អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សម្តេច​សង្ឃកាតូលិក​ប៉ាប​ហ្វ្រង់ស៊័រ​ទទួលជួប​ប្រធានាធិបតី​អាមេរិក​ជាលើក​ទី១​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​​​ព្រហស្បតិ៍​២៧មីនា​នេះ នៅ​បុរី​វ៉ាទីកង់​ ​សម្តេចសង្ឈកាតូលិក ប៉ាប​ ហ្វ្រង់ស៊័រ បាន​​ទទួល​ស្វាគមន៍​​ប្រធានាធិបតី​អាមេរិក​ អូបាម៉ា ជាលើកទីមួយ​ ប្រកប​ដោយភាព​កក់ក្តៅ។ ​ជំនួប​រវាង​សម្តេច​ប៉ាប​និង​លោកអូបាម៉ា ​​ធ្វើឡើង​ក្នុង​​ឱកាសលោក​អូបាម៉ា​បំពេញ​​ទស្សនកិច្ច​​​នៅ​អឺរ៉ុប និង​អារ៉ាប៊ីសាអូឌីត ក្នុងពេល​អ៊ុយក្រែន​កំពុង​ជួបវិបត្តិ និង​ពេល​មានការពិភាក្សា​លើ​សំណុំ​រឿង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់។ ថ្វី​បើ​សម្តេច​សង្ឃ​ប៉ាប​ហ្វ្រង់ស៊័រ និង​លោក​អូបាម៉ា​មាន​ការយល់ឃើញ​ផ្ទុយ​គ្នា​​ទាក់ទង​នឹង​បញ្ហា​សីលធម៌​សង្គម​មួយចំនួន​ ប៉ុន្តែ​ អ្នក​ទាំង២​​មាន​គោលការណ៍​តែមួយ គឺ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការកើនឡើង​នៃ​វិសមភាព​សង្គម។

ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​សម្តេច​សង្ឃកាតូលិក ប៉ាប ហ្វ្រង៊ស៊័រ​ នៅបុរី​វ៉ាទីកង់ ថ្ងៃ​ព្រហស្បតិ៍​២៧មីនា។
ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​សម្តេច​សង្ឃកាតូលិក ប៉ាប ហ្វ្រង៊ស៊័រ​ នៅបុរី​វ៉ាទីកង់ ថ្ងៃ​ព្រហស្បតិ៍​២៧មីនា។ REUTERS/Gabriel Bouys
ផ្សាយពាណិជ្ជកម្ម

លោក​អូបាម៉ា​អន្ទះសារ​ចង់ជួប​សម្តេច​សង្ឃប៉ាប​កាតូលិក​​ហ្វ្រង់ស៊័រ​

 
តាំង​តែ​ពី​ខែ​មករា​​ដើមឆ្នាំ​ ​លោក​អូបាម៉ាធ្លាប់​​បាន​ប្រាប់​ថា លោក​ចង់ជួប​សម្តេច​សង្ឃ​ប៉ាប​ហ្វ្រង់ស៊័រ​។ ​លោក​អូបាម៉ា​តែង​កោតសរសើរ​​​​គោលជំហរ​របស់​សម្តេច​សង្ឃប៉ាប​កាតូលិក​ដែល​តែង​ថ្កោលទោស​ចំពោះ​​ការកើនឡើង​នៃ​វិសមភាព​សង្គម ពោលគឺ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ ឬ​ក៏​អំពើពុករលួយ​ផ្សេងៗ​។ តាំងតែ​ពី​ពេលដំបូង​ ​​ពេល​​​សម្តេច​សង្ឃប៉ាប​ហ្វ្រង់ស៊័រ បានជាប់ឆ្នោត​​​​គ្រប់គ្រង​បុរី​វ៉ាទីកង់​ នៅ​ខែមីនា ឆ្នាំ​២០១៣ សម្តេច​សង្ឃ​​ប៉ាប​ហ្វ្រង់ស៊័រ​បាន​​គូសបញ្ជាក់​​ពី​​អាទិភាព​​​​​​នៃ​កិច្ចការងារ​របស់​ព្រះអង្គ​​ ក្នុង​ការ​​​ប្រយុទ្ធ​ប្រឆាំង​ភាពក្រីក្រ បញ្ហា​អន្តោប្រវេសន៍​ និង​បញ្ហា​សង្គម​ផ្សេងទៀត។ កាលពី​ខែ​កក្កដា​ឆ្នាំមុន​ សម្តេច​សង្ឃ​ប៉ាប បាន​ធ្វើ​កំណែទម្រង់​ច្បា​ប់​ព្រហ្ម​ទណ្ឌ​បុរី​វ៉ាទីកង់ ​​​​រឹត​បន្តឹង​ទណ្ឌកម្ម​ប្រឆាំង​អំពើ​អានាចារ​ លើ​កុមារ​និង​​ពង្រឹងដាក់ទោស​លើ​អំពើ​ពុករលួយ រឺ​ការលាងលុយ​កខ្វក់​ ដែល​បុរី​វ៉ាទីកង់​​​ធ្លាប់​ជួបប្រទះ​ក្នុង​ពេល​កន្លងមក​នោះ។ ច្បាប់​នេះ​ចូលជាធរមាន​កាលពី​ខែ​កញ្ញា​ អនុវត្ត​លើ​គ្រប់​សមាជិក​​រដ្ឋាភិបាល​កណ្តាល​បុរី​​វ៉ាទីកង់​ មន្ត្រី​ទូត​ បុគ្គលិក​​ ​អង្គការ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បុរីវ៉ាទីកង់ មិន​ថា​នៅ​ក្នុង​ឬ​ក្រៅ​ដែន​ដី​នេះ​ទេ។

លោក​អូបាម៉ា​កោតសរសើរ​ឥតដាច់ពីមាត់ ថា​សម្តេច​ប៉ាប​​ជាអ្នកតំណាង​ការ​ប្រៀនប្រដៅ​របស់​ព្រះយេស៊ូ ហើយ​សកម្មភាព​​សម្តេច​សង្ឃប៉ាប​​​​​​ផ្តល់​ក្តីសង្ឃឹមមិនត្រឹម​តែ​សម្រាប់​​​​អ្នកកាន់​សាសនា​គ្រិស្ត​ប៉ុណ្ណោះទេ តែ​សម្រាប់​គ្រប់​បណ្តា​ជន​​ដែល​ប្រណិបត្តិ​​ សាសនា​ផ្សេងទៀត​លើពិភព​លោកផងដែរ។ ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ប្រាប់ថា ក្នុង​ជំនួប​ជាមួយសម្តេច​សង្ឃប៉ាប​នៅថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ត្រងត្រាប់​​ស្តាប់​ដីកា​សម្តេច​សង្ឃប៉ាប​កាតូលិក ព្រោះថាគំនិត​របស់​សម្តេច​សង្ឃប៉ាប​​​មាន​តម្លៃខ្លាំង​ណាស់ ដើម្បី​អោយ​លោក​អូបាម៉ា​បាន​ស្វែង​យល់​ពី​យុទ្ធសាស្ត្រ​ដែល​ត្រូវ​​​​ធ្វើ ដើម្បី​ទទួលបាន​ជោគជ័យក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​​​ភាពក្រីក្រ​។

មុនពេល​ជួប​លោក​អូបាម៉ា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្តេច​សង្ឃ​ប៉ាប​ក៏បាន​ទទួល​ជួប​សមាជិក​សភា​​អ៊ីតាលី​ជិត៥០០នាក់​​ និង​រដ្ឋមន្ត្រី​អ៊ីតាលី​៩រូបផងដែរ។ នៅចំពោះ​មុខ​​អ្នកនយោបាយ​អ៊ីតាលី ​សម្តេច​សង្ឃ​​កាតូលិក​​​​​មិនបាន​​ញញើត​ញញើម​នឹង​​រិះគន់​​អំពើ​ពុក​រលួយ​​ ​និង​ការឃ្លាតឆ្ងាយ​​របស់​អ្នកនយោបាយ​ពី​ប្រជាជនសោះឡើយ។ លោក​លើកឡើង​ថា អំពើបាប​តូចតាច​អាច​នឹង​ធ្វើអោយ​មនុស្ស​​​​រងយាយី​ដោយ​អំពើ​ពុករលួយ​បាន។

 
ទស្សនៈ​ផ្ទុយគ្នាស្តីពី​សីលធម៌​សង្គម ​​រវាង​សម្តេច​ប៉ាប​​ហ្វ្រង់ស៊័រ និង​ប្រធានាធិបតី​អាមេរិក​

ទោះជាមានទិសដៅ​ដូចគ្នា​​ ក្នុង​ការ​​ប្រយុទ្ធវិសមភាព​សង្គម​ និង​កំចាត់​អំពើពុករលួយ​បែបនេះ​​​ក្តី​ ​សម្តេច​ប៉ាប​ហ្វ្រង់ស៊័រ​​ ​និង​លោក​អូបាម៉ា​មានទស្សនៈ​ផ្ទុយគ្នា​ចំពោះ​បញ្ហា​សីលធម៌​សង្គម​មួយចំនួន។ ​ជាក់ស្តែង ​នយោបាយ​កំណែទម្រង់​របស់​លោក​អូបាម៉ា​​​ ​មានទិសដៅ​ជួយជាថវិកា​សង​ដល់​​ស្ត្រី​ដែល​ធ្វើ​ការរំលូត​កូននៅ​ពេទ្យ​ រឺ​ក៏​យល់ស្រប​អោយ​មាន​​ការរៀបអាពាហ៍ពិពាហ៍​រវាង​អ្នកស្រលាញ់​ភេទ​ដូចគ្នា​។ នយោបាយ​នេះ​គឺផ្ទុយ​ស្រឡះ​ពី​គោលការណ៍​សីលធម៌​របស់​បុរី​វ៉ាទីកង់ ដែល​មិនគាំទ្រ​សោះឡើយ នូវ​ការស្រលាញ់​ភេទ​ដូចគ្នា រឺក៏​ការ​រំលូតកូន ​ដែល​ប្រៀប​បាន​ទៅ​នឹង​ឃាតកម្ម​លើ​​​អាយុជីវិត​មនុស្ស​ម្នាក់​ដូច្នោះដែរនោះ។ គួរបញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំ​២០០៩ លោក​អូបាម៉ា​ក៏ធ្លាប់​​ ​សម្តេច​សង្ឃ​ប៉ាប បឺន័រ ១៦ Benoît XVI ទទួលជួប​ផងដែរ។ កាលណោះ​សម្តេច​ប៉ាប​បឺន័រ ក៏​មិនយល់ស្រប​​ពី​រឿងរំលូត​កូន និង​ការ​រៀបការ​​រវាង​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​នេះ​ដែរ។

 
ប្រធានបទ​ផ្សេងៗដែល​ត្រូវ​លើក​មកពិភាក្សា​ក្នុង​​​ជំនួប​

ដោយឡែក ​ប្រធាន​បទ​ពិភាក្សា​​​រវាង​លោក​អូបាម៉ា និង​សម្តេច​សង្ឃ​ប៉ាប​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​ក៏ត្រូវ​​​ផ្តោត​លើ​ក​បញ្ហា​ស៊ីរី វិបត្តិ​អ៊ុយក្រែន បញ្ហា​អ៊ីស្រាអែល​ប៉ាឡេស្ទីន ​រឺ​ក៏​អំពើ​ហិង្សា​នៅ​អាហ្វ្រិក​កណ្តាល​ផងដែរ។​​​ ​សម្តេច​សង្ឃ​កាតូលិក​ធ្លាប់​​ជំទាស់​ដាច់អហង្ការ​​ចំពោះ​អន្តរាគមន៍​យោធា​ដែល​អាមេរិក​ចង់ធ្វើ​នៅស៊ីរី ក្នុងពេល​កន្លងមក។ ​សម្តេច​សង្ឃ​ប៉ាប​​​ក៏​​ត្រូវ​​​លើក​និយាយ​ពី​​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​ព្រំដែនអាមេរិក​និង​​​​​​ម៉ិចស៊ិក​​ ជាមួយ​លោក​អូបាម៉ា ផងដែរ។

 
ផលប្រយោជន៍​​​នយោបាយ​ដែល​​លោក​អូបាម៉ា​អាច​ចំណេញ​​បាន​​ពី​ជំនួប​ជាមួយ​សម្តេច​សង្ឃកាតូលិក
 
ក្រៅពី​​ទទួលបាន​​ដីកា​ជា​គំនិតជា​ដំបូន្មាន ដើម្បី​ប្រយុទ្ធនឹង​វិសមភាព​សង្គម​ក្នុង​ស្រុក​នោះ លោក​អូបាម៉ា​ក៏​អាច​ទទួល​បាន​ប្រយោជន៍​ផ្សេងទៀត​ ​សម្រាប់​គោលនយោបាយ​​លោក នៅអាមេរិក​និង​លើ​ឆាក​អន្តរជាតិ​ដែរ។ ដោយសារ​តែ​​​​សម្តេច​សង្ឃ​ប៉ាប ​ហ្វ្រង់ស៊័រ ​មាន​ឈ្មោះ​​​ល្បី​ខ្ពង់ខ្ពស់​​ ដូច្នេះ​ហើយ ទើប​បាន​ជា​ជំនួប​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ធ្វើអោយ​លោក​អូបាម៉ា​ទទួលការចាប់អារម្មណ៍​​គ្រប់ទិសទី​​ ហើយកម្រិត​ប្រជាប្រិយភាព​របស់​​​លោក​អូបាម៉ា​​ក៏​អាច​នឹង​កើនឡើង​ផងដែរ​។ ​​​នៅ​សហរដ្ឋ​អាមេរិក​ អ្នកកាន់​សាសនា​កាតូលិក មាន​៧០​លាននាក់ ត្រូវ​នឹង​មួយភាគ៤​នៃ​ប្រជាជន​សរុប​ដែល​មានចំនួន​ជិត​៣១៤លាន​នាក់។ អ្នកកាន់សាសនា​កាតូលិក​៨៥ភាគរយ នៅ​អាមេរិក​​ ស្រលាញ់​គោរព​សម្តេច​សង្ឃ​ប៉ាប​ហ្វ្រង់ស៊័រ​ ហើយប្រជាជន​អាមេរិ​កដែល​ស្រលាញ់​គោរព​សម្តេច​សង្ឃប៉ាប​​ហ្វ្រង់ស៊័រ មានដល់​៦៣ភាគរយ​ឯណោះ។

ការដែល​​​​សម្តេច​ប៉ាបធ្លាប់​​បរិហារ​ពី​ផលវិបាក​បង្កឡើង​ដោយ​​​ប្រាក់កាស​នោះ មិនសូវ​ជា​ធ្វើអោយ​​​អ្នក​​​​អភិរក្ស​និយម​ជ្រុល​​អាមេរិក​​ចូលចិត្ត​ប៉ុន្មាន​ទេ ពួកគេ​ថែមទាំង​ថា​ សម្តេច​ប៉ាប​​មាន​ទស្សនៈ​​កុម្មុយនិស្ត​ទៀតផង។ ប៉ុន្តែ​អ្នកនយោបាយ​កាតូលិក​មាន​គំនិត​សង្គមជឿនលឿន បានគាំទ្រ​សម្តេច​ប៉ាប​។ ទោះ​​មានការបែងចែក​បក្សពួក​និង​យល់​ផ្ទុយគ្នា​​ពី​សម្តេច​ប៉ាប​ក្តី ក៏​សម្តេច​ប៉ាប​ទទួលប្រជាប្រិយភាព​និង​ការគាំទ្រ​ខ្ពស់​​​ពី​ប្រជាជន​​​អាមេរិក​គ្រប់និន្នាការ​នយោបាយ​ផងដែរ។ ដូច្នេះ ការលើកឡើង​អ្វីមួយ​​របស់​សម្តេច​ប៉ាប​ហ្វ្រង់ស៊័រ ​ ទៅកាន់​លោក​អូបាម៉ា នៅថ្ងៃ​នេះ ​គឺ​មានតម្លៃ​ណាស់។​ មានតម្លៃ​សម្រាប់​នយោបាយលោកអូបាម៉ា ក្នុង​ការ​​​​ប្រយុទ្ធ​វិសមភាព​សង្គម​ ​នយោបាយ​​សមភាព​នៃ​ការបង់ពន្ធ​​ជួយគ្រួសារ​អាមេរិក​ដែល​មានជីវភាព​មធ្យម ព្រោះថា នយោបាយ​​ទាំងនេះ​ធ្វើអោយ​​លោក​អូបាម៉ា​​ ត្រូវ​ប្រឈម​នឹង​​សមាជិក​សភា​​​ជាន់ទាប​ដែល​ភាគច្រើន​ជា​សមាជិក​​​បក្ស​ប្រឆាំង។

អាមេរិក​និង​បុរីវ៉ាទីកង់​មានទំនាក់ទំនង​ការទូត​គ្នា​៣០ឆ្នាំ មកហើយ។ ថ្ងៃ​នេះ ​លោក​អូបាម៉ា​ប្រហែល​​អាច​​​អញ្ជើញ​សម្តេច​សង្ឃ​ប៉ាប​ហ្វ្រង់ស៊័រ អោយ​​ចូលរួម​កិច្ចប្រជុំ​គ្រួសារ​កាតូលិក​ពិភពលោក​​​ ដែល​ត្រូវ​រៀបចំ​នៅ​​Philadelphie ​ខែ​កញ្ញា​ឆ្នាំ​២០១៥ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ