រុស្ស៊ី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 25 កញ្ញា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 25 កញ្ញា 2012

រុស្ស៊ី​បន្តឹង​ទណ្ឌកម្ម​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​ភាព​ស្រវឹង​

រុស្ស៊ីបន្តឹងទណ្ឌកម្មចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយភាពស្រវឹង
រុស្ស៊ីបន្តឹងទណ្ឌកម្មចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយភាពស្រវឹង
RFI/Keo Chhaya

ដោយ កែវ ឆាយា

បញ្ហា​នេះ​​ ឥឡូវ ​ជា​កម្មវត្ថុ​ចម្បង​នៃ​ការ​ពិភាក្សា​របស់​រដ្ឋអំណាច​គ្រប់​ជាន់ថ្នាក់ គឺ​ទាំង​នាយក​រដ្ឋមន្ត្រី ទាំង​វិមាន​ក្រេមឡាំង ទាំង​សភា​ឌូម៉ា។ មូលហេតុ មក​ពី​នៅ​រុស្ស៊ី ចេះ​តែ​កើត​មាន​​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​មក​ពី​ភាព​ស្រវឹង។ នាំ​ឲ្យ​សង្គម​រន្ធត់​មែនទែន គឺ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ នៅ​តាម​វិថីមួយ​នៃ​ក្រុង​ម៉ូស្គូ អ្នក​បើកឡាន​ម្នាក់​ដែល​ស្រវឹង​ជោគ បាន​បើក​ទៅ​បុក​ចំណតរថយន្ត Bus សម្លាប់​មនុស្ស​អស់​៧នាក់​តែ​ម្តង ពេល​គេ​កំពុង​ឈរ​ចាំ​ឡាន Bus។

សេចក្តី​រាយការណ៍​របស់ កែវ ឆាយាពីទីក្រុង ម៉ូស្គូ
 

25/09/2012 by កែវ ឆាយា

 

ពិរុទ្ធជន​នេះ ក្រោយ​ពី​ត្រូវ​ប៉ូលីស​ឃាត់​ខ្លួន បាន​សារភាព​ថា គាត់​បាន​ផឹក​ស្រា​អស់ ពីរថ្ងៃ​ជាប់ ដោយ​ក្តៅចិត្ត​នឹង​ប្រពន្ធ​លែង​ក្បាល​ចោល។ ការ​ធ្វើ Test បង្ហាញ​ឲ្យ​ឃើញ​ថា មុន​នឹង​បើក​ឡាន Toyota ដែល​គាត់​ជាន់​ដល់​ល្បឿន ២០០គ.ម. ក្នុង១ម៉ោង គាត់​បាន​ផឹកស្រា Vodka មិនតិចជាង​១លីត្រ​ឡើយ។ ពិត​ជា​ល្បឿន​នេះ​ឯង ដែល​បាន​បុក​ចំណត​រថយន្ត Bus ឲ្យ​ខ្ទាត​ទៅ​ចម្ងាយ​រាប់​សិបម៉ែត្រ ហើយ​ក្នុង​ចំណោម​មនុស្ស​១១នាក់ ដែល​ឈរ​ចាំ​ឡាន Bus មាន​៧នាក់ ធ្លាក់​ខ្លួន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​៤នាក់​ទៀត​របួស​ធ្ងន់។
 
ថ្លែង​ម្សិលមិញ ក្នុង​កិច្ចប្រជុំ​ឧទ្ទិស​ដល់​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី មេដវេដេវ កត់សម្គាល់​ថា ច្បាប់​សព្វ​ថ្ងៃ​ដែល​ថ្កោលទោស​ពួក​អ្នកបើក​រថយន្ត​ស្រវឹង​បែប​នេះ ចំពោះ​ការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រហូត​ដល់​ស្លាប់ គឺ​នៅ​ធូររលុង​នៅ​ឡើយ។ គប្បី​ធ្វើ​វិភាគ ហើយ​យោង​ទៅ​លើ​ការ​អនុវត្តន៍​នៅ​តាម​ប្រទេស​ឯទៀត​ផង​ដែរ សម្រាប់​ធានា​ឲ្យ​មាន​សុវត្ថិភាព​យ៉ាង​កក់ក្តៅ នៅ​តាម​ផ្លូវ ក្នុង​ន័យ​ថា រឹតបន្តឹង​មែនទែន ទណ្ឌកម្ម​ទៅ​លើ​ពួក​បើក​រថយន្ត​ណា​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ រហូត​ដល់​ផ្តាច់​ជីវិត​មនុស្ស។ ដ្បិត ទង្វើ​គេ តាម​ធាតុ​ពិត​ដែល​មាន គឺ​ជា​ឧក្រិដ្ឋកម្ម​តាម​បទព្រហ្មទណ្ឌ ឥត​ប្រកែក​បាន។ សំនើ​នេះ​របស់​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី នៅ​ថ្ងៃ២៤ កញ្ញា​ដដែល តាមរយៈ​អ្នកនាំពាក្យ​ផ្លូវការ​របស់​ប្រធានាធិបតី​រុស្ស៊ី​បាន​ទទួល​ការ​គាំទ្រ​ពេញទី ពី​ខាង​វិមាន​ក្រេមឡាំង។
 
គួរ​និយាយ​ថា ច្បាប់​រុស្ស៊ី​សព្វថ្ងៃ​ថ្កោលទោស​អ្នកបើក​រថយន្ត​ស្រវឹង ចំពោះ​ករណី​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ធ្លាក់​ខ្លួន​ស្លាប់ គឺ​ឲ្យ​ជាប់​ពន្ធនាគារ យ៉ាង​យូរ​ណាស់​ត្រឹម ៩ ឆ្នាំ។ ម៉្លោះ​ហើយ បាន​ជា​ពួក​អ្នកតំណាងរាស្ត្រ មាន​ភាគច្រើន​ដាច់ខាត​ខាង​បក្ស​កាន់អំណាច​ដល់​ទៅ ២៣៨សម្លេង លើ ៤៥០ អាសនៈ​ក្នុង​ន័យ​មួលខ្ចៅ​បន្តឹង​នេះ នឹង​ដាក់​ជូន​សភា​ឌូម៉ា​អនុម័ត គឺ​គម្រោង​ច្បាប់​ដែល​ប្រមើល​បង្កើន​ការ​ថ្កោលទោស​នោះ ឲ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី ១៥ឆ្នាំ​ឡើង​ទៅ រហូត​ដល់​មួយ​ជីវិត។ ជា​ឧទាហរណ៍ គេ​ថា​ច្បាប់​នៅ​ប្រទេស​ចិន និង​ប្រទេស​ថៃ ប្រមើល​ការ​ថ្កោលទោស​បែប​នេះ មិន​គ្រាន់​តែ​ឲ្យ​ជាប់​គុក​មួយ​ជីវិត​ប៉ុណ្ណោះ​ទេ តែ​គឺ​រហូត​ដល់​ប្រហារ​ជីវិត​តែ​ម្តង។ តាម​តួលេខ​មហាផ្ទៃ នៅ​រុស្ស៊ី គិត​ជា​មធ្យម​ក្នុង​១ថ្ងៃៗ មាន​មនុស្ស​ប្រមាណ ១០០នាក់ ធ្លាក់​ខ្លួន​ស្លាប់​នៅ​តាម​ផ្លូវ​នៃ​ប្រទេស។ ក្នុង​៨ឆ្នាំ​ចុងក្រោយ មាន​ស្លាប់​អស់ ៣០០.០០០នាក់ គឺ​ស្មើ​នឹង​បណ្តាជន​ក្រុង​មួយ៕

 

tags: រុស្ស៊ី
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close