អានតួអត្ថបទ
កម្ពុជា​

ស្លាប់​៣៧៥​នាក់ របួស​៧៥៥​នាក់​នៅ​ថ្ងៃ​បិទ​បញ្ចប់​ពិធី​បុណ្យ​អុំទូក

បុណ្យ​អុំទូក​បាន​បិទ​បញ្ចប់​ជាមួយ​សោកនាដកម្ម​ដែល​មិន​ធា្លប់​មាន​ក្នុង​រយៈពេល​៣០​ឆ្នាំ​មក​នេះ។ មនុស្ស​៣៧៥​នាក់​បាន​ស្លាប់ និង​ជាង​៧០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ស្រាល និង​ធ្ងន់​នៅ​ក្នុង​ឧបទ្ទវហេតុ​មួយ​នៅ​លើ​ស្ពាន​ពេជ្រ។ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ជាច្រើន ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​ជន​រងគ្រោះ ទាំង​អ្នក​ស្លាប់​បាត់​បង់​ជីវិត និង​អ្នក​រួច​ផុត​ពី​ការ​ស្លាប់។ ឧបទ្ទវហេតុ​បាន​កើត​ឡើង​នៅ​លើ​ស្ពាន​មួយ​ឆ្លង​ទៅ​កោះ​ពេជ្រ​ទល់​មុខ​ក្រសួង​ការបរទេស នៅ​ម៉ោង​៩​យប់ ថ្ងៃ​ចន្ទ​ទី​២២​ខែ​វិច្ឆិកា​ម្សិលមិញ។ មនុស្ស​រាប់​ពាន់​នាក់​បាន​ឆ្លង​ទៅ​ឆ្លង​មក​នៅ​លើ​ស្ពាន ជា​ហេតុ​ដែល​បណ្តាល​អោយ​មាន​ការ​ចង្អៀត ណែន​ក្តន់​ តាន់តាប់ ហើយ​អ្នក​ខ្លះ​ក៏​ដួល​សន្លប់ បង្ក​បង្កើតឲ្យ​មាន​ការឆោឡោ ស្រវេស្រវា​ជាន់​គ្នា​តែម្តង នេះ​បើ​តាម​ការសន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច។

មឈូស​ដាក់​សាកសព​ជន​រងគ្រោះ
មឈូស​ដាក់​សាកសព​ជន​រងគ្រោះ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

04:17

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

តួលេខ​ចុងក្រោយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​បាន​អោយដឹង​ថា អ្នក​បាត់បង់​ជីវិត​បាន​កើន​ឡើង​រហូត​ដល់​៣៧៥​នាក់ រីឯ​អ្នក​រងរបួស​បាន​កើន​ឡើង​ដល់​៧៥៥​នាក់។ បើ​យោង​តាម​ការ​អះអាង​របស់​អាជ្ញាធរ​ ជន​រងគ្រោះ​ដែល​បាត់បង់​ជីវិត​មាន​ភាគ​ច្រើន​មក​ពី​តាម​បណ្តា​ខេត្ត។ នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ អ្នក​ស្លាប់​មាន​ជាង​១៣០​នាក់។

            សេចក្តី​សន្និដ្ឋាន​ផ្លូវការ​ចុង​ក្រោយ​នោះ​នៅ​មិន​ទាន់​ចេញ​នៅ​ឡើយ។ រហូត​ដល់​ពេល​នេះ​មាន​តែ​ការ​សន្និដ្ឋាន​បឋម ដែល​អាជ្ញាធរ​បាន​សង្ស័យ​ទៅ​លើ ការ​ដែល​មាន​មនុស្ស​ច្រើន​ជ្រុល​នៅ​លើ​ស្ពាន​ពេជ្រ​នោះ ដែល​បង្ក​អោយ​មាន​ការ​ហប់ ស្ទះ​ខ្យល់ ធ្វើ​អោយ​អ្នក​ខ្លះ​ដួល​សន្លប់ ហើយ​ក៏​កើត​មាន​ការ​ផ្អើល​ជាន់​គ្នា​តែ​ម្តង នៅ​លើ​ស្ពាន​នោះ។

ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត​រក​មូលហេតុ​នៃ​ឧបទ្ទវហេតុ​នេះ​ដដែល អាជ្ញាធរ​ក៏​កំពុង​ជួប​សម្ភាសន៍​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​អោយ​រស់រាន​មាន​ជីវិត ដើម្បី​ស្វែង​រក​មូលហេតុ​ពិតប្រាកដ​អោយ​ឃើញ។ ក្រុម​អាជ្ញាធរ​ក៏​បាន​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​ជាទូទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ ជា​ពិសេស​អ្នក​ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ ដើម្បី​អោយ​ពួក​គេ​សហការ​ផ្តល់​ព័ត៌មាន​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ផង​ដែរ អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​យប់​ម្សិលមិញ​នោះ។

            បើទោះណា​ជា​មិនទាន់​មាន​ការ​សន្និដ្ឋាន​ផ្លូវការ​ចុង​ក្រោយ​អំពី​មូលហេតុ​ដែល​បង្ក​អោយ​មាន​ឧបទ្ទវហេតុ​​សោកនាដកម្ម​ក៏​ដោយ ប៉ុន្តែ​កាល​ពី​យប់មិញ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​អះអាង​រួច​ហើយ​ថា ឧបទ្ទវហេតុ​នេះ​មិនមាន​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នោះ​ឡើយ។ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​អោយ​វិនិយោគិន និង​ប្រជាពលរដ្ឋ​ប្រកប​របរ​អាជីវកម្ម​របស់​ខ្លួន​តាម​ធម្មតា។

            អ្វីដែល​ត្រូវ​បាន​ធ្វើ​ជា​ប្រចាំ​នោះ គឺ​ការ​ផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​ចំនួន​ប្រមាណ​១៥​ខ្សែ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ដែល​មាន​សាច់​ញាតិ​បាត់​ខ្លួន ហើយ​សង្ស័យ​ថា អាច​ស្ថិត​នៅ​ក្នុង​ឧបទ្ទវហេតុ​កាលពី​យប់មិញ​នោះ អាច​ទូរស័ព្ទ​សួរ​ព័ត៌មាន​នានា។ វិធានការ​ចាំបាច់​ផ្សេង​ទៀត ដែល​ជា​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​តែ​ម្តង​គឺ ការ​បង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​ជាច្រើន​ដែល​ទទួល​បន្ទុក​ក្នុងការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ ចាត់ចែង​បញ្ជូន​សាកសព​ទៅ​ភូមិ​ឋាន​របស់​ពួកគេ ចាត់ចែង​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព ការ​ធ្វើ​កោសលវិច័យ​លើ​សាកសព និង​ស៊ើប​អង្កេត​អំពី​មូលហេតុ​នៃ​ឧបទ្ទវហេតុ។ អ្នក​ដែល​ពាក់ព័ន្ធ​ចាត់ចែង​ការងារ​ទាំងអស់​នេះ មាន​សុទ្ធ​តែ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ​នៃ​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​មេ​ប៉ូលិស​ផង​ដែរ។

            ជាសេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ផង​ដែរ គឺ​នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៥ ខាន​ស្អែក​នេះ រដ្ឋាភិបាល​បាន​ប្រកាស​កំណត់​យក ថា​ជា​ថ្ងៃ​កាន់​ទុក្ខ​ទូទាំង​ប្រទេស​តែ​ម្តង ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព ហើយ​ថា​នៅ​គ្រប់​ស្ថាប័ន​រដ្ឋ​ត្រូវ​ទម្លាក់​ទង់​ជាតិ​នៅ​ត្រឹម​ពាក់​កណ្តាល​ដង​ទង់។

            រហូត​ដល់​ពេល​នេះ អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ពី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​នោះ គឺ​មាន​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ដែល​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ និង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​៣​ម៉ឺន​ដុល្លារ​សម្រាប់​ជា​ជំនួយ​សង្គ្រោះ​បន្ទាន់។ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដូចគ្នា ក៏​មាន​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ប្រ៊ុយណេ​ក៏​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​មក​កម្ពុជា​ដែរ។ ក្រៅពីនេះ ក៏​មាន​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​ក៏​បាន​ផ្ញើ​សារ​រំលែកទុក្ខ​មក​កម្ពុជា​រួច​ហើយ​ដែរ។

            ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​វិញ រដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល និង​ព្រះ​មហាក្សត្រ ព្រះអង្គ​ថ្វាយ​២០០​ដុល្លារ​អាមេរិក​សម្រាប់​គ្រួសារ​សព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ