កូរ៉េខាង​ជើង-ចិន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 03 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 03 សីហា 2012

អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ចិន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង

លោក គីម​ជុង​អ៊ុន ថត​រូប​ជាមួយ​គណៈប្រតិភូ​ជាន់​ខ្ពស់​ចិន នៅ​ទីក្រុង​ព្យុងយ៉ាង ថ្ងៃទី ២ សីហា ២០១២
លោក គីម​ជុង​អ៊ុន ថត​រូប​ជាមួយ​គណៈប្រតិភូ​ជាន់​ខ្ពស់​ចិន នៅ​ទីក្រុង​ព្យុងយ៉ាង ថ្ងៃទី ២ សីហា ២០១២
© Reuters

ដោយ អៀង សុខម៉ិញ

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក គីម ជុងអ៊ុន អគ្គមគ្គុទ្ទេសក៍​កូរ៉េខាង​ជើង បាន​ជួប​ពិភាក្សា​ ជាមួយ​នឹង​អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ចិន ជា​ផ្លូវការ​ លើក​ទី​មួយ នៅទីក្រុង​ព្យុងយ៉ាង។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវ​ការ​ នៅ​ថ្ងៃ​សុក្រ​ទី ០៣ សីហា​២០១២​នេះ។

 

លោក Wang Jiarui ប្រធាន​នាយកដ្ឋាន​ទទួល​បន្ទុក​​កិច្ច​ការ​អន្តរជាតិ​នៃ​បក្ស​កុម្មុយនិស្ត​ចិន ជា​​ឥស្សរជន​នយោបាយ ​បរទេស ទី​មួយ ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ នៅទីក្រុង​ព្យ៉ុងយ៉ាង គិត​ចាប់​ពី លោក​ គីម​ ជុងអ៊ុន ​បាន​ឡើង​កាន់​អំណាច​ជា​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​ (ក្រោយ​មរណភាព​របស់ លោក គីម ជុង​អ៊ីល​ នៅ​ចុង​ឆ្នាំ​២០១១​មក)។ 
 
ក្នុង​ឱកាស​ជួប​ប្រាស្រ័យ​​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ លោក គីម​ជុងអ៊ុន បាន​ប្រកាស​ អំពី​ចេតនា​គ្មាន​វៀចវេ របស់​កូរ៉េខាង​ជើង រិត​ចំណង​មិត្តភាព​ ដែល​មាន​តាំង​ពី​សម័យ​ឪពុក​លោក ឱ្យ​កាន់​តែ​ស្អិត​ល្មួត​ថែម​ទៀត។ ប្រមុខ​ដឹកនាំ​ប្រទេស​ វ័យ​​មិន​ទាន់​៣០​ឆ្នាំ របស់​កូរ៉េខាង​ជើង​ ដែល​បាន​ផ្តាំ​ផ្ញើ​​​ការ​គោរព​​រាប់​អាន​របស់​លោក​ទៅ​កាន់​ប្រធានាធិបតី​ ហូជិនតាវ តាម​រយៈ​គណៈប្រតិភូ​ចិន​នេះ ក៏​បាន​បញ្ជាក់​អំពី​ជំហរ​ដឹក​នាំ​របស់​លោក​នាំ​កូរ៉េខាង​ជើង​ឱ្យ​ស្គាល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​មាន​មធ្យោបាយ​រស់​នៅ​ប្រសើរ​ឡើង ប្រជាជន​​អាច​រស់​ដោយ​​រីករាយ​ និង​ទាន់​សម័យ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ផ្លូវការ​ចិន​ថ្មី។ ចំណែក​ភាគី​ចិន​វិញ តាម​រយៈ​លោក​វង់ នេះ​ជា​ទស្សនកិច្ច​ដើម្បី​ពង្រឹង​​ទំនាក់ទំនង​ជាន់​ខ្ពស់​ផង រវាង​បក្ស​និង​បក្ស​ផង ព្រម​ទាំង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ទៀត។ ប៉ុន្តែ​​ពុំ​ឃើញ​មាន​ការ​ប្រកាស​ផ្តល់​ជំនួយ​ដល់​ជន​រង​គ្រោះ​ទឹក​ជំនន់​នៅ​កូរ៉េខា​ងជើង​ទេ។
 
ចិនសម្ព័ន្ធ​មិត្ត​ដ៏​មាន​ឥទ្ធិពល​​តែ​មួយ​គត់​ ​លើ​កូរ៉េខាង​ជើង ជា​ដៃគូ​ពាណិជ្ជកម្ម​ ​សេដ្ឋកិច្ច​ដ៏​​សកម្មបំផុត​ ពិសេស​ខាង​ផ្នែក​វិនិយោគ​​ ធ្លាប់​បាន​សាកល្បង​បញ្ចុះ​បញ្ចូល​លោក គីម ជុង​អ៊ីល​ ឱ្យ​បើក​ចំហ​សេដ្ឋកិច្ច​ ដោយ​យក​គំរូ​តាម​ក្រុង​ប៉េកាំង ប៉ុន្តែ​​អនុសាសន៍​នេះ​ ហាក់​មិន​ត្រូវ​បាន​អនុវត្ត​តាម​ឡើយ។ ហើយ​បើ​តាម​អ្នក​ឯកទេស លោក​ គីម​ជុងអ៊ុន ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​បួន​លើក​ កាលពី​សម័យ​ឪពុក​នៅ​រស់ ក៏​នឹង​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ចិន​វិញ​ ជា​លើក​ទី​មួយ​ក្នុង​នាម​ជា​អគ្គមគ្គុទេសក៍​កុម្មុយនិស្ត​កូរ៉េខាង​ជើង​ នាពេល​ឆាប់ៗ​ខាង​មុខ​នេះ៕​

 

tags: កូរ៉េ​ខាង​ជើង - ចិន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close