កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 13 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 13 តុលា 2012

ឧត្តមសេនីយ៍​ប៉ូលិស​ផ្កាយ​បី​ម្នាក់​អស់​តំណែង​ដោយ​សារ​បញ្ហា​ដីធ្លី

​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​ប្រកាស​ដក​ប៉ូលិស​ផ្កាយ​បី​ពី​បទ​ប្រើ​អំណាច​ហួសហេតុ
​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​ប្រកាស​ដក​ប៉ូលិស​ផ្កាយ​បី​ពី​បទ​ប្រើ​អំណាច​ហួសហេតុ
© ស៊ីវ​ ចាន់ណា

ដោយ ប៉ែន បូណា

ឧត្តម​សេនីយ៍​ផ្កាយ​បី និង​ជាទី​ប្រឹក្សា​ក្រសួង​មហាផ្ទៃ ឈ្មោះ លោក ឌឿន សុវណ្ណ ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដក​តំណែង​ជា​សាធារណៈ​នៅ​ថ្ងៃ​សៅរ៍​នេះ​ដោយសារតែ​ការប្រើ​អំណាច​ក្នុង​ទំនាស់​ដីធ្លី។ ឧត្តម​សេនីយ៍​ក្រសួង​មហាផ្ទៃ​រូបនោះ​ត្រូវបាន​គេ​រាយការណ៍​ថា មានទំនាស់​ដីធ្លី ហើយ​បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ទៅ​គំរាមកំហែង​អាជ្ញាធរ និង​ក្រុមយុវជន​ស្ម័គ្រចិត្ត ​ដែល​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់។ នេះ​ជា​វិធានការ​ក្តៅ​និង​ថ្មី​មួយ​ទៀត​ចំពោះ​អ្នកបង្ក​ជម្លោះ​បញ្ហា​ដីធ្លី។

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ
 

13/10/2012

ក្នុងពេល​ចុះទៅ​ចែក​ប័ណ្ណកម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដកតំណែង​និង​បណ្តេញ​មន្ត្រី​ប៉ូលិស​ផ្កាយ​បី​ម្នាក់​គឺ​លោក ឌឿន សុវណ្ណ ចេញពី​តួនាទី​នៅក្នុង​ក្រសួង​មហាផ្ទៃ។  

 
វិធានការ​ក្តៅ និង​ជាបន្ទាន់​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​លោក​ផ្កាយ​បី​រូប​នេះ បាន​ប្រើ​តួនាទី និង​អំណាច​របស់ខ្លួន​ដើម្បី​គំរាមកំហែង​អាជ្ញាធរ មន្ត្រី​សុវិយោដី ព្រមទាំង​ក្រុមយុវជន​ស្ម័គ្រចិត្ត​ឲ្យ​វាស់វែង​ដី​ចែកជូន​គ្រួសារ​របស់ខ្លួន​ដែល​បាន​ទិញ​ដី​ពលរដ្ឋ​ចំនួន ៩ គ្រួសារ នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ឧត្តម​សេនីយ៍​ដដែល​បាន​គំរាមថា នឹង​ប្តឹងទៅ​តុលាការ​ប្រសិនបើ​ក្រុមយុវជន​ស្ម័គ្រចិត្ត​មិន​ព្រម​វាស់ដី​ជូន​គ្រួសារ​របស់លោក​ទេ​នោះ។ ការប្រើ​អំណាច​បំពាន​របស់​មន្ត្រី​មានបុណ្យ​ស័ក្តិ​បែបនេះ​បានធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ខឹងសម្បារ និង​ចាត់វិធានការ​ជាបន្ទាន់។
 
ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏បាន​ប្រកាស​ដាក់បទបញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​ឧត្តមសេនីយ៍​ខាងលើ និង​បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​តាម​ឃ្លាំ​មើល​កុំ​ឲ្យ លោក​ ឌឿន សុវណ្ណ រត់​គេច​ខ្លួន​ក្នុង​ពេល​ដែល​អាជ្ញាធរ​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ទៅ​តុលាការ។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ហៅ​ករណីនេះ​ថា​ជាការ​ប្រើ​អំណាច​បំពាន​យ៉ាងធ្ងន់ធ្ងរ​របស់​មន្ត្រីប៉ូលិស​ដែល​មិនអាច​អត់ឱន​បាន។
គួរ​បញ្ជាក់ថា ការចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ដែល​មាន​ទំនាស់​បាននិងកំពុង​បន្តធ្វើ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ចុះ​ចែ​កប័ណ្ណ​ជូន​ពលរដ្ឋ​ដោយផ្ទាល់។ នៅថ្ងៃនេះ ប្រជាពលរដ្ឋ​ចំនួន ១.០៥៧ គ្រួសារ​នៅ​ឃុំ​ជ្រៃបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បានទទួល​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ពី​ប្រមុខ​រដ្ឋាភិបាល។ ការចុះ​ចែកប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅមុន​ពេល​បោះឆ្នោត​ត្រូវបាន​គណបក្សប្រឆាំង​រិះគន់ថា បាន​ធ្វើឡើង​ដើម្បី​ប្រជាប្រិយភាព​នយោបាយ។ ប៉ុន្តែ ការចោទប្រកាន់​នេះ​ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី​បដិសេធ។
 
យុទ្ធនាការ​វាស់វែង​ដី​ដែល​កំពុង​មាន​ទំនាស់​ចែក​ជូន​ប្រជាពលរដ្ឋ​បានធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​«គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី» ដែលមាន​គោលដៅ​បញ្ចប់​ជម្លោះដីធ្លី​ដែល​កំពុង​កើតមាន​ក្តៅគគុក។ លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការងារ​របស់​ក្រុមនិស្សិត​ស្ម័គ្រ​ចិត្ត​ដែល​កំពុង​វាស់វែង​ដី​ចែកជូន​ពលរដ្ឋ​​គ្មាន​អ្នកណា​អាច​បង្គាប់​បញ្ជា​បានទេ ទោះបីជា​មន្ត្រី​នោះ​មាន​ឋានៈ​ប៉ុណ្ណា​ក៏ដោយ។ ការបណ្តេញ​​​​ឧត្តម​សេនីយ៍​ផ្កាយ​បី​ចេញពី​តំណែង​នៅពេលនេះ​ជា​ឧទាហរណ៍​ស្រាប់៕

 

tags: កម្ពុជា - ជម្លោះដីធ្លី - អំពើពុករលួយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close