់​ការបាក់​ច្រាំងទន្លេ​ដោយសារតែ​អាជីវកម្ម​បូម​ខ្សាច់។ល។ និង។ល។ សុទ្ធសឹង​ជា​ផលវិបាក​អវិជ្ជមាន​ដែល​កើតឡើង​ដោយសារ​សេចក្តីសម្រេច​ដែល​ខ្វះ​ទស្សនៈវិស័យ​វែងឆ្ងាយ។

 

នៅមាន​បញ្ហា​រាប់រយ​ជំពូក​ផ្សេងទៀត​ដែល​កំពុង​កើតឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​ឬ​នៅតាម​បណ្តា​ខេត្ត​ដែល​បង្ហាញ​អំពី​កង្វះ​ទស្សនៈវិស័យ​វែង​វែងឆ្ងាយ​ របស់​សមត្ថកិច្ច​កម្ពុជា។ ទំនាស់​ដីធ្លី​ដែល​កើតចេញពី​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ធនធានធម្មជាតិ និង​ព្រៃឈើ​ជាដើម ​ក៏​ជា​ឧទាហរណ៍​ស្តីពី​ការអភិវឌ្ឍ​ន៍​ដែល​មិនបាន​គិតគូរ​វែងឆ្ងាយ និង​កង្វះ​ភាព​ល្អិតល្អន់​មុននឹង​ធ្វើ​សេចក្តីសម្រេចចិត្ត។

នៅពេលដែល​គេ​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ចាក់ដី​លុប​បឹង​នានា តើ​គេ​បាន​សិក្សា​ហើយ​ឬ​នៅ​ថា គេ​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​រំដោះ​ទឹក​ចេញពី​ក្រុង? នៅពេលដែល​គេ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​បូម​ខ្សាច់​ពី​ទន្លេ​ឬ​ពី​សមុទ្រ តើ​គេ​បាន​គិតគូរ​ដែរឬទេ​ថា វា​នឹង​ផ្តល់​ផល​អវិជ្ជមាន​បែបណាខ្លះ​ទៅលើ​បរិស្ថាន និង​ទៅលើ​ជីវភាព​ប្រជាជន​ដែល​រស់​នៅតាម​ច្រាំងទន្លេ? ប្រសិនបើ​គេ​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​មួយ​ធ្វើ​អា​ជីវ​កម្ម​អ្វីមួយ តើ​គេ​បាន​សិក្សា​ច្បាស់​ហើយ​ឬ​នៅ​ថា អាជីវកម្ម​នោះ​បង្ក​ផលប៉ះពាល់​អ្វីខ្លះ​ដល់​បរិស្ថាន និង​សុខភាព​ប្រជាជន​នៅ​ជុំវិញ?

ទាំងនេះ​ជា​សំណួរ​ពីរ​បី​ក្នុងចំណោម​សំណួរ​រាប់មិនអស់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា។ ចម្លើយ​ពិតជា​ងាយ​នឹង​រកឃើញ​ណាស់។ ប្រសិនបើ​គេ​បាន​សិក្សា​ជាមុន​និង​ប្រសិនបើ​គេ​មាន​ទស្សនវិស័យ​វែងឆ្ងាយ​បន្តិច ម្ល៉េះ​សម​ទឹក​មិន​ជន់​លិច​ក្រុងភ្នំពេញ​យ៉ាង​អាក្រក់​ដូច្នេះ​ឡើយ ហើយក៏​គ្មាន​បញ្ហា​បាក់​ច្រាំងទន្លេ​បាក់​ផ្ទះ​ប្រជាជន វត្ត​អារាម​ចូលក្នុង​ទន្លេ​ដែរ។ ចំណែកឯ​ផលប៉ះពាល់​ខាង​បរិស្ថាន​និង​សុខភាព​ប្រជាជន​ក៏​មិនអាច​កើតមាន​ដែរ។

ងាក​ទៅ​មើល​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​វិញ ក៏​ផលប៉ះពាល់​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែរ។ ក្រៅពី​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ព្រៃឈើ​ក៏ត្រូវ​បាន​បំផ្លាញ​យ៉ាងដំណំ។ នៅ​ទីក្រុង​ភ្នំពេញ​ឯណេះ សំណង់​កើតមាន​គ្រប់​ទីកន្លែង តែ​សំណង់​ជាច្រើន​មិន​គោរព​តាម​ប្លង់​ស្ថាបត្យកម្ម​របស់​ទីក្រុង​ដ៏​ចំណាស់​នេះឡើយ។ សំណង់​កាស៊ីណូ​ក្បែរ​ពុទ្ធ​សាសន​បណ្ឌិត និង​សំណង់ខ្ពស់ៗក្បែរ​ព្រះរាជវាំង...គឺជា​ឧទាហរណ៍​ស្រាប់។

ជាការ​ពិតណាស់ ការរៀបចំ​ផែនការ​ក្នុង​រយៈពេល​វែង​និង​ច្បាស់លាស់​ គឺជា​កត្តា​ធានា​ការអភិវឌ្ឍន៍​​ប្រកបដោយ​និរន្តរភាព។ ទស្សន​វិស័យ​វែងឆ្ងាយ​ក៏​ជា​មាគ៌ា​ឆ្ពោះទៅរក​ភាពជោគជ័យ​លើ​គ្រប់​វិស័យ ហើយ​វា​ជា​ទស្សនៈវិជ្ជា​ដែល​គ្រប់​អ្នកដឹកនាំ អ្នក​តម្រង់ទិស​សង្គម និង​អ្នកសម្រេចចិត្ត​ទាំងឡាយ​ត្រូវប្រកាន់យក​ជា​ចាំបាច់។ ការនឹកឃើញ​អ្វី​ធ្វើ​ហ្នឹង ធ្វើ​មួយ​ជំហាន​ដោះស្រាយ​បញ្ហា​មួយ​ជំហាន​វា​គឺជា​ការប្រថុយប្រថាន​ដែល​ពិបាក​គេច​ផុតពី​បរាជ័យ។

ម្យ៉ាងទៀត ទស្សន​វិស័យ​វែងឆ្ងាយ ក៏មាន​តម្លៃ​សម្រាប់​បក្សនយោបាយ​ដែរ​ជាពិសេស​បក្សប្រឆាំង​តែម្តង។ តើ​ពួកគេ​ត្រូវ​កសាង​មូលដ្ឋានគ្រឹះ​បែបណាខ្លះ ​ដើម្បី​ឈានទៅ​ដឹកនាំ​ប្រទេស? ជាពិសេស​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​ដែល​ប្រព័ន្ធ​រដ្ឋ​ ​និង​កម្លាំងប្រដាប់អាវុធ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​បក្ស​កាន់អំណាច? នេះ​គឺជា​បញ្ហា​ដែល​ទាមទារ​នូវ​ការគិតគូរ​និង​ត្រៀម​រៀបចំ​ទុកជាមុន​ឲ្យ​បានច្បាស់លាស់​មុន​ឈានទៅ​កាន់អំណាច។ សូម្បីតែ​អាជីវកម្ម​តូច​មួយ​ក៏​ទាមទារ​ឲ្យ​មាន​ផែនការ​និង​ទស្សនវិស័យ​ច្បាស់លាស់​ដែរ​ទើប​អាច​សម្រេចបាន​ជោគជ័យ។ ចុះ​ទម្រាំ​ការដឹកនាំ​ប្រទេស​ទាំងមូល?

សរុប​មកវិញ មាន​ឧទាហរណ៍​ច្រើនណាស់​ទាំង​អតីតកាល ទាំង​បច្ចុប្បន្ន​កាលដែល​បង្ហាញ​ពី​បរាជ័យ​នៃ​ទស្សនវិស័យ​ភ្លើងចំបើង​របស់​អាជ្ញាធ​រ​និង​របស់​អ្នកនយោបាយ​ខ្មែរ។ ស្ថានភាព​លិចអណ្តែតៗ​ ឬក៏​លិច​ច្រើនជាង​អណ្តែត​របស់​ប្រទេស​កម្ពុជា​ គឺជា​ផលវិបាក​នៃ​កង្វះ​ទស្សនវិស័យ​វែងឆ្ងាយ​ របស់​អ្នកនយោបាយ​យ៉ាងពិត​ប្រាកដ។

ដូច្នេះ ដល់ពេល​ហើយ​ដែល​អ្នកនយោបាយ​និង​អ្នកដឹកនាំ​ប្រទេស​គួរតែ​សម្លឹង​ទៅមុខ​ឲ្យ​បាន​វែងឆ្ងាយ​មុននឹង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ ពីព្រោះ​វា​ទាក់ទង​នឹង​អនាគត​របស់​ប្រទេសជាតិ។ ផ្ទុយទៅវិញ ប្រសិនបើ​នយោបាយ​តាម​យថាកម្ម​នៅតែ​បន្ត ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា​នឹង​ដើរ​ជាន់​គន្លង​ចាស់​ដោយ​ចៀស​មិន​ផុត​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ