ការប្រយុទ្ធគ្នារវាងអ្នកបង្កើតគេហទំព័រផ្ទាល់ខ្លួននិងរដ្ឋអំណាច

នៅពេលដែលកើតមានឧប្បត្តិហេតុជាមួយនគរបាលនៅតំបន់ Hung Yen ជិតទីក្រុងហាណូយ អ្នកបង្កើតគេហទំព័រផ្ទាល់ខ្លួនបានពួនលាក់ខ្លួនជាស្រេចទៅហើយនៅពីក្រោយដើមឈើលួចថតរូបជាភស្តុតាងផ្ញើផ្សព្វផ្សាយតាមអ៊ីនធ័រនែត។ ថ្វីដ្បិតតែឯកសារភស្តុតាងទាំងនោះមានគុណភាពអន់ ក៏ប៉ុន្តែវាមានតម្លៃនយោបាយដ៏សំខាន់។
នៅក្នុងប្រទេសមួយដូចជាប្រទេសវៀតណាមដែលរដ្ឋអំណាចក្តោបក្តាប់ត្រួតពិនិត្យទៅលើប្រព័ន្ធព័ត៌មាន អ៊ីនធ័រនែតគឺជាឱកាសនិងជាលំហប្រយុទ្ធមួយដ៏ប្រពៃសម្រាប់សកម្មជន។ ជាពិសេសនៅខណៈពេលដែលកើតមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងបាតុករនិងកងកម្លាំងរក្សាសន្តិសុខនៅក្នុងខេត្តមួយឋិតនៅប៉ែកខាងជើងនៃប្រទេសវៀតណាម ដែលប្រជាកសិករបានត្រូវរដ្ឋអំណាចបណ្តេញចេញនិងរឹបអូសយកដីធ្លី។
សកម្មជនវៀតណាមម្នាក់ដែលមិនបញ្ចេញឈ្មោះពិតរបស់ខ្លួនបានថ្លែងពន្យល់ថា “នគរបាលបានតាមឃ្លាំមើលខ្ញុំ អ្វីដែលខ្ញុំបានសរសេរគេបានរក្សាទុក ហើយគេបានតាមឃ្លាំមើលរាល់អ្នកបង្កើតគេហទំព័រផ្ទាល់ខ្លួនដែលប្រឆាំងរដ្ឋអំណាច”។
សម្រាប់អ្នកយកការណ៍គ្មានព្រំដែន Reporters sans Frontières ប្រទេសវៀតណាមបានត្រូវគេចាត់ទុកថាជាប្រទេសបច្ចាមិត្តរបស់អ៊ីនធ័រនែត ហើយរដ្ឋអំណាចវៀតណាមកំពុងរៀបចំតាក់តែងច្បាប់សម្រាប់ធ្វើការត្រួតពិនិត្យទៅលើប្រព័ន្ធអ៊ិនធ័រនែត។
អត្ថបទច្បាប់នោះគ្រោងធ្វើការបង្ខំឲ្យអ្នកបង្កើតគេហទំព័រផ្ទាល់ខ្លួនបង្ហាញឈ្មោះនិងអាសយដ្ឋានពិតរបស់ខ្លួន។ ក៏ប៉ុន្តែសម្រាប់អ្នកបង្កើតគេហទំព័រផ្ទាល់ខ្លួន គេនៅតែមានមធ្យោបាយសម្រាប់គេចចៀសពីការបង្ខំនិងត្រួតពិនិត្យរបស់អាជ្ញាធរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ